តម្លៃខុនដូថ្មីជាមធ្យមនៅចំកណ្តាលទីក្រុងតូក្យូបានហក់ឡើងយ៉ាងគំហុកក្នុងខែតុលា ឆ្នាំ២០២៥

0

ដោយ: សហសេវិក
អន្តរជាតិ: យោងតាមវិទ្យាស្ថានស្រាវជ្រាវមួយបានឱ្យដឹងថា តម្លៃខុនដូថ្មីជាមធ្យមនៅចំកណ្តាលទីក្រុងតូក្យូក្នុងខែតុលា ឆ្នាំ២០២៥បានហក់ឡើង១៨,៣ភាគរយធៀបនឹងឆ្នាំមុន ដល់ទំហំទឹកប្រាក់ចំនួន១៥៣,១៣លានយ៉េន (ប្រមាណ៩៧២.០០០ដុល្លារ) ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន។

វិទ្យាស្ថានសេដ្ឋកិច្ចអចលនទ្រព្យ បានបញ្ជាក់ថា ដោយសារកំណើននៃការលក់អចលនទ្រព្យប្រណីតនៅចំកណ្តាលទីក្រុងតូក្យូ និងការកើនឡើងនៃតម្លៃដីធ្លី តម្លៃខុនដូជាមធ្យមនៅទីក្រុងតូក្យូ និងខេត្តជុំវិញទាំង៣របស់ខ្លួន បានកើនឡើង៧,១ភាគរយ ដល់៩៨,៩៥លានយ៉េន។

តម្លៃខុនដូត្រូវបានគេរំពឹងថា នឹងបន្តកើនឡើង ខណៈគម្រោងអភិវឌ្ឍន៍អចលនទ្រព្យធំៗនឹងត្រូវបានចេញលក់នៅក្នុងតំបន់ពេញនិយមក្នុងទីក្រុងតូក្យូ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Kyodo News។

ចំនួន​ខុនដូ​ថ្មី​ ដែល​បាន​ចុះបញ្ជី​សម្រាប់ដាក់​លក់​នៅ​ទីក្រុង​តូក្យូ និង​ខេត្ត​ជុំវិញចំនួន៣ ​បាន​ដាំក្បាលចុះ២៨,២ភាគរយ​មក​នៅ​ត្រឹម១.៣១៦យូនីត ដែល​ជា​ការ​ធ្លាក់ចុះ​លើក​ដំបូង​គិតចាប់តាំងពី​ខែមិថុនា។ ការដាក់លក់ខុនដូថ្មីក្នុង​សង្កាត់​ចំនួន២៣ នៅទីក្រុង​តូក្យូ​បាន​ដាំក្បាលចុះ៣៤,៤ភាគរយ​មក​នៅ​ត្រឹម៥៣៥យូនីត។

តម្លៃខុនដូថ្មីជាមធ្យមនៅភាគខាងលិចនៃទីក្រុងតូក្យូបានកើនឡើង៣ភាគរយដល់ទំហំទឹកប្រាក់ចំនួន៦៦,៣៧លានយ៉េន។ តម្លៃខុនដូនៅក្នុងខេត្ត Saitama បានកើនឡើង៦,៩ភាគរយដល់៦១,៥៦លានយ៉េន។

ទោះជាយ៉ាងណា តម្លៃខុនដូនៅក្នុងខេត្ត Kanagawa បានធ្លាក់ចុះ៥,៦ភាគរយមកនៅត្រឹម៦៤,០១លានយ៉េន ខណៈតម្លៃខុនដូនៅក្នុងខេត្ត Chiba បានដាំក្បាលចុះ១៦,៥ភាគរយមកនៅត្រឹម៤៨,៧៨លានយ៉េន៕ប្រភព: Kyodo News៕

LEAVE A REPLY

Please enter your comment!
Please enter your name here