ដោយៈ គង់ សូរិយា
ភ្នំពេញៈ បណ្តាក្រុមហ៊ុនជប៉ុននានា បាននិងកំពុងលើកឡើងពីកង្វល់ ខណៈដែលការចំណាយ លើការដឹកជញ្ជូនរបស់ពួកគេ បានកើនឡើងជិតបីដង ដោយសារតែការបិទព្រំដែនគោករវាងកម្ពុជា និងថៃ នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយជប៉ុន។
ចាប់តាំងពីទសវត្សរ៍ទី៩០ ក្រុមហ៊ុនជប៉ុនជាច្រើន នៅក្នុងឧស្សាហកម្មរថយន្ត បានពង្រីកខ្លួនចូលទៅក្នុងប្រទេសថៃ បន្ទាប់ពីប្រាក់ឈ្នួលពលកម្មនៅក្នុងប្រទេសជប៉ុន បានចាប់ផ្តើមកើនឡើងខ្លាំង។
ប្រទេសថៃទទួលបានកេរ្តិ៍ឈ្មោះ ជាទិសដៅសំខាន់សម្រាប់ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន ដែលរួមចំណែកយ៉ាងសំខាន់ ដល់សេដ្ឋកិច្ចថៃ។
ប៉ុន្តែក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសនេះបាននឹងកំពុងប្រឈមនឹងបញ្ហាដូចជាការកើនឡើងថ្លៃពលកម្ម និងធ្លាក់ចុះការប្រើប្រាស់ ដោយសារការថយចុះអត្រាកំណើត និងចំនួនប្រជាជនវ័យចំណាស់ យោងរបាយការណ៍ដែលបង្ហាញនៅក្នុងគេហទំព័រNikkei.com ។
“ដើម្បីជម្នះបញ្ហាទាំងនេះ ក្រុមហ៊ុនបាននឹងកំពុងផ្លាស់ប្តូរផលិតកម្មរបស់ពួកគេមួយចំនួន ពីប្រទេសថៃមកកម្ពុជា ឬប្រើប្រាស់ប្រទេសថៃជាគោលដើម្បីចូលទីផ្សារកម្ពុជា។ វិធីសាស្រ្តនេះត្រូវបានគេស្គាល់ថាជាប្រទេសថៃបូកមួយ” (Thailand-Plus-One”) ។
ក្រុមហ៊ុន Yazaki គឺជាក្រុមហ៊ុនដំបូងគេមួយមកពីប្រទេសជប៉ុន ដែលបានចាប់ផ្តើមអនុវត្តន៍“Thailand-Plus-One”។
“វាមានរយៈពេលជាង៦០ឆ្នាំហើយ ចាប់តាំងពីក្រុមហ៊ុន Yazaki បានបង្កើតមូលដ្ឋាននៅបរទេសដំបូងរបស់ខ្លួន នៅក្នុងប្រទេសថៃ។ ក្រុមហ៊ុននេះដែលភាគច្រើនផលិតខ្សែភ្លើង ត្រូវការកម្លាំងពលកម្មយ៉ាងច្រើន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានបង្កើតប្រព័ន្ធផលិតកម្ម ដែលគ្របដណ្តប់លើប្រទេសថៃ និងកម្ពុជា។
វិធានការនេះបានជួយក្រុមហ៊ុន រក្សាភាពប្រកួតប្រជែងរបស់ខ្លួនដែលពឹងផ្អែកលើកម្លាំងពលកម្ម នៅក្នុងប្រទេសកម្ពុជា ដែលតម្លៃពលកម្មទាបជាង។
គ្រឿងបន្លាស់រថយន្ត ដែលផលិតនៅភាគខាងកើត ប្រទេសថៃត្រូវបានដឹកជញ្ជូនមកកម្ពុជា ផ្គុំជាផលិតផល ហើយបន្ទាប់មកត្រឡប់ទៅប្រទេសថៃវិញ ដើម្បីចែកចាយដល់ក្រុមហ៊ុនផលិតរថយន្តជប៉ុន។ ហើយឥឡូវនេះ លំហូរផលិតកម្មនេះ បានរងផលប៉ះពាល់យ៉ាងខ្លាំងដោយជម្លោះព្រំដែន។
