ក្រុមហ៊ុនជប៉ុនកំពុងរងសម្ពាធពីការកើនឡើងតម្លៃដឹកជញ្ជូននៅកម្ពុជាដោយសារហេតុផល១នេះ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ បណ្តាក្រុមហ៊ុនជប៉ុននានា បាននិងកំពុងលើកឡើងពីកង្វល់ ខណៈដែលការចំណាយ លើការដឹកជញ្ជូនរបស់ពួកគេ បានកើនឡើងជិតបីដង ដោយសារតែការបិទព្រំដែនគោករវាងកម្ពុជា និងថៃ នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយជប៉ុន។

ចាប់តាំងពីទសវត្សរ៍ទី៩០ ក្រុមហ៊ុនជប៉ុនជាច្រើន នៅក្នុងឧស្សា​ហកម្មរថយន្ត បានពង្រីកខ្លួនចូលទៅក្នុងប្រទេសថៃ បន្ទាប់ពីប្រាក់ឈ្នួលពលកម្មនៅក្នុងប្រទេសជប៉ុន បានចាប់ផ្តើមកើនឡើងខ្លាំង។

ប្រទេសថៃទទួលបានកេរ្តិ៍ឈ្មោះ ជាទិសដៅសំខាន់សម្រាប់ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន ដែលរួមចំណែកយ៉ាងសំខាន់ ដល់សេដ្ឋកិច្ចថៃ។

ប៉ុន្តែក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសនេះបាននឹងកំពុងប្រឈមនឹងបញ្ហាដូចជាការកើនឡើងថ្លៃពលកម្ម និងធ្លាក់ចុះការប្រើប្រាស់ ដោយ​សារការថយចុះអត្រាកំណើត និងចំនួនប្រជាជនវ័យចំណាស់ យោងរបាយការណ៍ដែលបង្ហាញនៅក្នុងគេហទំព័រNikkei.com ។

“ដើម្បីជម្នះបញ្ហាទាំងនេះ ក្រុមហ៊ុនបាននឹងកំពុងផ្លាស់ប្តូរផលិត​កម្មរបស់ពួកគេមួយចំនួន ពីប្រទេសថៃមកកម្ពុជា ឬប្រើប្រាស់ប្រទេសថៃជាគោលដើម្បីចូលទីផ្សារកម្ពុជា។ វិធីសាស្រ្តនេះត្រូវបានគេស្គាល់ថាជាប្រទេសថៃបូកមួយ” (Thailand-Plus-One”) ។

ក្រុមហ៊ុន Yazaki គឺជាក្រុមហ៊ុនដំបូងគេមួយមកពីប្រទេសជប៉ុន ដែលបានចាប់ផ្តើមអនុវត្តន៍“Thailand-Plus-One”។

“វាមានរយៈពេលជាង៦០ឆ្នាំហើយ ចាប់តាំងពីក្រុមហ៊ុន Yazaki បានបង្កើតមូលដ្ឋាននៅបរទេសដំបូងរបស់ខ្លួន នៅក្នុងប្រទេសថៃ។ ក្រុមហ៊ុននេះដែលភាគច្រើនផលិតខ្សែភ្លើង ត្រូវការកម្លាំងពលកម្មយ៉ាងច្រើន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានបង្កើតប្រព័ន្ធផលិតកម្ម ដែលគ្របដណ្តប់លើប្រទេសថៃ និងកម្ពុជា។

វិធានការនេះបានជួយក្រុមហ៊ុន រក្សាភាពប្រកួតប្រជែងរបស់ខ្លួនដែលពឹងផ្អែកលើកម្លាំងពលកម្ម នៅក្នុងប្រទេសកម្ពុជា ដែលតម្លៃពលកម្មទាបជាង។

គ្រឿងបន្លាស់រថយន្ត ដែលផលិតនៅភាគខាងកើត ប្រទេសថៃត្រូវបានដឹកជញ្ជូនមកកម្ពុជា ផ្គុំជាផលិតផល ហើយបន្ទាប់មកត្រឡប់ទៅប្រទេសថៃវិញ ដើម្បីចែកចាយដល់ក្រុមហ៊ុនផលិតរថយន្តជប៉ុន។ ហើយ​ឥឡូវ​នេះ លំហូរ​ផលិត​កម្ម​នេះ ​បាន​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដោយ​ជម្លោះ​ព្រំដែន។

