(ព្រែវែង)៖ ថ្លែងចេញពីខេត្តព្រែវែងជាប់ព្រំដែនកម្ពុជា-វៀតណាម សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ជាថ្មីម្តងទៀតបានលើកឡើងពីការឯកភាពគ្នារបស់កម្ពុជា និងវៀតណាម ក្នុងការកំណត់បែងចែកខ្សែព្រំដែន ដែលជាប់មាត់ព្រែក ទៅក្នុងតំបន់ទឹកជ្រៅថា ជាដំណោះស្រាយឈ្នះឈ្នះល្អបំផុតមួយ ដែលរក្សាបាននូវផលប្រយោជន៍ របស់ប្រជាជននៃប្រទេសទាំងពីរ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការដោះស្រាយបញ្ហាព្រំដែនបែបនេះ មិនមែនជារឿងសាមញ្ញនោះទេ គឺជាដំណោះស្រាយដែលនាំមកនូវខ្សែបន្ទាប់ព្រំដែនសន្តិភាព មិត្តភាព និងការអភិវឌ្ឍ។
ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយសិស្ស និស្សិត និងលោកគ្រូ អ្នកគ្រូ នៅមជ្ឈមណ្ឌលអប់រំនិងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះថា «ការចរចារវាងយើងជាមួយមិត្តវៀតណាម ក្នុងការដោះស្រាយព្រំដែន មានរឿងដែលល្អបំផុតមួយ ត្រង់ថា ភាគីទាំងពីរស្រុះស្រួលគ្នាទម្លាក់ខ្សែព្រំដែន ដែលនៅជាប់មាត់ព្រែក ទៅក្នុងតំបន់ទឹកជ្រៅ ចំណុចនេះមិនមែនជាចំណុចសាមញ្ញទេ។ បារាំងគូសផែនទីជួនកាលរត់តាមមាត់ព្រែកកម្ពុជា បើយើងចង់ចុះទៅដងទឹកត្រូវសុំច្បាប់វៀតណាម ជួនកាលគូសព្រំដែននៅមាត់ទឹកខាងវៀតណាម អីចឹងបើវៀតណាមចង់ចុះព្រែកត្រូវសុំកម្ពុជា។ ដំណោះស្រាយនេះ ជាដំណោះស្រាយដែលល្អបំផុត តាមនិយាមអន្តរជាតិ ដែលតែងយកជ្រលងទឹកជ្រៅជាងគេ ដើម្បីកំណត់ព្រំដែន ព្រំដែនកម្ពុជា-វៀតណាម មានជាង១២០០គីឡូម៉ែត្រ»។
បើតាមសម្តេចតេជោ ហ៊ុន សែន ការកំណត់បែងចែកខ្សែព្រំដែន ទៅក្នុងតំបន់ទឹកជ្រៅ ក៏កម្ពុជាបានអនុវត្តន៍ជាមួយប្រទេសឡាវ ដូចគ្នាដែរ ដើម្បីធានាថាប្រជាជនទាំងសងខាងមានទឹកប្រើប្រាស់ និងអាចនេសាទបាន ដែលជាព្រំដែនសន្តិភាព មិត្តភាព និងសហប្រតិបត្តិការ។
សូមជម្រាបថា កម្ពុជា-វៀតណាម មានព្រំដែនគោកជាមួយគ្នាប្រមាណជា ១ ២៧០គីឡូម៉ែត្រ ដែលគិតត្រឹមឆ្នាំ២០២៤ ប្រទេសទាំងពីរបានបោះបង្គោលព្រំដែនសម្រេចបានចំនួន ៨៤%ហើយ នៅសល់តែ១៦% ទៀតតែប៉ុណ្ណោះ៕