ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត Bloomberg បានរាយការណ៍ថា គោលនយោបាយដំឡើងពន្ធគយរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានជះផលប៉ះពាល់ដល់ការងើបឡើងវិញនៃទីផ្សារអចលនទ្រព្យនៅក្នុងតំបន់អឺរ៉ុប ខណៈសេដ្ឋកិច្ចសកលស្ថិតក្នុងភាពមិនច្បាស់លាស់។
យោងតាមរបាយការណ៍ពីក្រុមហ៊ុនហិរញ្ញវត្ថុ MSCI ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិកបានឱ្យដឹងថា ការលក់អចលនទ្រព្យពាណិជ្ជកម្មនៅតំបន់អឺរ៉ុបបានដាំក្បាលចុះ១០ភាគរយនៅត្រីមាសទី២ និងធ្លាក់ចុះ៧ភាគរយនៅឆមាសទី១ ឆ្នាំនេះ។
ចំនួនអ្នកទិញ និងអ្នកលក់អចលនទ្រព្យដែលមានភាពសកម្ម (Active buyers & sellers) នៅតំបន់អឺរ៉ុបបានដាំក្បាលចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេលជាង១ទសវត្សរ៍ក្នុងអំឡុងខែមេសារហូតដល់ខែមិថុនា ឆ្នាំ២០២៥។
លោក Tom Leahy ប្រធានផ្នែកស្រាវជ្រាវលើទីផ្សារអចលនទ្រព្យនៅក្រុមហ៊ុន MSCI បានអះអាងថា “ភាពមិនច្បាស់លាស់នៃការប្រកាសពន្ធរបស់សហរដ្ឋអាមេរិកកាលពីខែមេសា បានជំរុញឱ្យអ្នកវិនិយោគមួយចំនួនផ្អាកការវិនិយោគអចលនទ្រព្យ ខណៈពួកគេទន្ទឹងរង់ចាំភាពច្បាស់លាស់”។
ប្រទេសអង់គ្លេសនៅតែជាទីផ្សារអចលនទ្រព្យធំជាងគេនៅតំបន់អឺរ៉ុប ទោះជាការចុះកិច្ចព្រមព្រៀងវិនិយោគក្នុងប្រទេសនេះបានដាំក្បាលចុះក្នុងរង្វង់១៤ភាគរយក្នុងរយៈពេល៦ខែដំបូងដើមឆ្នាំ២០២៥ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។
ទោះជាយ៉ាងណា ទំហំនៃការវិនិយោគអចលនទ្រព្យនៅក្នុងប្រទេសអាល្លឺម៉ង់បានកើនឡើង១៥ភាគរយភាគរយ ខណៈទំហំនៃការវិនិយោគអចលនទ្រព្យនៅក្នុងប្រទេសស៊ុយអែតបានកើនឡើង១១ភាគរយក្នុងឆមាសទី១ ឆ្នាំនេះ៕ប្រភព: Bloomberg៕