តំបន់សេដ្ឋកិច្ចពិសេសចំនួន១៣នៅក្រុងបាវិតកំពុងដំណើរការ យ៉ាងសកម្ម

0

ដោយៈ ម៉ាណា

    ស្វាយរៀងៈ អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកជា វុទ្ធី បានអញ្ជើញ​ចុះពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស​ មួយចំនួន​​ នៅខេត្តស្វាយរៀង ក្នុងគោលបំណងក្តាប់យក​ព័ត៌មានវឌ្ឍនភាព​ និងបញ្ហាប្រឈមផ្សេងៗរបស់​វិស័យឯកជន​។

ឆ្លៀតក្នុងឱកាសនេះ​ លោក​ ក៏បានជួបសំណេះសំណាលជាមួយអ្នកអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស​ និងវិនិយោគិន​ នៃសមាគមសហគ្រាសវិនិយោគនៅកម្ពុជា។

តាមការពិនិត្យជាក់ស្តែង​ តំបន់សេដ្ឋកិច្ចពិសេស​ទាំង១៣​ ដែលកំពុងដំណើរការបច្ចុប្បន្ន នៅខេត្តស្វាយរៀង​ បាននិងកំពុងអភិវឌ្ឍនិងបន្តរីកចម្រេីនគួរជាទីកត់សម្គាល់​ ជាពិសេស​បានដើរតួនាទីជាក្បាលម៉ាស៊ីន ក្នុងការស្រូបយកវិនិយោគដ៏មានប្រសិទ្ធភាព និងបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជា។

តំបន់សេដ្ឋកិច្ចពិសេសមួយចំនួន កំពុងមមាញឹកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការសាងសង់រោងចក្រ ដែលនឹងចាប់ផ្តើមដំណើ​រការនៅពេលឆាប់ៗខាងមុខ ដោយមានតម្រូវការកម្មករ និយោជិតរាប់ពាន់កន្លែង​ ជូនបងប្អូនប្រជាពលរដ្ឋ​ ជាពិសេសចំពោះបងប្អូន​ ដែលទេីបត្រឡប់ពីប្រទេសថៃ។

ជាមួយគ្នានោះ​ នៅក្នុង​តំបន់សេដ្ឋកិច្ចពិសេសថ្មីៗ​មួយចំនួន​ ដូចជា​ក្នុង​តំបន់​សេដ្ឋកិច្ចពិសេស​ ហ័រស៊ាង​ អ៊ីនធើណេសិនណល មានសហគ្រាសវិនិយោគខ្លះ​ កំពុងធ្វើការផលិតនូវផលិតផលពាក់កណ្តាលសម្រេច​ និងនាំចេញទៅប្រទេសចិនវិញ​ ដើម្បីផលិតជាផលិត​ផលសម្រេច​ ដែលនេះក៏ជា​សញ្ញាណ​ថ្មីមួយបន្ថែមទៀត សម្រាប់វិស័យឧស្សាហកម្មនៅកម្ពុជា។

សមិទ្ធផលដែលក្រុមហ៊ុនអភិវឌ្ឍន៍ តំបន់សេដ្ឋកិច្ចពិសេសសម្រេ​ចបាននេះ សបញ្ជាក់អំពីការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ជាពិសេស ឆន្ទៈខ្ពស់ និងទំនុកចិត្តមកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយថាមវ័ន្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here