ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារអចលនទ្រព្យនៅទីក្រុងហូជីមិញនៃប្រទេសវៀតណាមកំពុងបង្ហាញសញ្ញានៃការងើបឡើងវិញ ស្របពេលមានការរំពឹងទុកចំពោះការផ្គត់ផ្គង់ថ្មី ក្រោយពីមានការកែសម្រួលនីតិវិធីច្បាប់ និងការផ្តល់ប្រាក់កម្ចី ដែលមានកម្រិតអត្រាការប្រាក់ទាប។
អាជ្ញាធរមូលដ្ឋាននៃទីក្រុងហូជីមិញបានជំរុញកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលដើម្បីលុបបំបាត់ឧបសគ្គ និងស្ដារគម្រោងអចលនទ្រព្យ ដែលបានផ្អាកការសាងសង់ឱ្យមានដំណើរការ និងសកម្មភាពឡើងវិញ។
យោងតាមរបាយការណ៍បានបង្ហាញថា គម្រោងលំនៅដ្ឋានចំនួន១៤ នៅទីក្រុងហូជីមិញត្រូវបានអនុម័តនៅក្នុងត្រីមាសទីពីរនៃឆ្នាំ២០២៥នេះ រួមមាន គម្រោងលំនៅដ្ឋានបែបពាណិជ្ជកម្ម គម្រោងលំនៅដ្ឋានសង្គម និងគម្រោងដេញថ្លៃសិទ្ធិប្រើប្រាស់ដីធ្លី។
គម្រោងទាំង១៤នោះមានទំហំទុនវិនិយោគសរុបចំនួនជាង១៥,៣ទ្រីលានដុង (ប្រហែល៥៨៣,៣លានដុល្លារអាមេរិក)។ យោងតាមរបាយការណ៍បានបង្ហាញទៀតថា ទីផ្សារអចលនទ្រព្យនៅទីក្រុងហូជីមិញបានស្ទុះងើបឡើងវិញជាបណ្តើរៗ បន្ទាប់ពីបានធ្លាក់ចុះកាលពីឆ្នាំ២០២៣។
នៅឆ្នាំនេះ តម្លៃអាផាតមុិននៅតែមានការកើនឡើង ដោយសារកំណើនតម្រូវការខ្ពស់ និងការផ្គត់ផ្គង់នៅមានកម្រិត។ ការដាក់ចេញគោលនយោបាយដីធ្លី លំនៅដ្ឋាន និងកញ្ចប់ឥណទានថ្មី ដែលបានចូលជាធរមានកាលពីខែសីហា ឆ្នាំមុន ត្រូវបានគេរំពឹងថា នឹងបន្តជះឥទ្ធិពលវិជ្ជមានលើទីផ្សារនាពេលខាងមុខ។
យោងតាមរបាយការណ៍បានឱ្យដឹងថា ទស្សនវិស័យទីផ្សារអចលនទ្រព្យរយៈពេលវែងក្នុងទីក្រុងហូជីមិញត្រូវបានជំរុញគាំទ្រដោយសារ ការធ្វើកំណែទម្រង់ច្បាប់ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងកំណើននៃចំនួនប្រជាជនវណ្ណៈកណ្តាល(Middle-class)។
នៅត្រីមាសទី២ ឆ្នាំនេះ ទីក្រុងហូជីមិញទទួលបានការផ្គត់ផ្គង់អាផាតមុិនថ្មីចំនួន១.៦០០យូនីត ហក់ឡើង៣៨ភាគរយធៀបនឹងឆ្នាំមុន។ នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Savills Vietnam៕ប្រភព: Vietnam News៕