ជប៉ុនកំពុងពិចារណាដាក់ឱ្យដំណើរការប្រព័ន្ធមួយដើម្បីរឹតបន្តឹងការទិញផ្ទះក្នុងគោលដៅវិនិយោគដោយជនបរទេស

0

ដោយ: សហសេវិក
អន្តរជាតិ: ក្រុមអ្នកវិភាគបានអះអាងថា ការទិញខុនដូស្តុកទុកដើម្បីលក់យកផលចំណេញ(Speculation)ដែលជាកត្តាជំរុញឱ្យតម្លៃខុនដូកើនឡើង ត្រូវគេជឿថា បានកើតមានក្នុងប្រទេសជប៉ុន។

ស្ថានភាពនេះបានជំរុញឱ្យរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីជប៉ុនលោកស្រី Sanae Takaichi ពិចារណាដាក់ចេញវិធានការឆ្លើយតប ដោយមិនគិតថា តើអាសយដ្ឋានរបស់អ្នកទិញស្ថិតនៅក្នុងប្រទេសជប៉ុន ឬនៅបរទេសនោះទេ។

លោក Yasushi Kaneko រដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ការដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុនបានទទួលស្គាល់ថា រដ្ឋាភិបាលជប៉ុនមិនមានទិន្នន័យស្តីពីសញ្ជាតិរបស់អ្នកទិញទេ។

លោកបានលើកឡើងថា យើងមិនត្រូវការប្រតិបត្តិការទិញខុនដូស្តុកទុកដើម្បីលក់យកផលចំណេញ ដែលមិនផ្អែកលើតម្រូវការរស់នៅជាក់ស្តែងនោះទេ។

លោក​បាន​បន្ត​ថា ក្រសួង​នឹង​ធ្វើការ​ជាមួយ​ក្រុមអ្នកអភិវឌ្ឍអចលនទ្រព្យ​ដើម្បី​ទប់ស្កាត់​សកម្មភាព​បែបនេះ។ ប្រភព​មួយ​​បាន​ទម្លាយឱ្យដឹង​ថា ជប៉ុន​កំពុង​ពិចារណា​លើ​ប្រព័ន្ធ​មួយ​ដែល​នឹង​តម្រូវ​ឱ្យ​អ្នក​ដាក់ពាក្យ​ស្នើសុំ​ចុះបញ្ជី​ផ្ទេរ​អចលនទ្រព្យត្រូវ​បង្ហាញ​សញ្ជាតិ​របស់​ពួកគេ។

លោកស្រី Takaichi ដែលបានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុននៅថ្ងៃទី២១ ខែតុលា បានប្តេជ្ញាដាក់ចេញនូវច្បាប់តឹងរ៉ឹងជាងមុនលើការទិញដីធ្លីដោយជនបរទេស៕ប្រភព: Bernama៕

LEAVE A REPLY

Please enter your comment!
Please enter your name here