ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃជួលអាផាតមុិនកំពុងកើនឡើងនៅក្នុងទីក្រុងធំៗរបស់ប្រទេសជប៉ុន ដូចជាទីក្រុងតូក្យូ និងទីក្រុងអូសាកា ខណៈគ្រួសារជាច្រើនសម្រុកទៅកាន់តំបន់កណ្តាលទីក្រុង ដែលធ្វើឱ្យពួកគេពិបាកសន្សំប្រាក់ទិញផ្ទះនាពេលអនាគត។
ជាមធ្យម ប្រជាជននៅប្រទេសជប៉ុនចំណាយប្រាក់ចន្លោះពី១៨ភាគរយទៅ៣៤ភាគរយនៃទំហំប្រាក់ចំណូលសរុប បន្ទាប់ពីបានបង់ពន្ធរួច (Disposable income) របស់ពួកគេលើការជួលអាផាតមុិន។
ដោយឡែក ប្រជាជនរស់នៅចំកណ្តាលទីក្រុងតូក្យូចំណាយប្រាក់យ៉ាងតិច៣៤ភាគរយនៃទំហំប្រាក់ចំណូលសរុប បន្ទាប់ពីបានបង់ពន្ធរួច របស់ពួកគេលើការជួលអាផាតមុិន។នេះបើយោងតាមការចុះផ្សាយដោយកាសែត Nikkei Asia។
ទោះបីជាប្រាក់ឈ្នួលបានកើនឡើងយ៉ាងណាក្តី ក៏ប៉ុន្តែតម្លៃជួលអាផាតមុិនបានកើនឡើងលឿនជាងប្រាក់ឈ្នួល។ ជាពិសេស ការជួលអាផាតមុិនបែបគ្រួសារនៅសង្កាត់ទាំង២៣ ក្នុងទីក្រុងតូក្យូបានកើនឡើសលើស២១០.០០០យ៉េនក្នុងមួយខែ ឬស្មើនឹងចំនួន៣៤ភាគរយនៃប្រាក់ចំណូល។
អ្នកជំនាញមួយរូបបានលើកឡើងថា ជាទូទៅ តម្លៃជួលអាផាតមុិនមិនគួរមានទំហំទឹកប្រាក់លើសពី២៥ភាគរយទៅ៣០ភាគរយនៃប្រាក់ចំណូលក្នុងគ្រួសារនោះទេ។ ប្រសិនបើលើសពីនេះ នោះស្ថានភាពហិរញ្ញវត្ថុគ្រួសារនឹងមិនមានស្ថិរភាពទេ។
ហេតុផលមួយ ដែលនាំឱ្យតម្លៃជួលអាផាតមុិនកើនឡើង បណ្តាលមកពី គូស្វាមីភរិយា ដែលធ្វើការដើម្បីរកប្រាក់ចំណូលទាំង២នាក់ បានសម្រេចជ្រើសរើសការជួលជំនួសឱ្យការទិញផ្ទះនៅតំបន់កណ្តាលទីក្រុងធំៗ៕ប្រភព: Nikkei Asia៕