ដោយ៖ សហការី
ភ្នំពេញ៖ នាព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នៅវិមានសន្តិភាព, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ KIM Jina អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងឱកាសនៃជំនួប, លោកជំទាវអនុរដ្ឋមន្ត្រីទី២ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចបវរធិបតី ដែលបានអនុញ្ញាតឱ្យលោកជំទាវ និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ លោកជំទាវបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ លើគ្រប់វិស័យ រួមទាំង ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នាពេលកន្លងមក។ លោកជំទាវបានគូសបញ្ជាក់ជូនសម្ដេចបវរធិបតីថា កន្លងមក នគរបាលនៃប្រទេសទាំងពីរបានសហការគ្នាជាច្រើន ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយពុំបានចុះផ្សាយព័ត៌មានទាំងនោះឱ្យបានពេញលេញ។ ដូច្នេះ ទស្សនកិច្ចការងាររបស់លោកជំទាវ និងគណៈប្រតិភូនាពេលនេះ នឹងរួមចំណែកកាត់បន្ថយនូវការភាន់ច្រឡំ តាមបណ្ដាញសារព័ត៌មាន ដោយសារការផ្សព្វផ្សាយព័ត៌មានមិនបានគ្រប់ជ្រុងជ្រោយ ក៏ដូចជានឹងរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់រឹងមាំ ក្នុងគោលដៅរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ លោកជំទាវក៏បានថ្លែងអំណរគុណចំពោះកម្ពុជាដែលតែងតែផ្ដល់នូវកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរនាពេលកន្លងមក ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ប្រកបដោយលទ្ធផលល្អជាផ្លែផ្កា។ ក្នុងន័យនេះ, សាធារណរដ្ឋកូរ៉េប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែស៊ីជម្រៅ និងល្អប្រសើរ ថែមទៀត។