ទីផ្សារអចលនទ្រព្យនៅទីក្រុងហូជីមិញកំពុងបង្ហាញសញ្ញានៃការងើបឡើងវិញ ស្របពេលមានគោលនយោបាយថ្មី

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារអចលនទ្រព្យនៅទីក្រុងហូជីមិញនៃប្រទេសវៀតណាមកំពុងបង្ហាញសញ្ញានៃការងើបឡើងវិញ ស្របពេលមានការរំពឹងទុកចំពោះការផ្គត់ផ្គង់ថ្មី ក្រោយពីមានការកែសម្រួលនីតិវិធីច្បាប់ និងការផ្តល់ប្រាក់កម្ចី ដែលមានកម្រិតអត្រាការប្រាក់ទាប។

អាជ្ញាធរ​មូលដ្ឋាននៃទីក្រុង​ហូជីមិញបាន​ជំរុញកិច្ច​ខិត​ខំ​ប្រឹង​ប្រែង​សម្រប​សម្រួល​ដើម្បី​លុប​បំបាត់​ឧបសគ្គ និង​ស្ដារ​គម្រោង​អចលនទ្រព្យ ដែល​បាន​ផ្អាកការសាងសង់ឱ្យមានដំណើរការ​ និងសកម្មភាពឡើង​វិញ។

យោងតាមរបាយការណ៍បានបង្ហាញថា គម្រោងលំនៅដ្ឋានចំនួន១៤ នៅទីក្រុងហូជីមិញត្រូវបានអនុម័តនៅក្នុងត្រីមាសទីពីរនៃឆ្នាំ២០២៥នេះ រួមមាន គម្រោងលំនៅដ្ឋានបែបពាណិជ្ជកម្ម គម្រោងលំនៅដ្ឋានសង្គម និងគម្រោងដេញថ្លៃសិទ្ធិប្រើប្រាស់ដីធ្លី។

គម្រោងទាំង១៤នោះមានទំហំទុនវិនិយោគសរុបចំនួនជាង១៥,៣ទ្រីលានដុង (ប្រហែល៥៨៣,៣លានដុល្លារអាមេរិក)។ យោងតាមរបាយការណ៍បានបង្ហាញទៀតថា ទីផ្សារអចលនទ្រព្យនៅទីក្រុងហូជីមិញបានស្ទុះងើបឡើងវិញជាបណ្តើរៗ បន្ទាប់ពីបានធ្លាក់ចុះកាលពីឆ្នាំ២០២៣។

នៅឆ្នាំនេះ តម្លៃអាផាតមុិន​នៅ​តែ​មាន​ការកើនឡើង ដោយសារ​កំណើនតម្រូវការ​ខ្ពស់​ និង​​ការ​ផ្គត់ផ្គង់នៅមានកម្រិត។ ការដាក់ចេញគោលនយោបាយដីធ្លី លំនៅដ្ឋាន និងកញ្ចប់ឥណទានថ្មី ដែលបានចូលជាធរមានកាលពីខែសីហា ឆ្នាំមុន ត្រូវបានគេរំពឹងថា នឹងបន្តជះឥទ្ធិពលវិជ្ជមានលើទីផ្សារនាពេលខាងមុខ។

យោងតាមរបាយការណ៍បានឱ្យដឹងថា ទស្សនវិស័យទីផ្សារអចលនទ្រព្យរយៈពេលវែងក្នុងទីក្រុងហូជីមិញត្រូវបានជំរុញគាំទ្រដោយសារ ការធ្វើកំណែទម្រង់ច្បាប់ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងកំណើននៃចំនួនប្រជាជនវណ្ណៈកណ្តាល(Middle-class)។

នៅត្រីមាសទី២ ឆ្នាំនេះ ទីក្រុងហូជីមិញទទួលបានការផ្គត់ផ្គង់អាផាតមុិនថ្មីចំនួន១.៦០០យូនីត ហក់ឡើង៣៨ភាគរយធៀបនឹងឆ្នាំមុន។ នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Savills Vietnam៕ប្រភព: Vietnam News៕

LEAVE A REPLY

Please enter your comment!
Please enter your name here