ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានស្នើដាក់លក់ដីសាធារណៈរាប់លានហិកតា ដើម្បីជួយផ្តល់មូលនិធិដល់ផែនការកាត់បន្ថយពន្ធ និងការចំណាយរបស់រដ្ឋបាលលោក ត្រាំ។
ផ្ទៃដីប្រហែល១,២លានហិកតាដែលជាកម្មសិទ្ធិរបស់ការិយាល័យគ្រប់គ្រងដីធ្លី និងសេវាកម្មព្រៃឈើរបស់រដ្ឋាភិបាលអាមេរិក នឹងត្រូវបានលក់ ដែលអាចកៀរគរទំហំទឹកប្រាក់ចំនួន១០ពាន់លានដុល្លារក្នុងរយៈពេល១០ឆ្នាំ។
ការលក់ដីនេះជាផ្នែកមួយនៃផែនការក្នុងការប្រមូលទំហំទឹកប្រាក់ឱ្យបានចំនួន២៩ពាន់លានដុល្លារតាមរយៈការបង្កើនការលក់ប្រេង ឧស្ម័ន ធ្យូងថ្ម រួមទាំងការខួងយកប្រេងនៅក្នុងដែនជម្រកសត្វព្រៃជាតិអាកទិករបស់រដ្ឋអាឡាស្កា។
គម្រោងលក់ដីសាធារណៈដើម្បីប៉ះប៉ូវការបាត់បង់ប្រាក់ចំណូល ដោយសារការកាត់បន្ថយពន្ធ បានបង្កឱ្យមានភាពចម្រូងចម្រាស់។ ក្នុងនោះ សំណើលក់ដីប្រមាណ៥០០.០០០ហិកតានៅរដ្ឋ Utah និងរដ្ឋ Nevada ត្រូវបានដកចេញពីសភា បន្ទាប់ពីមានការប្រឆាំងពីសមាជិកគណបក្សសាធារណរដ្ឋមួយចំនួន។
រដ្ឋបាលលោក ត្រាំ បានអះអាងថា ការលក់ដីទាំងនេះមានភាពចាំបាច់ដើម្បីផ្តល់ដីតម្លៃថោកក្នុងគោលបំណងជួយដោះស្រាយវិបត្តិលំនៅដ្ឋាន និងដើម្បីជួយរដ្ឋភាគខាងលិច ដែលកាន់កាប់ដីសាធារណៈយ៉ាងច្រើន និងស្ដារតំបន់ទាំងនោះឱ្យមានផលប្រយោជន៍សេដ្ឋកិច្ច។
គណៈកម្មាធិការថាមពលព្រឹទ្ធសភាអាមេរិកបានលើកឡើងថា ផែនការនេះនឹងប្រើប្រាស់ចំនួនមិនដល់១ភាគរយផងនៃដីសាធារណៈសម្រាប់សាងសង់លំនៅដ្ឋាន។ ផែនការនេះនឹងបង្កើតការងាររាប់ពាន់កន្លែង និងជួយឱ្យពលរដ្ឋអាមេរិករាប់លាននាក់មានផ្ទះសម្បែង និងកាត់បន្ថយឱនភាព។
ផែនការនេះមានគោលដៅស្របនឹងផែនការរបស់រដ្ឋបាលលោក ដូ ណាល់ត្រាំ ដើម្បីប្រែក្លាយដីទំនេរមិនបានប្រើប្រាស់ទៅជាតំបន់មានការអភិវឌ្ឍន៍៕