វិភាគៈ យុទ្ឋសាស្រ្តកាទូតចម្រុះពណ៌សម្តេចតេជោធិបតីរុញកម្ពុជាកាន់តែកៀកនឹងមហាអំណាចចិន អាមេរិក

0

ដោយៈ យិន លាងគង់ស្ថាបនិកគេហទំព័រPropertyarea

    ភ្នំពេញៈ ពពកខ្មៅទំនងជារសាត់បណ្តើរៗ ចេញពីកម្រាលព្រំមាសកាទូតកម្ពុជាហើយ ខណៈមេដឹកនាំប្រទេសនេះ កំពុងសម្លឹងទៅកាន់អនាគតថ្មីមួយ ក្នុងការពង្រឹងសមត្ថភាពផ្នែកយោធា និងសេដ្ឋកិច្ចរបស់ខ្លួន។

យុទ្ឋសាស្រ្តកាទូតបែបចម្រុះព៌ណ បានបង្កើតនូវមនុញ្ញផលយ៉ាងលើសលុបដល់ប្រជាជាតិកម្ពុជា។ ដែនដីប្រឡាក់ដោយឈាម និងទឹកភ្នែកប្រជាជនកម្ពុជា បានរះឡើងយ៉ាងត្រដែតលើឆាកអន្តរជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែនអតីតនាយករដ្ឋមន្រ្តី​នៃកម្ពុជាអស់រយៈពេលជាច្រើនទសវត្សរ៍មកនេះ និងកំពុងបន្តដោយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជា នាពេលបច្ចុបប្បន្ន ដែលបានបញ្ចប់ការសិក្សា នៅបញ្ចឹមប្រទេស លើមុខវិជ្ជាវិទ្យាសាស្រ្តនយោបាយ សេដ្ឋកិច្ច និងសាលាយោធាមានកិត្តស័ព្ទដ៏ល្បីល្បាញ។

យុទ្ឋសាស្រ្តកាទូត និងចក្ខុវិស័យ

    ទំនាក់ទំនងរវាងកម្ពុជា ចិន និងអាមេរិក មានភាពផ្អែមល្ហែម និងជូរចត់ស្រដៀងគ្នា ដោយសារអ្នកដឹកនាំកាលពីអតីតកាល ដោយសារបញ្ហាភូមិសាស្រ្តនយោបាយ និងផលប្រយោជ៍សេដ្ឋកិច្ចតិចតួច ដែលកម្ពុជាអាចផ្តល់ជូនមហាយក្សទាំងពីរ។

ប៉ុន្តែយើងបំភ្លេចអតីតកាល និងត្រូវសម្លឹងទៅអនាគត ជាមួយចក្ខុវិស័យមួយ ដែលកម្ពុជាគួរពង្រឹងនិងប្រែក្លាយខ្លូនឯង “ជាកូនក្រមុំដ៏ស្រស់ឆើតឆាយមួយ” ជាកូនក្រមុំដែលមិនបំពោកដោយ “ការលាបឡេ” ប៉ុន្តែជាកូនក្រមុំស្អាតបែបធម្មជាតិ ដើម្បីចែរចង់មហាយក្សទាំងពីរ ឲ្យកាន់តែស្រលាញ់ និងថ្នាក់ថ្នមកូនក្រមុំរបស់ខ្លួន មិនអាចដកចិត្តរួច។

ផលប្រយោជន៍សេដ្ឋកិច្ច ភូមិសាស្រ្តនយោបាយ និងកម្រិតនៃភាពប៉ិនប្រសព្វខាងកាទូត របស់សម្តេចតេជោធិបតី កម្ពុជានឹងអាចទាញបាននូវសមានចិត្តមេដឹកនាំមហាអំណាចទាំងពីរ និងសម្ព័ន្ឋមិត្តជាច្រើនទៀត ឲ្យកាន់តែខិតកៀកមកកម្ពុជា ដើម្បីកម្ពុជាសម្ព័ន្ឋមិត្តអាចបង្កើតផលប្រយោជន៍រួមគ្នាទាំងសេដ្ឋកិច្ច នយោបាយ និងកាទូត។

បើទោះបីជាទំហំសេដ្ឋកិច្ច និងឥទ្ឋិពលនៃភូមិសាស្រ្តនយោបាយមិនធំ និងខ្លាំងដូចប្រទេសជិតខាងក្តី ប៉ុន្តែកម្ពុជាអាចធ្វើជាកូនក្រមុំមួយប្រៀបដូច “សឹង្ហបុរី” ដែលអាចអភិវឌ្ឍន៍ខ្លួនឯងបានយ៉ាងឆាប់រហ័ស និងការពារខ្លួនឯងបានយ៉ាងជាញជ័យ ពីប្រទេសធំៗដែលមានមហិច្ឆតាមិនចេះចប់ មិនចេះហើយក្នុងការចង់លេប ត្របាក់កោះសន្តិភាពមួយនេះ។

