ក្រុមហ៊ុនក្នុងស្រុកមួយកែច្នៃសំរាមទៅជាឥដ្ឋអេកូទទួលបានការគាំទ្រពីអ្នកនៅក្នុងវិស័យសំណង់

0

ដោយៈ ម៉ាលីនណា

    កណ្តាលៈ ស្ថាបនិកក្រុមហ៊ុន Eco-Bricks ​លោកសុខ ធីបានរកឃើញការច្នៃប្រឌិតថ្មី ដោយបាន​​កែច្នៃ​សំរាម​​ប្លា​ស្ទិ​ករាប់​តោន ​ទៅ​ជា​ឥដ្ឋ​អេកូ​ទទួល​បាន​ការ​គាំទ្រ​ច្រើន ​និង​​បាន​ពង្រីក​ខ្លួន​យ៉ាង​ឆាប់​រហ័ស។

​លោកបាន​លក់​គំរូ​អាជីវកម្ម ​ទៅ​ឱ្យ​ក្រុមហ៊ុន​ប្រមាណ១០​​​​ ដើម្បី​បំពេញ​តម្រូវការ​​​អតិថិជន ក៏​ដូចជា​បង្កើន​ការ​​ប្រើប្រាស់​សំរាម​ប្លាស្ទិក​ក្នុង​វិស័យ​គ្រឿង​សំណង់។

លោក សុខ ធីបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ការ​លក់​គំរូ​អាជីវកម្ម ​​បាន​បង្កើន​បរិមាណ​ផលិត​ចែក​ចាយ​ឥដ្ឋ​អេកូ​​ ក៏ដូចជា​​បាន​រួម​ចំណែក​ កាត់​បន្ថយ​បញ្ហា​​សំរាម​ប្លាស្ទិក​រាប់​តោន ដែល​ត្រូវ​បាន​បោះចោល ឬដុត​ដែល​បង្ក​ជា​ផ្សែង​ពុល​ប៉ះ​ពាល់​ ដល់​សុខភាព​មនុស្ស ​សត្វ ព្រម​ទាំង​បំពុល​​បរិយាកាស​ថែម​ទៀត​ផង។

លោកបានបញ្ជាក់ថា “ខ្ញុំ​បង្រៀន​ពួកគេ​ ពី​របៀប​ដំឡើង​គ្រឿងចក្រ​ដែល​ពួកគេ​ត្រូវការ​ ដើម្បីឱ្យ​ពួកគេ​អាច​ផលិត​ឥដ្ឋ​អេកូ​មានគុណ​ភាព​ដូច​គ្នា​នឹង​ឧបករណ៍​ដែល​ក្រុមហ៊ុន​មេ​បង្កើត”។

សិប្បកម្ម​​ផលិត​ឥដ្ឋ​អេកូ ​​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ព្រែក​ហូរ​លិច សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល។​

សិប្បកម្ម​នេះ បាន​ចាប់​ផ្តើម​ដំណើរ​ការ​កាល​ពី​ឆ្នាំ​២០១៩ ដោយ​ប្រមូល​កាក​សំណល់​ប្លាស្ទិក​ពី៥ ទៅ១០តោន ​ក្នុង​មួយ​ខែៗ​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល ​និង​ក្រុមហ៊ុន​ឯកជន ដើម្បី​ផលិត​ជា​ឥដ្ឋអេកូ សម្រាប់​បម្រើ​ដល់​វិស័យ​សំណង់។

ស្ថាបនិក​ក្រុមហ៊ុន​ បាន​ចាប់​ផ្តើម​ពី​ការ​សិក្សា​ស្រាវជ្រាវ​ ការ​ធ្វើ​ឥដ្ឋ​អេកូ​​ពី​បរទេស ​​ដោត​ប្រមូល​កាកសំណល់​ប្លា​ស្ទិ​ក​ប្រមាណ​៥ ទៅ១០​តោន​ក្នុង​មួយខែៗ ​​ពី​បណ្ដា​ក្រុមហ៊ុន និង​អង្គការក្រៅ​រដ្ឋាភិបាល។

លោក​ ធី បាន​រំឭក​ថា មុន​ពេល​ខ្ញុំ​បើក​សហគ្រាស​កែច្នៃ​ប្លាស្ទិក​នេះ ​ខ្ញុំ​បាន​សិក្សា​ពី​បច្ចេកទេស​ជាច្រើន ​នៅ​ក្នុង​ប្រទេស​ថៃ ម៉ាឡេស៊ី ហ្វីលីពីន ចិន និង​ឥណ្ឌា​ថែមទាំង​រៀន​មេរៀន ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ផងដែរ”។​

