ដោយ ម៉ាណេត
សឹង្ហបុរីៈ ក្រុមហ៊ុន Hong Lai Huat Group ដែលជាក្រុមហ៊ុន និងអ្នកភិវឌ្ឍន៍អចលនទ្រព្យ និងបានចុះបញ្ជីនៅផ្សារ ហ៊ុនសឹង្ហបុរី បានចុះកិច្ចព្រមព្រៀងទិញលក់អចលនទ្រព្យ ដែលបានវិនិយោគនៅកម្ពុជាក្នុងតម្លៃ១,១២ លានដុល្លារ។ នេះបើយោងតាមគេហទំព័រ Business Times ដែលមានមូលដ្ឋាននៅប្រទេសសឹង្ហបូរី។
អចលនទ្រព្យវិនិយោគលើនេះរួមមានដី និងរោងចក្រមួយស្ថិតនៅខេត្តកណ្តាលដែលមានផ្ទៃដីចំនួន ៨,៤៩៩ ម៉ែត្រការ៉េរួម និងរោងចក្រដែលមានទំហំ៤,៦៩៨ ម៉ែត្រការ៉េ។
-->
អ្នកអភិវឌ្ឍន៍ខាងលើបានប្រកាសលក់ និងបានលក់ចេញអចលនទ្រព្យរបស់ខ្លួនដែលស្ថិតនៅប្រទេសកម្ពុជា កាលពីព្រឹក មិញនេះនៅឯប្រទេសសឹង្ហបុរី មុនពេលការបើកទិញលក់ផ្សារហ៊ុននៅប្រទេសសឹង្ហបុរី ប៉ុន្តែអ្នកទិញមិនត្រូវបានបញ្ចេញអត្តសញ្ញាណ ខណៈអ្នកជំនាញថា វិស័យអចលនទ្រព្យរបស់ប្រទេសកម្ពុជា កំពុងបង្ហាញសក្តានុពលរបស់ខ្លួននៅកាន់ទីផ្សារអន្តរជាតិ។
អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកអចលនទ្រព្យកម្ពុជា លោកយិន លាងគង់បានមានប្រសាសន៍ថា ការប្រកាសលក់អចលនទ្រព្យកម្ពុជានៅក្រៅប្រទេស ជារឿងល្អមួយសម្រាប់វិស័យអចលនទ្រព្យកម្ពុជា ដែលវាជាសញ្ញាឆ្លុះបញ្ចាំងពីទំនុកចិត្តលើទីផ្សារកម្ពុជា ហើយវាបាននិងជំរុញនិងបង្កើនទំនុកចិត្តពីវិនិយោគិនជាតិ និងអន្តរជាតិក្នុងប្រទេសនេះ។

លោកបន្តថា “វិស័យអចលនទ្រព្យនៅកម្ពុជា កំពុងបង្ហាញពីសក្តានុពលរបស់ខ្លួន និងលើកកម្ពស់រូបភាពរបស់ខ្លួនទៅកាន់វិនិយោគិនអន្តរជាតិ”។
លោកមានប្រសាសន៍ទៀតថា មិនត្រឹមតែវិនិយោគិននៅក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែវិនិយោគិនអន្តរជាតិ កំពុងសម្លឹងមើលការវិនិយោគអចលនទ្រព្យនៅក្នុងប្រទេសនេះ ដោយសារការចំណេញត្រឡប់វិញ ពីការវិនិយោគលើវិស័យអចលនទ្រព្យនៅក្នុងប្រទេសទទួលបានច្រើនជាងបណ្តាប្រទេសដទៃទៀត។
លោកបន្តថា “ខ្ញុំគិតថា វិស័យអចលនទ្រព្យនៅកម្ពុជានៅតែរក្សាបាននូវកំណើនដ៏រឹងមាំ ព្រោះកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជានៅតែបន្តកើនឡើងរយៈពេលខ្លី និងរយៈពេលមធ្យម។លោកបន្តថា “សម្រាប់ការរំពឹងទុករយៈពេលយូរអង្វែង លើវិស័យអចលនទ្រព្យ ខ្ញុំគិតថាវានឹងបន្តរីកចម្រើន បើសិនជាស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចបន្តរីកចម្រើន”។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុនៅកម្ពុជា លោក ច្រឹក សុខនីម បានឲ្យដឹងកន្លងមកថា មានកត្តាជាច្រើន ដែលធ្វើឲ្យមានការចំណេញច្រើន ដោយសារតែប្រទេសកម្ពុជាកំពុងអភិវឌ្ឍន៍ ដីនៅមានលទ្ធភាពទិញក្នុងការអភិវឌ្ឍន៍សាងសង់អគារខ្ពស់ ស្ថេរភាពនយោបាយ ភាពជឿជាក់លើវិស័យអចលនទ្រព្យ ព្រមទាំងសេដ្ឋកិច្ចក្នុងប្រទេសមានការរីកចម្រើន។
លោកបន្តថា “កត្តាទាំងអស់នេះ ហើយបានធ្វើឲ្យប្រជាជន និងជនបរទេសបានមកវិនិយោគនៅក្នុងប្រទេសកម្ពុជាកាន់់តែច្រើន” ។ លោកបន្តថា “តម្លៃអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា មានតម្លៃទាបជាងបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន ក៏ជាកត្តាចម្បងមួយដែលទទួលបានផល និងមានលទ្ធភាពច្រើនក្នុងការវិនិយោគក្នុងវិស័យអចលនទ្រព្យ”៕