សាររបស់មេដឹកនាំដ៏មានឥទ្ឋិពល

    ជាមួយការបន្តប្រកាន់ខ្ជាប់នូវទំនាក់ទំនងកាទូតដែកថែប មិនអាចកាត់ផ្តាច់បាន និងកំពុងកសាង “សហគមន៍ពីរ រវាសនាតែមួយ”ជាមួយមហាមិត្តចិន ម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជាបានថ្លែងនូវជំហរដដែលយ៉ាងម៉ឺងមាត់ថា “កម្ពុជាបន្តប្រកាន់យកនូវគោលនយោបាយចិនតែមួយ និងឥតងាករ៉េ”។

ក្នុងឱកាសចូលរួម ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន នៅល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្តេចតេជោបានអះអាងថា “ឆ្នាំ២០២៥ ជាឆ្នាំពិសេសនៃទំនាក់ទំនងកម្ពុជា-ចិន”។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា ប្រទេសទាំងពីរបាន និងកំពុងខិតខំធ្វើការរួមគ្នា ដើម្បីបង្កើនទំហំពាណិជ្ជកម្ម ការវិនិយោគ និងខ្សែច្រវាក់ផ្គត់ផ្គង់ ជាពិសេសការបង្កើនការនាំចេញ ទំនិញកសិផលបន្ថែមទៀតពីកម្ពុជាចូលទៅក្នុងទីផ្សារចិន។

ទំនាក់ទំនងកាន់តែរឹងមាំជាមួយសហរដ្ឋអាមេរិក

    ក្នុងប្រវត្តិសាស្រ្ត និងជាការចារក្នុង “ក្រាំងមាស” ថ្មីមួយ ទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិកបានរីកចម្រើន ដល់កម្រិតខ្ពស់បំផុតក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។

ការចូលអន្តរាគមន៍ របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ជេ ត្រាំ បានបញ្ឈប់ការឈ្លានពានរបស់ថៃ មកលើកម្ពុជាចន្លោះថ្ងៃទី២៤ ដល់២៨ កក្កដា ឆ្នាំ២០២៥កន្លងទៅនេះ បាននិងកំពុងធ្វើឲ្យកម្ពុជា កាន់តែខិតទៅកៀកអាមេរិកកាន់តែខ្លាំង ស្រ​បពេលសមានចិត្ត របស់ប្រជាជាតិកម្ពុជាលើអាមេរិក កាន់តែជ្រាលជ្រៅជាងមុន ហើយប្រជាជាតិនេះ កំពុងចង់ឲ្យកម្ពុជាក្លាយជាកូនពៅ​របស់អាមេរិក នៅក្នុងអាស៊ាន ក៏ដូចជាក្នុងបរិបទឥណ្ឌូចិន ប៉ុន្តែមហិច្ឆតានេះ អាចសម្រេចបានឬអត់អាស្រ័យលើកត្តាជាច្រើន ដូចជា

ទី១ ឆន្ទៈនិងការថ្លឹងថ្លែងរបស់មេដឹកនាំកម្ពុជា

ទី២ បញ្ហាភូមិសាស្រ្តនយោបាយ និងផលប្រយោជន៍​សេដ្ឋកិច្ចរបស់ប្រទេសធំពីរ ដែលកំពុងព័ទ្ឋកម្ពុជាដូច “ពស់វែក”រុំលេបសត្វកង្កែប។

ទី៣ ការខិតទៅកៀកអាមេរិក តើសម្តេចតេជោធិបតីត្រូវថ្លឹងបែបណា សម្រាប់ជញ្ជីងចិន និងអាមេរិក តើមួយណាស្រាល និងធ្ងន់ជាង? ឬដាក់ទម្ងន់ស្មើគ្នា?

