ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិនានា និងការវិភាគដោយក្រុមអ្នកជំនាញជាច្រើនបង្ហាញថា កម្ពុជាមានប្រៀបមួយចំនួននៅក្នុងសង្គ្រាមជាមួយភាគីថៃ រួមមានប្រៀបផ្នែកច្បាប់ និងការទូត ប្រៀបផ្នែកសារនយោបាយ និងឯកភាពផ្ទៃក្នុង និងការប្រើប្រាស់យុទ្ធសាស្ត្រនៃកាំភ្លើងធំបាញ់គ្រាប់រ៉ុក្កែត។
កាសែតអង់គ្លេស The Guardian និងវេទិកា Global South Forum បានលើកឡើងថា ប្រទេសកម្ពុជាបានប្រើប្រាស់សេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយជោគជ័យនៅឆ្នាំ១៩៦២ និងឆ្នាំ២០១៣ ដើម្បីទាមទារអធិបតេយ្យភាពលើតំបន់ប្រាសាទព្រះវិហារ។
កម្ពុជាកំពុងលើកយកគំរូផ្លូវច្បាប់ទាំងនោះមកប្រើប្រាស់ដើម្បីបង្ហាញទៅកាន់ពិភពលោកថា ប្រទេសថៃបានបំពានច្បាប់អន្តរជាតិ។
តាមរយៈការប្តឹងទៅកាន់តុលាការ ICJ និងអង្គការសហប្រជាជាតិ កម្ពុជាព្យាយាមបង្ហាញថា ខ្លួនជាអ្នកគោរពច្បាប់។ នេះបើយោងតាមកាសែតអង់គ្លេស The Guardian និងវេទិកា Global South Forum។
កម្ពុជាបានចាត់ទុកជម្លោះនេះថា ជាការការពារអធិបតេយ្យភាពជាតិប្រឆាំងនឹងការឈ្លានពានរបស់ភាគីថៃ។ ការណ៍នេះបានចាក់ដោតយ៉ាងជ្រាលជ្រៅទៅក្នុងស្មារតីជាតិនិយមរបស់សាធារណជនកម្ពុជា និងបង្រួបបង្រួមសាមគ្គីភាពផ្ទៃក្នុង។
កាសែតសិង្ហបុរី Channel News Asia និងកាសែតអាល្លឺម៉ង់ DW បានចុះផ្សាយថា វោហាសាស្ត្រការពារប្រាសាទព្រះវិហារ និងវោហាសាស្ត្រប្រឆាំងថៃ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រមូលផ្ដុំនូវការគាំទ្រជាតិ។
កម្ពុជាក៏ត្រូវបានគេរាយការណ៍ថា បានប្រើប្រាស់កាំភ្លើងធំបាញ់គ្រាប់រ៉ុក្កែតរយៈចម្ងាយឆ្ងាយ ដូចជាប្រព័ន្ធ WS-1B របស់ប្រទេសចិន និងប្រព័ន្ធ BM-11 របស់ប្រទេសកូរ៉េខាងជើង ដែលអាចវាយប្រហារឆ្លងកាត់ព្រំដែន។
កាសែតឥណ្ឌា Economic Times India និងកាសែត EurAsian Times បានរាយការណ៍ថា «កម្ពុជាខ្វះខាតអំណាចផ្លូវអាកាស។ ប៉ុន្តែ កម្ពុជាមានកាំភ្លើងធំបាញ់គ្រាប់រ៉ុក្កែត ដែលមានសមត្ថភាពវាយប្រហារឆ្លងដែនទៅលើគោលដៅយោធាថៃ»។
ជាមួយគ្នានេះ កាសែត Reuters បានរាយការណ៍ ដោយដកស្រង់ប្រភពពីក្រសួងការបរទេសថៃ មកចុះផ្សាយថា ប្រទេសថៃបានច្រានចោលកិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួលពីបណ្តាប្រទេសទីបីដើម្បីបញ្ចប់ជម្លោះជាមួយកម្ពុជា ដោយថៃទទូចឱ្យកម្ពុជាបញ្ឈប់ការវាយប្រហារ និងដោះស្រាយតាមរយៈកិច្ចពិភាក្សាទ្វេរភាគីតែប៉ុណ្ណោះ។
លោក Nikorndej Balankura អ្នកនាំពាក្យក្រសួងការបរទេសថៃ បានថ្លែងប្រាប់កាសែត Reuters ថា សហរដ្ឋអាមេរិក ប្រទេសចិន និងប្រទេសម៉ាឡេស៊ី ដែលជាប្រធានប្តូរវេនអាស៊ាននៅឆ្នាំនេះ បានស្នើសុំធ្វើជាអ្នកសម្របសម្រួលកិច្ចសន្ទនា។ ប៉ុន្តែ ទីក្រុងបាងកកអះអាងថា ខ្លួនកំពុងស្វែងរកដំណោះស្រាយទ្វេរភាគីចំពោះជម្លោះនេះ។
លោក Nikorndej បានថ្លែងនៅក្នុងបទសម្ភាសន៍មួយថា «ខ្ញុំមិនគិតថា យើងត្រូវការការសម្រុះសម្រួលណាមួយពីប្រទេសទីបីនៅឡើយទេ។ យន្តការទ្វេរភាគីជាច្រកចេញដ៏ល្អបំផុត។ នេះជាការប្រឈមមុខគ្នារវាងប្រទេសទាំងពីរ»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកោះប្រជុំលើបញ្ហានេះ ដោយសម្តេចបានថ្កោលទោសចំពោះការឈ្លានពានខាងផ្នែកយោធាដោយប្រទេសថៃ។
ជាការឆ្លើយតប ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអះអាងថា ខ្លួននឹងបើកកិច្ចប្រជុំបិទទ្វារដើម្បីពិភាក្សាអំពីបញ្ហានេះនៅថ្ងៃសុក្រនេះ៕ប្រភព: CNA DW Reuters The Guardian …៕