ដោយ: សហសេវិក
អន្តរជាតិ: យោងតាមវិទ្យាស្ថានស្រាវជ្រាវមួយបានឱ្យដឹងថា តម្លៃខុនដូថ្មីជាមធ្យមនៅចំកណ្តាលទីក្រុងតូក្យូក្នុងខែតុលា ឆ្នាំ២០២៥បានហក់ឡើង១៨,៣ភាគរយធៀបនឹងឆ្នាំមុន ដល់ទំហំទឹកប្រាក់ចំនួន១៥៣,១៣លានយ៉េន (ប្រមាណ៩៧២.០០០ដុល្លារ) ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន។
វិទ្យាស្ថានសេដ្ឋកិច្ចអចលនទ្រព្យ បានបញ្ជាក់ថា ដោយសារកំណើននៃការលក់អចលនទ្រព្យប្រណីតនៅចំកណ្តាលទីក្រុងតូក្យូ និងការកើនឡើងនៃតម្លៃដីធ្លី តម្លៃខុនដូជាមធ្យមនៅទីក្រុងតូក្យូ និងខេត្តជុំវិញទាំង៣របស់ខ្លួន បានកើនឡើង៧,១ភាគរយ ដល់៩៨,៩៥លានយ៉េន។
តម្លៃខុនដូត្រូវបានគេរំពឹងថា នឹងបន្តកើនឡើង ខណៈគម្រោងអភិវឌ្ឍន៍អចលនទ្រព្យធំៗនឹងត្រូវបានចេញលក់នៅក្នុងតំបន់ពេញនិយមក្នុងទីក្រុងតូក្យូ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Kyodo News។
ចំនួនខុនដូថ្មី ដែលបានចុះបញ្ជីសម្រាប់ដាក់លក់នៅទីក្រុងតូក្យូ និងខេត្តជុំវិញចំនួន៣ បានដាំក្បាលចុះ២៨,២ភាគរយមកនៅត្រឹម១.៣១៦យូនីត ដែលជាការធ្លាក់ចុះលើកដំបូងគិតចាប់តាំងពីខែមិថុនា។ ការដាក់លក់ខុនដូថ្មីក្នុងសង្កាត់ចំនួន២៣ នៅទីក្រុងតូក្យូបានដាំក្បាលចុះ៣៤,៤ភាគរយមកនៅត្រឹម៥៣៥យូនីត។

តម្លៃខុនដូថ្មីជាមធ្យមនៅភាគខាងលិចនៃទីក្រុងតូក្យូបានកើនឡើង៣ភាគរយដល់ទំហំទឹកប្រាក់ចំនួន៦៦,៣៧លានយ៉េន។ តម្លៃខុនដូនៅក្នុងខេត្ត Saitama បានកើនឡើង៦,៩ភាគរយដល់៦១,៥៦លានយ៉េន។
ទោះជាយ៉ាងណា តម្លៃខុនដូនៅក្នុងខេត្ត Kanagawa បានធ្លាក់ចុះ៥,៦ភាគរយមកនៅត្រឹម៦៤,០១លានយ៉េន ខណៈតម្លៃខុនដូនៅក្នុងខេត្ត Chiba បានដាំក្បាលចុះ១៦,៥ភាគរយមកនៅត្រឹម៤៨,៧៨លានយ៉េន៕ប្រភព: Kyodo News៕