ទី៤ តើអ្នកជិតខាងកម្ពុជា ពួកគេយល់ព្រមឬទេ? ខណៈពួកគេកំពុងឈ្លានពាន និងច្រណែនឈ្នានីស្តកម្ពុជា? ទី៥ តើផលប្រ​យោជន៍សេដ្ឋកិច្ច និងចំនួនប្រជាជនជាង១៧លាននាក់ ធៀបជាមួយប្រទសសវៀតណាម ដែលមានប្រជាជនជាង១០០លាននាក់ និងប្រទេសថៃមានប្រជាជនជាង៧១លាននាក់ អាមេរិកជ្រើសរើសមួយណា? តើមួយណាខាតមួយណាចំណេញ ប្រសិនជាប្រទេសទាំងពីរជំទាស់នូវគោលនយោបាយបែបនេះ?។

ទី៦ ក្នុងប្រវត្តិសាស្រ្ត ដែនដីកម្ពុជរដ្ឋនេះ មិនដែលមានមេដឹកនាំអាមេរិករូបណា បានមកទស្សនកិច្ចនៅឡើយទេ លើកលែងតែប្រធា​នាធិបតីទាំងនោះ មកកាន់កម្ពុជាដើម្បីចូលរួម កិច្ចប្រជុំកំពូលអាស៊ានប៉ុណ្ណោះ នៅពេលកម្ពុជាកាន់ឋានៈជាប្រធានអាស៊ានប៉ុណ្ណោះ។

ជាមួយគ្នានេះ បើយើងក្រឡេកមើលទំហំពាណិជ្ជកម្ម រវាងកម្ពុជា និងអាមេរិក កម្ពុជា និងចិន មានកម្រិតប្រហាក់ប្រហែលគ្នាប៉ុណ្ណោះ ដែលមេដឹកនាំកម្ពុជាពិបាក ក្នុងការសម្រេចចិត្ត ព្រោះការរីកចម្រើនសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន​ មិនអាចកាត់ផ្តាច់ចេញពីមហាមិត្តចិនឡើយ ក្នុងបរិបទបច្ចុប្ប​ន្ន ចិនប្រៀបដូចជា អ្នកផ្តល់ “គ្រាប់ពូជ” សម្រាប់កម្ពុជា។ កម្ពុជាជាអ្នកប្រមូលផល និងលក់ទៅកាន់ទីផ្សារអាមេរិក ហើយអាមេរិកជាអ្នកយកទៅដាំ ស្លរខ្លួនឯង។

ជាក់ស្តែងទំហំពាណិជ្ជកម្មប្រទេសទាំងពីរ បានកើនឡើងជាបន្ទាប់ ដោយទំហំពាណិជ្ជកម្មវាងកម្ពុជាអាមេរិក មានជាង១០ពាន់លានដុល្លារកាលពីឆ្នាំ២០២៤ ខណៈទំហំពាណិជ្ជកម្មជាមួយប្រទេសចិនមានទំហំទឹកប្រាក់ ប្រមាណ១៩ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំដូចគ្នាផងដែរ។

បង្កើតមេដែកឆក់ និងកសាងសមានចិត្ត

    ការបង្ហាញសមានចិត្តដ៏កក់ក្តៅ និងមិនធ្លាប់មានក្នុងទំនាក់ទំនងកម្ពុជា អាមេរិក លើការដឹកនាំរបស់សម្តេចតេជោ ពិសេសសម្តេចធិបតី ក្នុងអំឡុងសង្រ្គាមជាមួយថៃ និងភាពតានតឹងនាពេលបច្ចុប្បន្ននេះ មេដឹកនាំអាមេរិក លោកដូណាល់ ត្រាំបាននិងកំពុងតានដាន និងយកចិត្តទុកដាក់ចំពោះកម្ពុជា ដោយលោកហៅសម្តេចធិបតី ដែលដឹកនាំប្រទេសប្រកាន់យក “សន្តិភាព ជាអត្តសញ្ញាណដ៏ខ្ពង់ខ្ពស់”។

ជាមួយនឹងសារដ៏កក់ក្តៅនេះ មេដឹកនាំកម្ពុជាសម្តេចធិបតីហ៊ុន ម៉ាណែត បានផ្ញើរសារនិងគាំទ្រ ដល់ការតាំងតែងលោកដូណាល់ត្រាំ ជាបេក្ខភាពសម្រាប់ពានរង្វាន់ណូប៊ែល ហើយព្រះសង្ឃកម្ពុជា ក៏បានផ្ញើរសារគាំទ្របែបនេះផងដែរ។

លើសពីនេះ ក្នុងសារលិខិតរបស់លោកដូណាល់ ត្រាំផ្ញើរជូនសម្តេចធិបតី កាលពីថ្ងៃទី២៧ សីហា ឆ្នាំ២០២៥កន្លងមកនេះ លោកបានសរសេរនូវឃ្លាដ៏កក់ក្តៅ និងពោរពេញដោយអត្ថន័យថា “ចាប់ពីពេលនេះតទៅ យើងនឹងផ្តោតការយកចិត្តទុកដាក់ជាមួយគ្នា លើការកសាងវិបុលភាពរួម សម្រាប់ប្រជាជាតិដ៏អស្ចារ្យរបស់យើងទាំងពីរ”។

