
ដោយៈ គង់ សូរិយា
ភ្នំពេញៈ រដ្ឋាភិបាល តាមរយៈក្រសួងរៀបចំដែនដី និងក្រសួងមហាផ្ទៃ បានប្រកាសចាប់ផ្តើមប្រែក្លាយទីប្រជុំជនទាំងអស់ ឱ្យទៅជាបុរីជនបទ ភូមិឋានក្សេមក្សាន្ត ទ្រនំសុភមង្គល។
ផែនការនេះត្រូវបានប្រកាសកាលពីព្រឹកថ្ងៃទី៦ តុលា ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្រ្តីសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកឧបនាយករដ្ឋមន្រ្តីស សុខា រដ្ឋមន្រ្តីក្រសូងមហាផ្ទៃ។
យោងតាមព៌ត៌មានដែលបានប្រកាសលើផេក របស់ក្រសួងដែនដី បានបង្ហាញថា ផែនការនេះ ក្រសួងទាំងពីរមានការឯកភាពគ្នា ធ្វើការរៀបចំប្លង់គោលនៃការប្រើប្រាស់ដី កំណត់តំបន់ពាណិជ្ជកម្ម តំបន់កសិកម្ម តំបន់ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស ការរៀបចំព្រំប្រទល់រដ្ឋបាលទូទាំងប្រទេស អាសយដ្ឋាន បង្គោលប្រតិភាគដែលជាខឿនសន្តិសុខជាតិ ការរៀបចំរបៀងនិងប៉ូលសេដ្ឋកិច្ច ទៅតាមសក្តានុពលតំបន់នីមួយៗ ដោយប្រើប្រាស់អ្វីដែលយើងមាន ការរៀបចំលំហសាធារណៈ ការដោះស្រាយសំណង់មិនរៀបរយ និងអគារចាស់ទ្រុឌទ្រោម ដែលទាំងនេះគឺជាស្នូល នៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងឆ្លើយតបទៅនឹងដំណើរដ៏ជាក់លាក់របស់សង្គម និងសេដ្ឋកិច្ចកម្ពុជា ធ្វើឱ្យប្រជាជនមានជីវិតកាន់តែប្រសើរឡើង និងដើម្បីកម្ពុជាអាចរស់ដោយខ្លួនឯង ប្រកបដោយភាពឯករាជ្យម្ចាស់ការ។
កិច្ចប្រជុំនាពេលនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងមហាផ្ទៃ ក្រសួងព្រះបរមរាជវាំង ក្រសួងសាធារណៈការ និងដឹកជញ្ជូន ថ្នាក់ដឹកនាំមកពីក្រសួង ស្ថាប័ន ដែលជាសមាជិកគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ រដ្ឋបាលខេត្ត មន្ទីរ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ នាទីស្តីការក្រសួង។
ផ្អែកលើរបៀបរបបការងារ និងដំណើររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងមហាផ្ទៃ បានឈានមកដល់របត់នៃឱកាសសម្រាប់ធ្វើការងារថ្មី និងក្រោយពីការបង្កើតនូវបរិយាកាសគ្មានវិវាទនៅកម្ពុជា ក្រសួងទាំងពីរបានងាកមកគិតគូរ លើការងាររៀបចំដែនដី និងនគរូបនីយកម្ម ដែលជាការបើកទំព័រថ្មី សម្រាប់សង្គមជាតិទាំងមូល៕