តើទីផ្សារអចលនទ្រព្យឥណ្ឌូនេស៊ីមានទស្សនវិស័យដូចម្តេចក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតី Prabowo ?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទស្សនវិស័យរបស់ទីផ្សារអចលនទ្រព្យនៅប្រទេសឥណ្ឌូនេស៊ីក្រោមការដឹកនាំនៃរដ្ឋបាលរបស់លោកប្រធានាធិបតី Prabowo Subianto អាស្រ័យលើទិសដៅគោលនយោបាយសំខាន់ៗមួយចំនួន និងកត្តាសេដ្ឋកិច្ច។

លោក Prabowo បានប្តេជ្ញាបន្តផែនការអភិវឌ្ឍន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធនានារបស់លោកអតីតប្រធានាធិបតី Joko widodo ដែលអាចគាំទ្រដល់កំណើនវិស័យអចលនទ្រព្យ ជាពិសេសនៅក្នុងទីក្រុងតូចៗ និងនៅរដ្ឋធានីថ្មី Nusantara (IKN)។

ជាធម្មតា ការពង្រីកហេដ្ឋារចនាសម្ព័ន្ធអាចជួយបង្កើនតម្លៃដីធ្លី និងជំរុញការអភិវឌ្ឍន៍គម្រោងអចលនទ្រព្យនានាជុំវិញគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនថ្មីៗ និងការបង្កើតមជ្ឈមណ្ឌលឧស្សាហកម្ម។

លោក Prabowo ក៏បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះការបន្តអភិវឌ្ឍន៍រដ្ឋធានីថ្មីរបស់ឥណ្ឌូនេសុីនៅខេត្ត East Kalimantan។ ការណ៍នេះអាចបង្កើតឱ្យមានតម្រូវការអចលនទ្រព្យផ្នែកពាណិជ្ជកម្ម និងលំនៅដ្ឋាន ដែលផ្តល់អត្ថប្រយោជន៍ដល់បណ្តាអ្នកអភិវឌ្ឍន៍ និងបណ្តាអ្នកវិនិយោគ។

យ៉ាងណាមិញ ក្រុមអ្នកវិនិយោគមានការព្រួយបារម្ភចំពោះស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយសារពើពន្ធ។ លោក Prabowo អាចនឹងបន្តគោលនយោបាយផ្តល់អាហារថ្ងៃត្រង់នៅតាមសាលារៀនដោយឥតគិតថ្លៃ ដែលអាចជះផលប៉ះពាល់ដល់ថវិកាជាតិ ប្រសិនបើមិនមានការគ្រប់គ្រងល្អប្រសើរ។

ប្រសិនបើថវិកាជាតិមិនត្រូវបានគ្រប់គ្រងយ៉ាងល្អប្រសើរទេ នោះស្ថានភាពនេះអាចធ្វើឱ្យតម្លៃប្រាក់រូពៀរបស់ឥណ្ឌូនេសុីដាំក្បាលចុះ ព្រមទាំងអាចជំរុញឱ្យធនាគារកណ្តាលឥណ្ឌូនេសុីដំឡើងអត្រាការប្រាក់ ឬបង្កផលប៉ះពាល់ដល់ទំនុកចិត្តរបស់បណ្តាអ្នកវិនិយោគ។កត្តានេះនឹងជះផលប៉ះពាល់ដល់ទីផ្សារអចលនទ្រព្យ។

រដ្ឋបាលលោក Prabowo បានបង្ហាញគោលនយោបាយបើកចំហចំពោះការវិនិយោគពីបរទេស ដោយអាចបន្ធូរបន្ថយការរឹតបន្តឹង និងជំរុញតម្រូវការអចលនទ្រព្យ ជាពិសេសនៅក្នុងផ្នែកអចលនទ្រព្យប្រណីត និងអចលនទ្រព្យពាណិជ្ជកម្ម។

រដ្ឋបាលលោក Prabowo បានប្តេជ្ញាពង្រីកកម្មវិធីសាងសង់លំនៅដ្ឋានមានតម្លៃសមរម្យ ដែលអាចផ្តល់អត្ថប្រយោជន៍ដល់ក្រុមអ្នកទិញមានប្រាក់ចំណូលទាប និងបណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យ។

ក្រុមអ្នកវិភាគបានលើកឡើងថា ប្រសិនបើរដ្ឋបាលលោក Prabowo អាចរក្សាបានស្ថិរភាពសេដ្ឋកិច្ច ហើយបន្តធ្វើការកែទម្រង់ហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគ នោះវិស័យអចលនទ្រព្យអាចនឹងរីកចម្រើន។ ទោះជាយ៉ាងណា ហានិភ័យនៅតែកើតមាន ប្រសិនបើសម្ពាធសារពើពន្ធ ការផ្លាស់ប្តូរនយោបាយ ឬបទប្បញ្ញត្តិទីផ្សារ ធ្វើឱ្យបណ្តាអ្នកវិនិយោគបាត់បង់ទំនុកចិត្ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here