តម្លៃជួលអាផាតមុិននៅទីក្រុងធំៗក្នុងប្រទេសជប៉ុនហក់ឡើងដល់ជាង៣០ភាគរយនៃប្រាក់ចំណូលគ្រួសារ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃជួលអាផាតមុិនកំពុងកើនឡើងនៅក្នុងទីក្រុងធំៗរបស់ប្រទេសជប៉ុន ដូចជាទីក្រុងតូក្យូ និងទីក្រុងអូសាកា ខណៈគ្រួសារជាច្រើនសម្រុកទៅកាន់តំបន់កណ្តាលទីក្រុង ដែលធ្វើ​ឱ្យ​ពួកគេ​ពិបាក​សន្សំ​ប្រាក់ទិញផ្ទះ​នា​ពេល​អនាគត។

ជាមធ្យម ប្រជាជននៅប្រទេសជប៉ុនចំណាយប្រាក់ចន្លោះពី១៨ភាគរយទៅ៣៤ភាគរយនៃទំហំប្រាក់ចំណូលសរុប បន្ទាប់ពីបានបង់ពន្ធរួច (Disposable income) របស់ពួកគេលើការជួលអាផាតមុិន។

ដោយឡែក ប្រជាជនរស់នៅចំកណ្តាលទីក្រុងតូក្យូចំណាយប្រាក់យ៉ាងតិច៣៤ភាគរយនៃទំហំប្រាក់ចំណូលសរុប បន្ទាប់ពីបានបង់ពន្ធរួច របស់ពួកគេលើការជួលអាផាតមុិន។នេះបើយោងតាមការចុះផ្សាយដោយកាសែត Nikkei Asia។

ទោះ​បី​ជា​ប្រាក់​ឈ្នួល​បានកើនឡើងយ៉ាងណាក្តី ក៏​ប៉ុន្តែតម្លៃ​ជួល​អាផាតមុិនបានកើនឡើង​លឿនជាងប្រាក់ឈ្នួល។ ជាពិសេស ការជួលអាផាតមុិនបែបគ្រួសារនៅសង្កាត់ទាំង២៣ ក្នុងទីក្រុងតូក្យូបានកើនឡើសលើស២១០.០០០យ៉េនក្នុងមួយខែ ឬស្មើនឹងចំនួន៣៤ភាគរយនៃប្រាក់ចំណូល។

អ្នកជំនាញមួយរូបបានលើកឡើងថា ជាទូទៅ តម្លៃជួលអាផាតមុិនមិនគួរមានទំហំទឹកប្រាក់លើសពី២៥ភាគរយទៅ៣០ភាគរយនៃប្រាក់ចំណូលក្នុងគ្រួសារនោះទេ។ ប្រសិនបើលើសពីនេះ នោះស្ថានភាពហិរញ្ញវត្ថុគ្រួសារនឹងមិនមានស្ថិរភាពទេ។

ហេតុផលមួយ ដែលនាំឱ្យតម្លៃជួលអាផាតមុិនកើនឡើង បណ្តាលមកពី គូស្វាមីភរិយា ដែលធ្វើការដើម្បីរកប្រាក់ចំណូលទាំង២នាក់ បានសម្រេចជ្រើសរើសការជួលជំនួសឱ្យការទិញផ្ទះនៅតំបន់កណ្តាលទីក្រុងធំៗ៕ប្រភព: Nikkei Asia៕

LEAVE A REPLY

Please enter your comment!
Please enter your name here