របាយការណ៍បានសង្កត់ធ្ងន់ថា នៅពេលដែលការដឹកជញ្ជូនតាមផ្លូវគោកត្រូវបានកាត់ផ្តាច់ ដោយសារតែការបិទច្រកព្រំដែន នៅចុងខែមិថុនា ក្រុមហ៊ុនដំបូងបានប្រើការដឹកជញ្ជូន តាមផ្លូវអាកាសជាវិធានការបន្ទាន់ ប៉ុន្តែចាប់តាំងពីខែសីហាមក ក្រុមហ៊ុននេះបានប្រើប្រាស់ការដឹកជញ្ជូន តាមកំពង់ផែក្រុងព្រះសីហនុ ភាគច្រើនដែលមានចម្ងា​យប្រហែល២៥០គីឡូម៉ែត្រពីរោងចក្រ។

ការដឹកជញ្ជូនទំនិញក្រុមហ៊ុនក្នុងប្រទេសកម្ពុជា និងប្រទេសថៃបានចំណាយពេលពីរថ្ងៃ ដោយការដឹកជញ្ជូនតាមផ្លូវគោក ប៉ុន្តែឥឡូវនេះត្រូវចំណាយពេល១០ថ្ងៃតាមសមុទ្រ។

លោក Hirochika Suzuki ប្រធានក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់សាជីវកម្មYazaki នៅប្រទេសថៃ និងប្រទេសកម្ពុជាបានមានប្រសា​សន៍ថា “ទោះបីជាប្រទេសថៃនៅមិនឆ្ងាយ ពីរោងចក្ររបស់យើងនៅខេត្តកោះកុងក៏ដោយ ក៏យើងត្រូវបានបង្ខំឱ្យប្រើផ្លូវវែងឆ្ងាយ”។លោកបន្ថែមថា “វាមិនសមហេតុផលទេ ប៉ុន្តែយើងត្រូវតែបំពេញនូវទំនួលខុសត្រូវផ្គត់ផ្គង់របស់យើ ងទោះបីជាមានបញ្ហាអ្វីក៏ដោយ” ។

ដូចជាសាជីវកម្ម Yazaki, MinebeaMitsumi, Sumitomo Wiring Systems និងDenso Corporation ក៏អនុវត្តសកម្មភាពផលិតកម្មនៅទូទាំងប្រទេសថៃ និងកម្ពុជាផងដែរ ប៉ុន្តែពួកគេទាំងអស់ត្រូវបានបង្ខំឱ្យរៀបចំរចនាសម្ព័ន្ធ ខ្សែចង្វាក់ផ្គត់ផ្គង់ឡើងវិញ ដោយ​សារតែការបិទព្រំដែន។

ទាក់ទងនឹងការកើនឡើងនៃថ្លៃដឹកជញ្ជូន ដែលជាបន្ទុកក្រុមហ៊ុន លោក Tsuyoshi Egashira ប្រធានក្រុមហ៊ុនJMG ដែលជាក្រុមហ៊ុនដឹកជញ្ជូន ដែលបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ២០២១ បានបង្ហាញថា “ការចំណាយទាំងនេះ ជាទូទៅបានកើនឡើង ដល់បីដង”។

ក្រៅពីការកើនឡើងថ្លៃដឹកជញ្ជូន លំហូរសាច់ប្រាក់កាន់តែយ៉ា​ប់យ៉ឺន ដោយសារការកើនឡើងនៃសារពើភ័ណ្ឌ ក៏ជៀសមិនរួចដែរ។

លោកបានប្រាប់គេហទំព័រNikkei.com ថា លោកជឿជាក់ថា សហគ្រាសធុនតូច និងមធ្យមមួយចំនួន ដែលមិនមានកម្លាំងហិរញ្ញវត្ថុក្នុងការគ្រប់គ្រងប្រតិបត្តិការរបស់ពួកគេ នឹងត្រូវបង្ខំចិត្តធ្វើការសម្រេចចិត្តដកខ្លួនចេញពីកម្ពុជា។

រដ្ឋាភិបាល​ជប៉ុន​ បាន​ស្នើ​ម្តង​ហើយ​ម្តងទៀត ​ឲ្យ​ប្រទេស​ទាំងពីរ​បើក​ព្រំដែន​ឡើងវិញ។ ទោះ​ជា​យ៉ាង​ណា ស្ថានភាព​កាន់​តែ​អាក្រក់​ទៅៗ ដោយ​ប្រទេស​ថៃ​ បាន​លោភបទឈប់បាញ់ជាញឹកញាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here