ក្រសួងសាធារណការនិងអ្នកជំនាញជប៉ុនពិភាក្សាលើការដឹកជញ្ជូនលើផ្លូវគោក ផ្លូវដែក និងផ្លូវទឹកជាមួយប្រទេសក្នុងតំបន់

0

ដោយៈ និស្ស័យ

    ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងក្រុមអ្នកជំនាញការនៃJICA បានបើកកិច្ចប្រជុំពិភាក្សាពីការសិក្សាសំខាន់ៗ នៃប្រព័ន្ធភស្ដុភារកម្មកម្ពុជា។

កិច្ចពិភាក្សានេះ ត្រូវបានលើកយកមកពិភាក្សា ក្នុងកិច្ចប្រជុំលើកទី៤ របស់គណៈកម្មការចម្រុះ សម្រាប់សម្របសម្រួលការអនុវត្តគម្រោ​ងពង្រឹងសមត្ថភាព ក្នុងការសម្របសម្រួលសម្រាប់ ការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភស្ដុភារកម្មកម្ពុជា (SF-CLIP)។

កិច្ចប្រជុំកាលពីថ្ងៃទី២៨ តុលាបានដឹកនាំដោយលោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលបន្ទុកជាប្រធានគណៈកម្មការ គ្រប់គ្រងគម្រោងSF-CLIP និងលោកស្រី MIURA Yoshiko តំណាងជាន់ខ្ពស់នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំកម្ពុជា និងមន្រ្តីពាក់ព័ន្ឋ។

អង្គប្រជុំបានពិភាក្សាលើ របាយការណ៍លទ្ធផលការងារ បញ្ហាប្រឈម និងដំណោះស្រាយ ចំពោះគម្រោងនៃការសិក្សាមណ្ឌលភស្តុភារកម្មក្នុងតំបន់ (Regional Hub Study) និងការសិក្សាថ្មីៗក្នុងការរៀបចំការវិភាគផ្អែកលើភស្តុតាង ការធ្វើផែនការសម្រាប់ការកែលម្អភស្តុភារកម្ម និងការកែលម្អរបាយការណ៍ប្រចាំឆ្នាំផ្នែកភស្តុភារកម្ម និងសកម្មភាពកែលម្អ ការដឹកជញ្ជូនទំនិញតាមផ្លូវគោក និងសកម្មភាពកែលម្អការដឹកជញ្ជូនទំនិញតាមរថភ្លើង ក្នុងការសិក្សាត្រួតពិនិត្យ និងវាយតម្លៃស្ថានភាពចរាចរណ៍ផ្លូវគោកជាប្រចាំ និងការសម្របសម្រួលនៃការដឹកជញ្ជូនតាមផ្លូវទឹកអន្តរជាតិ ជាមួយប្រទេស ឡាវ វៀតណាម និងកម្ពុជា ដើម្បីឱ្យប្រព័ន្ធដឹកជញ្ជូន និងភស្ដុភារកម្មកម្ពុជាមានភាពប្រសើរឡើងនាពេលអនាគត។

ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវប្រធានអង្គប្រជុំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមជំនាញការជប៉ុន ក្រុមការងាររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមការងារនៃគណៈកម្មការគ្រប់គ្រងគម្រោងSF-CLIP និងសមាជិកគណៈកម្មការចម្រុះសម្រ​បសម្រួល ការអនុវត្តគម្រោងនៃអន្តរក្រសួង ដែលបានខិតខំប្រឹងប្រែងបំពេញការងារយ៉ាងសកម្ម និងការចូលរួមពីគ្រប់ស្ថាប័ន និងភាគីពាក់ព័ន្ធទទួលលទ្ធផលបានល្អប្រសើរ និងបានសំណូមពរឱ្យក្រុមការ​ងារទាំងអស់ បន្តសហការបន្ថែមទៀត ដើម្បីលើកកម្ពស់វិស័យដឹកជញ្ជូន និងភស្ដុភារកម្មនៅកម្ពុ ជាឱ្យកាន់តែមានការរីកចម្រើននូវជំហា​នបន្តបន្ទាប់ខាងមុខទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here