ក្រុមហ៊ុន​ចុះបញ្ជី​ក្នុង​ផ្សារហ៊ុន​សិង្ហបុរី​យក​អចលនទ្រព្យ​ពី​កម្ពុជា​ដាក់​លក់​នៅ​លើ​ទីផ្សារ​អន្តរជាតិ​

0

ដោយ​ ម៉ា​ណេត

សឹង្ហ​បុ​រីៈ​ ក្រុមហ៊ុន​ Hong​ Lai​ Huat​ Group​ ដែល​ជា​ក្រុមហ៊ុន​ និង​អ្នក​ភិ​វឌ្ឍន៍​អចលនទ្រព្យ​ និង​បាន​ចុះបញ្ជី​នៅ​ផ្សារ ហ៊ុន​សឹង្ហ​បុរី​ ​បាន​ចុះ​កិច្ច​ព្រមព្រៀង​ទិញ​លក់​អចលនទ្រព្យ​ ដែល​បាន​វិនិយោគ​នៅ​កម្ពុជា​ក្នុង​តម្លៃ១​,១២​ លាន​ដុល្លារ​។ នេះ​បើ​យោង​តាម​គេហទំព័រ​ Business​ Times​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សឹង្ហ​បូរី​។

អចលនទ្រព្យ​វិនិយោគ​លើ​នេះ​រួមមាន​ដី​ និង​រោងចក្រ​មួយ​ស្ថិតនៅ​ខេត្តកណ្តាល​ដែល​មានផ្ទៃ​ដី​ចំនួន​ ៨,៤៩៩​ ម៉ែត្រការ៉េ​រួម​ និង​រោងចក្រ​ដែល​មាន​ទំហំ៤​,៦៩៨​ ម៉ែត្រការ៉េ​។

អ្នក​អភិវឌ្ឍន៍​ខាងលើ​បាន​ប្រកាស​លក់​ និង​បាន​លក់​ចេញ​អចលនទ្រព្យ​របស់​ខ្លួន​ដែល​ស្ថិតនៅ​ប្រទេស​កម្ពុជា​ កាលពី​ព្រឹក មិញ​នេះ​នៅ​ឯប្រទេស​សឹង្ហ​បុរី​ មុន​ពេល​ការ​បើក​ទិញ​លក់​ផ្សារហ៊ុន​នៅ​ប្រទេស​សឹង្ហ​បុរី​ ប៉ុន្តែ​អ្នកទិញ​មិន​ត្រូវ​បាន​បញ្ចេញ​អត្តសញ្ញាណ​ ខណៈ​អ្នកជំនាញ​ថា​ វិស័យ​អចលនទ្រព្យ​របស់​ប្រទេស​កម្ពុជា​ កំពុង​បង្ហាញ​សក្តា​នុ​ពល​របស់​ខ្លួន​នៅ​កាន់​ទីផ្សារ​អន្តរជាតិ​។

អនុប្រធាន​ក្រុមប្រឹក្សា​ភិបាល​សមាគម​អ្នក​អចលនទ្រព្យ​កម្ពុជា​ លោ​កយិន​ លាង​គង់​បាន​មានប្រសាសន៍​ថា​ ការប្រកាស​លក់​អចលនទ្រព្យ​កម្ពុជា​នៅ​ក្រៅប្រទេស​ ជា​រឿង​ល្អ​មួយ​សម្រាប់​វិស័យ​អចលនទ្រព្យ​កម្ពុជា​ ដែល​វា​ជា​សញ្ញា​ឆ្លុះបញ្ចាំង​ពី​ទំនុកចិត្ត​លើ​ទីផ្សារ​កម្ពុជា​ ហើយ​វា​បាន​និង​ជំរុញ​និង​បង្កើន​ទំនុកចិត្ត​ពី​វិនិយោគិន​ជាតិ​ និង​អន្តរជាតិ​ក្នុង​ប្រទេស​នេះ​។

លោក​បន្ត​ថា​ “វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ កំពុង​បង្ហាញ​ពី​សក្តា​នុ​ពល​របស់​ខ្លួន​ និង​លើកកម្ពស់​រូបភាព​របស់​ខ្លួន​ទៅកាន់​វិនិយោគិន​អន្តរជាតិ​”។

លោក​មានប្រសាសន៍​ទៀត​ថា​ មិន​ត្រឹមតែ​វិនិយោគិន​នៅក្នុង​ស្រុក​ប៉ុណ្ណោះទេ​ ប៉ុន្តែ​វិនិយោគិន​អន្តរជាតិ​ កំពុង​សម្លឹង​មើល​ការ​វិនិយោគ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​នេះ​ ដោយសារ​ការ​ចំណេញ​ត្រឡប់​វិញ​ ពី​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​ទទួល​បាន​ច្រើនជាង​បណ្តា​ប្រទេស​ដទៃទៀត​។

លោក​បន្ត​ថា​ “ខ្ញុំ​គិតថា​ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​នៅតែ​រក្សា​បាន​នូវ​កំណើន​ដ៏​រឹងមាំ​ ព្រោះ​កំណើន​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​នៅតែ​បន្ត​កើនឡើង​រយៈពេល​ខ្លី​ និង​រយៈពេល​មធ្យម​។លោក​បន្ត​ថា​ “សម្រាប់​ការ​រំពឹង​ទុក​រយៈពេល​យូរ​អង្វែង​ លើ​វិស័យ​អចលនទ្រព្យ​ ខ្ញុំ​គិតថា​វា​នឹង​បន្ត​រីកចម្រើន​ បើសិនជា​ស្ថិរភាព​នយោបាយ​ និង​កំណើន​សេដ្ឋកិច្ច​បន្ត​រីកចម្រើន​”។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​នៅ​កម្ពុជា​ លោក​ ច្រឹក​ សុ​ខនីម​ បាន​ឲ្យដឹង​កន្លងមក​ថា​ មានក​ត្តា​ជាច្រើន​ ដែល​ធ្វើឲ្យ​មានការ​ចំណេញ​ច្រើន​ ដោយសារតែ​ប្រទេស​កម្ពុជា​កំពុង​អភិវឌ្ឍន៍​ ដី​នៅ​មានលទ្ធភាព​ទិញ​ក្នុង​ការ​អភិវឌ្ឍន៍​សាងសង់​អគារ​ខ្ពស់​ ស្ថេរ​ភាព​នយោបាយ​ ភាព​ជឿជាក់​លើ​វិស័យ​អចលនទ្រព្យ​ ព្រមទាំង​សេដ្ឋកិច្ច​ក្នុង​ប្រទេស​មានការ​រីកចម្រើន​។

លោក​បន្ត​ថា​ “កត្តា​ទាំងអស់​នេះ​ ហើយ​បាន​ធ្វើឲ្យ​ប្រជាជន​ និង​ជនបរទេស​បាន​មក​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុ​ជា​កាន់់​តែ​ច្រើន​” ។ លោក​បន្ត​ថា​ “តម្លៃ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​ មានតម្លៃ​ទាប​ជាង​បណ្តា​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​អាស៊ាន​ ក៏​ជា​កត្តា​ចម្បង​មួយ​ដែល​ទទួល​បានផល​ និង​មានលទ្ធភាព​ច្រើន​ក្នុង​ការ​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here