ដោយ: សហសេវិក
អន្តរជាតិ: ក្រុមអ្នកវិភាគបានអះអាងថា ការទិញខុនដូស្តុកទុកដើម្បីលក់យកផលចំណេញ(Speculation)ដែលជាកត្តាជំរុញឱ្យតម្លៃខុនដូកើនឡើង ត្រូវគេជឿថា បានកើតមានក្នុងប្រទេសជប៉ុន។
ស្ថានភាពនេះបានជំរុញឱ្យរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីជប៉ុនលោកស្រី Sanae Takaichi ពិចារណាដាក់ចេញវិធានការឆ្លើយតប ដោយមិនគិតថា តើអាសយដ្ឋានរបស់អ្នកទិញស្ថិតនៅក្នុងប្រទេសជប៉ុន ឬនៅបរទេសនោះទេ។
លោក Yasushi Kaneko រដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ការដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុនបានទទួលស្គាល់ថា រដ្ឋាភិបាលជប៉ុនមិនមានទិន្នន័យស្តីពីសញ្ជាតិរបស់អ្នកទិញទេ។
-->

លោកបានលើកឡើងថា យើងមិនត្រូវការប្រតិបត្តិការទិញខុនដូស្តុកទុកដើម្បីលក់យកផលចំណេញ ដែលមិនផ្អែកលើតម្រូវការរស់នៅជាក់ស្តែងនោះទេ។
លោកបានបន្តថា ក្រសួងនឹងធ្វើការជាមួយក្រុមអ្នកអភិវឌ្ឍអចលនទ្រព្យដើម្បីទប់ស្កាត់សកម្មភាពបែបនេះ។ ប្រភពមួយបានទម្លាយឱ្យដឹងថា ជប៉ុនកំពុងពិចារណាលើប្រព័ន្ធមួយដែលនឹងតម្រូវឱ្យអ្នកដាក់ពាក្យស្នើសុំចុះបញ្ជីផ្ទេរអចលនទ្រព្យត្រូវបង្ហាញសញ្ជាតិរបស់ពួកគេ។
លោកស្រី Takaichi ដែលបានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុននៅថ្ងៃទី២១ ខែតុលា បានប្តេជ្ញាដាក់ចេញនូវច្បាប់តឹងរ៉ឹងជាងមុនលើការទិញដីធ្លីដោយជនបរទេស៕ប្រភព: Bernama៕

