បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI កំពុងជួយជំរុញតម្រូវការការិយាល័យ និងលំនៅដ្ឋាននៅសហរដ្ឋអាមេរិក និងកាណាដា

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងផ្លាស់ប្តូរទិដ្ឋភាពឧស្សាហកម្មនានាលើពិភពលោក ហើយឥទ្ធិពលរបស់បច្ចេកវិទ្យានេះកំពុងជួយជំរុញតម្រូវការអចលនទ្រព្យ ដូចជា ទីផ្សារការិយាល័យ និងទីផ្សារលំនៅដ្ឋាន។

នៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា ចំនួនបុគ្គលិកក្រុមហ៊ុន ដែលមានជំនាញផ្នែកបច្ចេកវិទ្យា AI បានហក់ឡើងជាង៥០ភាគរយដល់ចំនួន៥១៧.០០០នាក់ចាប់ពីពាក់កណ្តាលឆ្នាំមុនរហូតដល់ពាក់កណ្តាលឆ្នាំ២០២៥។

យោងតាមការវិភាគរបស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE បានឱ្យដឹងថា បុគ្គលិកក្រុមហ៊ុន ដែលមានជំនាញផ្នែកបច្ចេកវិទ្យា AI ភាគច្រើនរស់នៅក្នុងតំបន់ San Francisco Bay ទីក្រុង New York ទីក្រុង Seattle ទីក្រុង Toronto និងរដ្ឋធានីវ៉ាសុីនតោន។

ក្នុងចំណោមនោះ ទីក្រុងញូវយ៉កទទួលបានចំនួនបុគ្គលិកក្រុមហ៊ុន ដែលមានជំនាញលើបច្ចេកវិទ្យា AI ច្រើនជាងគេបំផុតចំនួន២០.០០០នាក់កាលពីឆ្នាំមុន។នេះបើយោងតាមការវិភាគរបស់ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ CBRE។

ជាមួយគ្នានេះ ចំនួនបុគ្គលិកក្រុមហ៊ុន ដែលមានជំនាញលើបច្ចេកវិទ្យា AI នៅទីក្រុង Atlanta ទីក្រុង Chicago ទីក្រុង Dallas-Fort Worth ទីក្រុង Toronto និងទីក្រុងវ៉ាសុីនតោនបានហក់ឡើងយ៉ាងតិចក្នុងរង្វង់៧៥ភាគរយ។

ឥទ្ធិពលរបស់បច្ចេកវិទ្យា AI កំពុងរីករាលដាលឆ្ពោះទៅកាន់ទីក្រុង និងឧស្សាហកម្មជាច្រើន ជាពិសេសសេវាកម្មហិរញ្ញវត្ថុ ធានារ៉ាប់រង និងអចលនទ្រព្យ។តម្រូវការនេះកំពុងជំរុញការជួលការិយាល័យ និងអាផាតមុិននៅសហរដ្ឋអាមេរិក និងកាណាដា។

បច្ចុប្បន្ន បណ្តាក្រុមហ៊ុនហិរញ្ញវត្ថុកំពុងជួលបុគ្គលិក ដែលមានជំនាញ AI ដើម្បីរក្សាការប្រកួតប្រជែងជាមួយបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ (fintech)។ នៅឆមាសទី១ ឆ្នាំនេះ បណ្តាក្រុមហ៊ុនបច្ចេកវិទ្យាគ្របដណ្តប់ចំណែក១៧ភាគរយនៃការជួលការិយាល័យសរុបនៅសហរដ្ឋអាមេរិក បើធៀបនឹងចំណែក១០ភាគរយនៅចុងឆ្នាំ២០២២។

លើសពីនេះ កំណើននៃចំនួនបុគ្គលិកជំនាញផ្នែក AI ក៏កំពុងជួយជំរុញតម្រូវការជួលអាផាតមុិនផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយកាសែតអាមេរិក CNBC។

ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៤ ការជួលអាផាតមុិននៅសង្កាត់ Manhattan បានហក់ឡើងជាង១៤ភាគរយ ខណៈការជួលអាផាតមុិននៅទីក្រុង Washington បានកើនឡើង៧ភាគរយ៕ប្រភព: CNBC៕

LEAVE A REPLY

Please enter your comment!
Please enter your name here