របាយការណ៍បានសង្កត់ធ្ងន់ថា នៅពេលដែលការដឹកជញ្ជូនតាមផ្លូវគោកត្រូវបានកាត់ផ្តាច់ ដោយសារតែការបិទច្រកព្រំដែន នៅចុងខែមិថុនា ក្រុមហ៊ុនដំបូងបានប្រើការដឹកជញ្ជូន តាមផ្លូវអាកាសជាវិធានការបន្ទាន់ ប៉ុន្តែចាប់តាំងពីខែសីហាមក ក្រុមហ៊ុននេះបានប្រើប្រាស់ការដឹកជញ្ជូន តាមកំពង់ផែក្រុងព្រះសីហនុ ភាគច្រើនដែលមានចម្ងាយប្រហែល២៥០គីឡូម៉ែត្រពីរោងចក្រ។
ការដឹកជញ្ជូនទំនិញក្រុមហ៊ុនក្នុងប្រទេសកម្ពុជា និងប្រទេសថៃបានចំណាយពេលពីរថ្ងៃ ដោយការដឹកជញ្ជូនតាមផ្លូវគោក ប៉ុន្តែឥឡូវនេះត្រូវចំណាយពេល១០ថ្ងៃតាមសមុទ្រ។
លោក Hirochika Suzuki ប្រធានក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់សាជីវកម្មYazaki នៅប្រទេសថៃ និងប្រទេសកម្ពុជាបានមានប្រសាសន៍ថា “ទោះបីជាប្រទេសថៃនៅមិនឆ្ងាយ ពីរោងចក្ររបស់យើងនៅខេត្តកោះកុងក៏ដោយ ក៏យើងត្រូវបានបង្ខំឱ្យប្រើផ្លូវវែងឆ្ងាយ”។លោកបន្ថែមថា “វាមិនសមហេតុផលទេ ប៉ុន្តែយើងត្រូវតែបំពេញនូវទំនួលខុសត្រូវផ្គត់ផ្គង់របស់យើ ងទោះបីជាមានបញ្ហាអ្វីក៏ដោយ” ។
ដូចជាសាជីវកម្ម Yazaki, MinebeaMitsumi, Sumitomo Wiring Systems និងDenso Corporation ក៏អនុវត្តសកម្មភាពផលិតកម្មនៅទូទាំងប្រទេសថៃ និងកម្ពុជាផងដែរ ប៉ុន្តែពួកគេទាំងអស់ត្រូវបានបង្ខំឱ្យរៀបចំរចនាសម្ព័ន្ធ ខ្សែចង្វាក់ផ្គត់ផ្គង់ឡើងវិញ ដោយសារតែការបិទព្រំដែន។
ទាក់ទងនឹងការកើនឡើងនៃថ្លៃដឹកជញ្ជូន ដែលជាបន្ទុកក្រុមហ៊ុន លោក Tsuyoshi Egashira ប្រធានក្រុមហ៊ុនJMG ដែលជាក្រុមហ៊ុនដឹកជញ្ជូន ដែលបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ២០២១ បានបង្ហាញថា “ការចំណាយទាំងនេះ ជាទូទៅបានកើនឡើង ដល់បីដង”។
ក្រៅពីការកើនឡើងថ្លៃដឹកជញ្ជូន លំហូរសាច់ប្រាក់កាន់តែយ៉ាប់យ៉ឺន ដោយសារការកើនឡើងនៃសារពើភ័ណ្ឌ ក៏ជៀសមិនរួចដែរ។
លោកបានប្រាប់គេហទំព័រNikkei.com ថា លោកជឿជាក់ថា សហគ្រាសធុនតូច និងមធ្យមមួយចំនួន ដែលមិនមានកម្លាំងហិរញ្ញវត្ថុក្នុងការគ្រប់គ្រងប្រតិបត្តិការរបស់ពួកគេ នឹងត្រូវបង្ខំចិត្តធ្វើការសម្រេចចិត្តដកខ្លួនចេញពីកម្ពុជា។
រដ្ឋាភិបាលជប៉ុន បានស្នើម្តងហើយម្តងទៀត ឲ្យប្រទេសទាំងពីរបើកព្រំដែនឡើងវិញ។ ទោះជាយ៉ាងណា ស្ថានភាពកាន់តែអាក្រក់ទៅៗ ដោយប្រទេសថៃ បានលោភបទឈប់បាញ់ជាញឹកញាប់៕