លោក​បានបន្ត​ថា ក្រុមហ៊ុន​ផលិត​ឥដ្ឋអេកូ​បាន​​ចាប់ផ្តើម​ប្រតិបត្តិការ​ដំបូង​នៅ​ឆ្នាំ២០១៩ ដោយ​មិន​មាន​​​​​ដើម​ទុន និង​វត្ថុ​ធាតុ​ដើម​គ្រប់​គ្រាន់​ទេ។ ដោយសារ​​​​មិនមាន​ម៉ាស៊ីន​កិន​ប្លាស្ទិ​ក​ ក្រុមការងារ​របស់​លោក​​ត្រូវ​​​ប្រើ​កន្ត្រៃ និង​កាំបិត ដើម្បី​កាត់​ប្លាស្ទិ​ក ជា​បំណែក​តូចៗ​ល្មម​សម្រាប់​ដំណើរការ។

លោក​សុខ ធី បាន​ឱ្យដឹង​ទៀតថា ប្លាស្ទិ​ក​ទម្ងន់​២គីឡូក្រាម​គឺ​គ្រប់គ្រាន់​សម្រាប់​ផលិត​ឥដ្ឋ​បាន​មួយ​ដុំ ​ហើយ​ឥដ្ឋ​មួយ​ដុំ​មានតម្លៃ​ ១០០០​រៀល​។ អតិថិជន​ក៏​អាច​ជ្រើសរើស​ប្រភេទ​ឥដ្ឋ​អេកូ ​ទៅ​តាម​ការចង់​បាន​ផងដែរ​ដោយ​មាន​៣ ប្រភេទ​គឺ​ឥដ្ឋ​ឡាំ​តូ ឥដ្ឋ​សម្បក​ឈើ និង​ឥដ្ឋ​ធម្មតា។​

អាជីវកម្ម​របស់លោក​បាន​កែច្នៃ ​កាក​សំណល់​ប្លា​ស្ទិ​ក​ចន្លោះ​ពី ២ ទៅ៣តោន​ក្នុង​មួយខែៗ ដោយ​​ធ្វើការ​កិន​កម្ទេច​ប្លាស្ទិក​ទាំង​នោះ​ឲ្យ​ម៉ដ្ឋ​រួច​លាយ​ ជាមួយនឹង​វត្ថុធាតុ​ដើម​ដូចជា ដី ខ្សាច់ ស៊ីម៉ង់ មុន​នឹង​យក​ទៅ​សង្កត់​ក្នុង​ពុម្ព​ ​ដើម្បី​ផលិត​ចេញ​ជា​ឥដ្ឋ​អេកូ។ ក្រៅ​ពី​ការ​ប្រើប្រាស់​សំរាម​ប្លាស្ទិក​ក្នុង​វិស័យ​សំណង់ លោក​ក៏​បាន​ព្យាយាម​កាត់​បន្ថយ​ផល​ប៉ះពាល់​ដល់​បរិស្ថាន ​ក្នុង​ដំណើរ​ការ​ផលិត​ផង​ដែរ។។

លោក សុខ ធី បាន​បញ្ជាក់ថា រហូត​មក​ដល់​ពេល​នេះ ក្រុមហ៊ុន​ Eco-Bricks​ បាន​ឈ្នះ​ពាន​រង្វាន់​ចំនួន​៤ ​សម្រាប់​សហគ្រិន​ឆ្នើម​ប្រចាំ​ឆ្នាំ។ Eco-Bricks ​​បាន​បំផុស​គំនិត​ឲ្យ​ប្រជាជន​ខ្មែរ ​យល់​ដឹង​ពី​លទ្ធផល​កែច្នៃ​ប្រើ​ប្រាស់​​សំរាម​ និង​បានធ្វើ​ឲ្យ​ពួកគេ​បាន​ប្លាស់ប្តូរ​ផ្នត់គំនិត​ពី​ការ​បោះចោល​សំរាម ឬ​ដុត​​​ប្លាស្ទិក។

យោងតាម​ក្រសួងបរិស្ថានបានឲ្យដឹងថា សំរាម​ជាង១​ម៉ឺន​តោន ត្រូវ​បាន​ប្រមូល​ ក្នុង​រាជធានី​ភ្នំពេញ​ជា​រៀង​រាល់​ថ្ងៃ ដោយ២០ភាគរយ​នៃ​កាកសំណល់​គឺជា​ប្លាស្ទិ​ច ដែល​ក្នុងនោះ​មានតែ១០ភាគរយ​ប៉ុណ្ណោះ ​ដែល​ត្រូវ​បាន​កែច្នៃ​ឡើង​វិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here