រូបភាពសំណងអគារធំៗ និងខ្ពស់ៗ នៅក្នុងរាជធានីភ្នំពេញ។ រូបថត៖ ម៉ៃ វិរៈ
ដោយ ម៉ាណេត
ភ្នំពេញៈ ស្ថាប័នអន្តរជាតិធំៗពីរ គឺធនាគារពិភពលោក (World Bank) និងមូលនិធិរូបិយប័ណ្ណអន្តរជាតិ(IMF)បានបង្ហាញនូវការព្យាករំណ៍ស្របគ្នាថាវិស័យអចលនទ្រព្យ កំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំនើនសេដ្ឋកិច្ចកម្ពុជា។
ដោយមានការជំរុញមួយផ្នែកធំពីរ ទាក់ទងនឹងការកើនយ៉ាងរហ័សនៃការនាំចេញ និងការបន្តលូតលាស់នៃវិស័យសំណង់ ធនាគារពិភពលោក (World bank) បានកាលពីថ្មីៗនេះថា ប្រទេសកម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ច៧,៥ភាគរយ នៅក្នុងឆ្នាំ២០១៨ ដែលជាអត្រាកំណើនល្អជាងការរំពឹងទុកទៅទៀត។
-->
ជាមួយគ្នានេះរបាយការណ៍នៃលំហូរទុន អចលនទ្រព្យរបស់មូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) ដែលបានចេញផ្សាយកាលពីខែធ្នូ បានក៏បានបញ្ជាក់ឲ្យឃើញថា ទុនវិនិយោគបានបន្តលំហូរចូលក្នុងវិស័យសំណង់យ៉ាងមានលំនឹង។
របាយការណ៍របស់ធនាគារពិភពលោកបញ្ជាក់ថា “ក្រៅពីវិស័យនាំចេញរបស់ផលិតផលសម្លៀកបំពាក់ ស្បែកជើង និងមុខទំនិញធ្វើដំណើរ វិស័យសំណង់ អចលនទ្រព្យ និងទេសចរណ៍សរុបគ្នាមកមានចំណែក៦០ភាគរយ នៃចំនួនគម្រោងវិនិយោគទាំងអស់ ដែលត្រូវបានអនុម័តរួចក្នុងឆ្នាំ២០១៨។ ការផលិតសម្ភារផ្គត់ផ្គង់ការសាងសង់ ដែកគ្រឿងសង្ហារឹម និងផលិតផលថ្នាំស្មីក ក៏មានការកើនឡើងយ៉ាងលឿនដែរ ដើម្បីគាំទ្រដល់ការលូតលាស់របស់វិស័យសំណង់”។
ស្របពេលរបាយការណ៍របស់អង្គការមូលនិធិរូបិយវត្ថុអន្ដរជាតិ និងអ្នកជំនាញ បង្ហាញផងដែរថា វិស័យធនាគារការរីកចម្រើនយ៉ាងខ្លាំង ដោយសារផ្នែកអចលនទ្រព្យនៅកម្ពុជា។
របាយការណ៍អង្គការមូលនិធិរូបិយវត្ថុអន្ដរជាតិនេះបានឱ្យដឹងថា “កំណើនឥណទានក្នុងវិស័យអចលនទ្រព្យ ដែលជាបណ្តាញគន្លឹះទាក់ទងនឹងឥណទាន និងកំណើនសេដ្ឋកិច្ចមានកម្រិតជាមធ្យម ប្រហែល៣៥ភាគរយចាប់តាំងពីឆ្នាំ២០១៦ ដែលជំរុញដោយធនាគារមួយចំនួន”។
របាយការណ៍បង្ហាញផងដែរថា អ្នកអភិវឌ្ឍន៍ត្រូវផ្តល់លក្ខខណ្ឌកម្ចីងាយស្រួលសម្រាប់អ្នកទិញក្នុងស្រុក ដើម្បីឈានជើងចូលទីផ្សារ ហើយវិធានការត្រួតពិនិត្យតឹងរ៉ឹងចាំបាច់ត្រូវធ្វើនៅពេលអនាគត។
លោក Shin Chang Moo ប្រធានធនាគារភ្នំពេញពាណិជ្ជ បានមានប្រសាសន៍ថា “ការវិនិយោគលើអចលនទ្រព្យ និងគម្រោងអភិវឌ្ឍន៍គឺជាកត្តាជំរុញ ដ៏សំខាន់សម្រាប់កំណើននៃធនាគារ”។
លោកស្រីអ៊ីហ្គូណា ដូប្រាចា នាយកគ្រប់គ្រងធនាគារពិភពលោក សម្រាប់ប្រទេសកម្ពុជា មានប្រសាសន៍ថា “ការធ្វើឲ្យប្រសើរឡើង ដល់បរិយាកាសវិនិយោគ និងការកាត់បន្ថយថ្លៃចំណាយ ក្នុងការធ្វើធុរកិច្ច ព្រមទាំងការកសាងជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត សុទ្ធតែជាអាទិភាពគន្លឹះ សម្រាប់រក្សាកំនើនខ្លាំង ក្នុងរយៈពេលមធ្យម”។
លោកស្រីបន្តថា “ភ័ស្តុតាងនានាបានរំលេចឲ្យឃើញថា ការវិនិយោគទៅលើលើប្រជាជន មានសារៈសំខាន់ណាស់ ដើម្បីជំរុញឲ្យមានវឌ្ឍនភាពសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។ ការវិនិយោគទៅលើ ប្រជាជន និងការកែលម្អគុណភាព នៃមូលធនមនុស្សរបស់កម្ពុជា គួរតែបន្តនៅជាស្នូលនៃសេចក្តីប្រាថ្នារបស់កម្ពុជា ក្នុងការឈានទៅសម្រេចគោលដៅ ជាសេដ្ឋកិច្ចមានចំណូលមធ្យមខ្ពស់ត្រឹមឆ្នាំ២០៣០”។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុនៅកម្ពុជាលោកច្រឹក សុខនីម បានថ្លែងថា និយាយអចលនទ្រព្យគឺនិយាយពីសេដ្ឋកិច្ច ហើយវិស័យអចលនទ្រព្យគឺមួយក្នុងចំនួនបង្គោលសេដ្ឋកិច្ច។

លោកបន្ថែមថា “ស្ថានភាពអចលនទ្រព្យនៅតែបន្តភាពចម្រើន ដោយយើងក្រឡេកមើលពីភាពរឹងមុំានៃសេដ្ឋកិច្ចជាតិ និងស្ថិរភាពនយោបាយក្នុងប្រទេស”។
ការវិនិយោគលើវិស័យសំណង់នៅក្នុងវិស័យអចលនទ្រព្យ គិតជាទឹកប្រាក់ជាង ១,៣៦ពាន់លានដុល្លារនៅក្នុងត្រីមាសទី១ដើមឆ្នាំនេះ។ ការវិនិយោគអចលនទ្រព្យនៅកម្ពុជាបានទទួលផលប្រយោជន៍ពី៧ ទៅ៨ភាគរយត្រឡប់មកវិញនៃការវិនិយោគ៕