ដោយៈ រ៉ាយុទ្ឋ
ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ឋសភាបានថ្លែងថា កម្ពុជា មិនខ្វះសព្វាវុធធ្វើសង្គ្រាមនោះឡើយ តែកម្ពុជាមិនចង់ធ្វើវ៉ៃនរណានោះឡើយ គឺត្រឹមការពារខ្លួនប៉ុណ្ណោះ ការចរចា និងការអនុវត្តច្បាប់អន្តរជាតិ គឺជាជម្រើសសន្តិភាព។
សម្តេចតេជោបានថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំព្រឹទ្ឋសភានាព្រឹកថ្ងៃទី១៦ មិថុនានេះ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីរំពឹងថា ប្រទេសលើពិភពលោកនឹងគាំទ្រកម្ពុជា ក្នុងការប្រើយន្តការច្បាប់អន្តរជាតិ។
សម្តេចតេជោបញ្ជាក់ថា “មានតែចោរទេ ដែលខ្លាចតុលាការ បើបរិសុទ្ធ មិនខ្លាចតុលាការនោះឡើយ”។
សម្តេចតេជោ ហ៊ុន សែន ចាត់ទុកម៉ាឡេស៊ី និងសិង្ហបុរី ជាគំរូក្នុងការដោះស្រាយបញ្ហាវិវាទ ព្រំដែនជាមួយគ្នា តាមរយៈយន្តការតុលាការយុត្តិធម៌អន្តរជាតិ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវដល់ប្រទេសនានាដែលស្រឡាញ់សន្តិភាព ហើយស្អប់សង្គ្រាម សូមគាំទ្រការប្តឹងរបស់កម្ពុជាទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា “កុំខ្លាចបើមានសុចរិតគ្រប់គ្រាន់។ សម្រាប់អ្នកមានអាថ៌កំបាំងនៅពីក្រោយ គឺមិនហ៊ានឡើងតុលាការនោះឡើយ”។
សម្តេចបន្តរំលឹកថា ជាការគាប់ជួនណាស់៦៣ឆ្នាំ កម្ពុជាបានយកឈ្នះក្តីនៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ហើយថ្ងៃដដែលម្សិលមិញ កម្ពុជា បានប្តឹងជាថ្មីទៅ ICJ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ហេតុអ្វីកម្ពុជា ត្រូវឡើងទៅ ICJ? ទៅ ICJ ព្រោះកម្ពុជា និងថៃ មិនអាចរកការស្រុះស្រួលគ្នាលើតំបន់ទាំង៤ ប្រាសាទតាមាន់ធំ តាមាន់ធំ តាក្របី និងមុំ៣៕