សារពោរពេញដោយអត្ថន័យដ៏កក់ក្តៅនេះ បានធ្វើឲ្យប្រជាជាតិជាង១៧លាននាក់នេះ បាត់ភាពរងារបណ្តើរៗ ស្របពេលលោកដូណាល់ ជេ ត្រាំ បានបញ្ជូលបេសកកជនរបស់លោក គឺអ្នកសារព័ត៌មានដ៏ល្បី លោកMichael B. Alfaro, Gary Franchy មកកាន់កម្ពុជា ដើម្បីស៊ើបអង្កេត និងបង្ហាញការពិតទៅកាន់ពិភពលោកថា “សង្រ្គាមនៅព្រំដែនកម្ពុជា ថៃនេះ អ្នកណាបំពានមុន? អ្នកណាបាញ់​មុន និងអ្នកណានៅតែបន្តគំរាមកំហែង និងដាក់ចេញផែនការឈ្លា​នពានកម្ពុជា រហូតមកដល់ពេលនេះ?។

គំនិតផ្តួចផ្តើមគួរពិចារណា

    អ្នកសារព័ត៌មានល្បីឈ្មោះ និងជាអ្នកវិភាគនយោបាយ ក៏ដូចជាប្រជាជនកម្ពុជាមួយចំនួន ដែលតែងតែស្អប់ និងវាយប្រហារអាមេរិក បានផ្លាស់ប្តូរគំនិត និងឥរិយាបទរបស់ខ្លួន និងចាប់ផ្តើមមានសមានចិត្ត ចំពោះអាមេរិកយ៉ាងជ្រាលជ្រៅឡើងវិញ។

គំនិតរបស់លោក ដែលសំណូមពររាជរដ្ឋាភិបាលផ្លាស់ប្តូរផ្លូវជាតិលេខ៤ ទៅជា “មហាវិថីដូណាល់ ត្រាំ”ទទួលបានការគាំទ្រពីប្រជាពលរដ្ឋកម្ពុជា និងគាំទ្រដោយលោកMichael B. Alfaroផងដែរ។ លើសពីនេះ យុវជនកម្ពុជាជំនាន់ក្រោយ ដែលមានប្រមាណ១២លាននាក់ មានវ័យក្រោម៣០ឆ្នាំ ពួកគេក៏បង្ហាញជំហរគាំទ្រឲ្យកម្ពុជា ធ្វើជា “កូនពៅ” របស់អាមេរិក នៅក្នុងអាស៊ាន ដែលពោរពេញដោយភាពចម្រុះ ការប្រកួតប្រជែង និងការឈ្នានីស្តផងដែរ។

ការសម្រេចចិត្ត ក្នុងបរិបទនយោបាយ កាទូត និងទំនាក់ទំនងអន្តរជាតិ ទាមទារមានការសិក្សាជាច្រើន និងការសម្រេចចិត្តដោយប្រុងប្រយ័ត្នបំផុតរបស់មេដឹកនាំ ព្រោះកិច្ចការដែលមានតម្លៃស្លាប់រសសម្រាប់ប្រជាជាតិនេះ មិនមែនធ្វើការអារម្មណ៍ និងភាពរវើរវាយទេ។

យ៉ាងណាការកសាងរជ្ជកាលមួយ ដែលមានមូលដ្ឋានទំនាក់ទំនងកាន់តែរឹងមាំ មានសម្ព័ន្ឋមិត្តល្អៗកាន់តែច្រើន និងការបែងចែកផលប្រយោជន៍ប្រកបដោយសមធ៌ម ពិតជាចាំបាច់ណាស់ ដែលមេដឹកនាំកម្ពុជា ក្នុងរជ្ជកាល “តេជោធិបតី”បាននិងកំពុងធ្វើ ដើម្បីរក្សាបាននូវសុខសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព។

ការញាំតៅហ៊ូចិន ជាមួយឈីហ្វ និងបឺហ្គឺ អាចបង្កើតនូវអារម្មណ៍ ទ្រលាន់បន្តិច ប៉ុន្តែអាចបង្កើនថាមពលរយៈពេលវែង ហើយវាធ្វើឲ្យប្រជាជាតិនេះ មានថាមពលក្នុងការធ្វើដំណើររួមគ្នា ជាមួយរាជរដ្ឋាភិបាល ឆ្ពោះទៅកាន់វិបុលភាព និងភាពរ៉ុងរឿងរួមគ្នានាទសវត្សរ៍ខាងមុខបន្ថែមទៀត៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here