ដោយៈ គង់ សូរិយា
ប្រទេសចិនៈ ក្រុមហ៊ុនផលិតគ្រឿងអគ្គិសនីម៉ាក់ Haier បានចុះ MOU ជាមួយក្រុមហ៊ុន SAM SN GROUP របស់អ្នកឧកញ៉ា សំ សុខនឿន ដំឡើងរោងចក្របង្គំម៉ាកHaier និងបង្កើតតំបន់ឧស្សាហកម្មបៃតងទំនើបនៅកម្ពុជា។
កិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើងការកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងQingdao ប្រទេសចិន។
ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្នុងឱកាសទស្សនកិច្ចនៅប្រទេសចិន អ្នកឧកញ៉ាសំ សុខនឿនបានអញ្ជើញទៅទស្សនកិច្ច និងទស្សនា រោងចក្របង្គំម៉ាកHaier។
បន្ថែមលើនេះ អ្នកឧកញ៉ាក៏ត្រូវបានអញ្ជើញ ទៅទស្សនកិច្ចវិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈមួយ ដែលមានចំណាត់ថ្នាក់ក្នុងចំណោម៥ កំពូលក្នុងប្រទេសចិន ហើយជាវិទ្យាស្ថានលំដាប់កំពូលនៅទីក្រុង Qingdao ដែលមានការសហការយ៉ាងជិតស្និទ្ធ ជាមួយក្រុមហ៊ុន Haier និងតំណាងឱ្យការអប់រំបច្ចេកទេស ប្រកបដោយប្រព័ន្ធស្តង់ដារឧស្សាហកម្មកម្រិតខ្ពស់។
វិទ្យាស្ថាននេះ បានបង្ហាញពីការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការរួមសហការជាមួយ Haier ជាមួយក្រុមហ៊ុន SAM SN GROUP និងក្រុមហ៊ុនសិង្ហបុរី២ទៀត ដើម្បីបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកវិទ្យាទំនើបនៅកម្ពុជា។
កិច្ចសហការនេះ នឹងជួយលើកកម្ពស់សមត្ថភាព យុវជនកម្ពុជា បង្កើតឱកាសការងារ ដែលមានគុណភាពខ្ពស់ និងចូលរួមយ៉ាងសំខាន់ក្នុងបង្កើនប្រាក់ចំណូលជូនប្រជាជនកម្ពុជា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបាននិងកំពុងជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាចិរភាព៕