ដោយៈ ម៉ាណា
ស្វាយរៀងៈ អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកជា វុទ្ធី បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស មួយចំនួន នៅខេត្តស្វាយរៀង ក្នុងគោលបំណងក្តាប់យកព័ត៌មានវឌ្ឍនភាព និងបញ្ហាប្រឈមផ្សេងៗរបស់វិស័យឯកជន។
ឆ្លៀតក្នុងឱកាសនេះ លោក ក៏បានជួបសំណេះសំណាលជាមួយអ្នកអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស និងវិនិយោគិន នៃសមាគមសហគ្រាសវិនិយោគនៅកម្ពុជា។
តាមការពិនិត្យជាក់ស្តែង តំបន់សេដ្ឋកិច្ចពិសេសទាំង១៣ ដែលកំពុងដំណើរការបច្ចុប្បន្ន នៅខេត្តស្វាយរៀង បាននិងកំពុងអភិវឌ្ឍនិងបន្តរីកចម្រេីនគួរជាទីកត់សម្គាល់ ជាពិសេសបានដើរតួនាទីជាក្បាលម៉ាស៊ីន ក្នុងការស្រូបយកវិនិយោគដ៏មានប្រសិទ្ធភាព និងបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជា។
តំបន់សេដ្ឋកិច្ចពិសេសមួយចំនួន កំពុងមមាញឹកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការសាងសង់រោងចក្រ ដែលនឹងចាប់ផ្តើមដំណើរការនៅពេលឆាប់ៗខាងមុខ ដោយមានតម្រូវការកម្មករ និយោជិតរាប់ពាន់កន្លែង ជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសចំពោះបងប្អូន ដែលទេីបត្រឡប់ពីប្រទេសថៃ។
ជាមួយគ្នានោះ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសថ្មីៗមួយចំនួន ដូចជាក្នុងតំបន់សេដ្ឋកិច្ចពិសេស ហ័រស៊ាង អ៊ីនធើណេសិនណល មានសហគ្រាសវិនិយោគខ្លះ កំពុងធ្វើការផលិតនូវផលិតផលពាក់កណ្តាលសម្រេច និងនាំចេញទៅប្រទេសចិនវិញ ដើម្បីផលិតជាផលិតផលសម្រេច ដែលនេះក៏ជាសញ្ញាណថ្មីមួយបន្ថែមទៀត សម្រាប់វិស័យឧស្សាហកម្មនៅកម្ពុជា។
សមិទ្ធផលដែលក្រុមហ៊ុនអភិវឌ្ឍន៍ តំបន់សេដ្ឋកិច្ចពិសេសសម្រេចបាននេះ សបញ្ជាក់អំពីការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ជាពិសេស ឆន្ទៈខ្ពស់ និងទំនុកចិត្តមកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយថាមវ័ន្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