ដោយៈ ម៉ាលីនណា
កណ្តាលៈ ស្ថាបនិកក្រុមហ៊ុន Eco-Bricks លោកសុខ ធីបានរកឃើញការច្នៃប្រឌិតថ្មី ដោយបានកែច្នៃសំរាមប្លាស្ទិករាប់តោន ទៅជាឥដ្ឋអេកូទទួលបានការគាំទ្រច្រើន និងបានពង្រីកខ្លួនយ៉ាងឆាប់រហ័ស។
លោកបានលក់គំរូអាជីវកម្ម ទៅឱ្យក្រុមហ៊ុនប្រមាណ១០ ដើម្បីបំពេញតម្រូវការអតិថិជន ក៏ដូចជាបង្កើនការប្រើប្រាស់សំរាមប្លាស្ទិកក្នុងវិស័យគ្រឿងសំណង់។
-->
លោក សុខ ធីបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ការលក់គំរូអាជីវកម្ម បានបង្កើនបរិមាណផលិតចែកចាយឥដ្ឋអេកូ ក៏ដូចជាបានរួមចំណែក កាត់បន្ថយបញ្ហាសំរាមប្លាស្ទិករាប់តោន ដែលត្រូវបានបោះចោល ឬដុតដែលបង្កជាផ្សែងពុលប៉ះពាល់ ដល់សុខភាពមនុស្ស សត្វ ព្រមទាំងបំពុលបរិយាកាសថែមទៀតផង។
លោកបានបញ្ជាក់ថា “ខ្ញុំបង្រៀនពួកគេ ពីរបៀបដំឡើងគ្រឿងចក្រដែលពួកគេត្រូវការ ដើម្បីឱ្យពួកគេអាចផលិតឥដ្ឋអេកូមានគុណភាពដូចគ្នានឹងឧបករណ៍ដែលក្រុមហ៊ុនមេបង្កើត”។
សិប្បកម្មផលិតឥដ្ឋអេកូ មានទីតាំងស្ថិតនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
សិប្បកម្មនេះ បានចាប់ផ្តើមដំណើរការកាលពីឆ្នាំ២០១៩ ដោយប្រមូលកាកសំណល់ប្លាស្ទិកពី៥ ទៅ១០តោន ក្នុងមួយខែៗពីអង្គការក្រៅរដ្ឋាភិបាល និងក្រុមហ៊ុនឯកជន ដើម្បីផលិតជាឥដ្ឋអេកូ សម្រាប់បម្រើដល់វិស័យសំណង់។
ស្ថាបនិកក្រុមហ៊ុន បានចាប់ផ្តើមពីការសិក្សាស្រាវជ្រាវ ការធ្វើឥដ្ឋអេកូពីបរទេស ដោតប្រមូលកាកសំណល់ប្លាស្ទិកប្រមាណ៥ ទៅ១០តោនក្នុងមួយខែៗ ពីបណ្ដាក្រុមហ៊ុន និងអង្គការក្រៅរដ្ឋាភិបាល។
លោក ធី បានរំឭកថា មុនពេលខ្ញុំបើកសហគ្រាសកែច្នៃប្លាស្ទិកនេះ ខ្ញុំបានសិក្សាពីបច្ចេកទេសជាច្រើន នៅក្នុងប្រទេសថៃ ម៉ាឡេស៊ី ហ្វីលីពីន ចិន និងឥណ្ឌាថែមទាំងរៀនមេរៀន តាមប្រព័ន្ធអ៊ីនធឺណិតផងដែរ”។
លោកបានបន្តថា ក្រុមហ៊ុនផលិតឥដ្ឋអេកូបានចាប់ផ្តើមប្រតិបត្តិការដំបូងនៅឆ្នាំ២០១៩ ដោយមិនមានដើមទុន និងវត្ថុធាតុដើមគ្រប់គ្រាន់ទេ។ ដោយសារមិនមានម៉ាស៊ីនកិនប្លាស្ទិក ក្រុមការងាររបស់លោកត្រូវប្រើកន្ត្រៃ និងកាំបិត ដើម្បីកាត់ប្លាស្ទិក ជាបំណែកតូចៗល្មមសម្រាប់ដំណើរការ។

លោកសុខ ធី បានឱ្យដឹងទៀតថា ប្លាស្ទិកទម្ងន់២គីឡូក្រាមគឺគ្រប់គ្រាន់សម្រាប់ផលិតឥដ្ឋបានមួយដុំ ហើយឥដ្ឋមួយដុំមានតម្លៃ ១០០០រៀល។ អតិថិជនក៏អាចជ្រើសរើសប្រភេទឥដ្ឋអេកូ ទៅតាមការចង់បានផងដែរដោយមាន៣ ប្រភេទគឺឥដ្ឋឡាំតូ ឥដ្ឋសម្បកឈើ និងឥដ្ឋធម្មតា។
អាជីវកម្មរបស់លោកបានកែច្នៃ កាកសំណល់ប្លាស្ទិកចន្លោះពី ២ ទៅ៣តោនក្នុងមួយខែៗ ដោយធ្វើការកិនកម្ទេចប្លាស្ទិកទាំងនោះឲ្យម៉ដ្ឋរួចលាយ ជាមួយនឹងវត្ថុធាតុដើមដូចជា ដី ខ្សាច់ ស៊ីម៉ង់ មុននឹងយកទៅសង្កត់ក្នុងពុម្ព ដើម្បីផលិតចេញជាឥដ្ឋអេកូ។ ក្រៅពីការប្រើប្រាស់សំរាមប្លាស្ទិកក្នុងវិស័យសំណង់ លោកក៏បានព្យាយាមកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន ក្នុងដំណើរការផលិតផងដែរ។។
លោក សុខ ធី បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ក្រុមហ៊ុន Eco-Bricks បានឈ្នះពានរង្វាន់ចំនួន៤ សម្រាប់សហគ្រិនឆ្នើមប្រចាំឆ្នាំ។ Eco-Bricks បានបំផុសគំនិតឲ្យប្រជាជនខ្មែរ យល់ដឹងពីលទ្ធផលកែច្នៃប្រើប្រាស់សំរាម និងបានធ្វើឲ្យពួកគេបានប្លាស់ប្តូរផ្នត់គំនិតពីការបោះចោលសំរាម ឬដុតប្លាស្ទិក។
យោងតាមក្រសួងបរិស្ថានបានឲ្យដឹងថា សំរាមជាង១ម៉ឺនតោន ត្រូវបានប្រមូល ក្នុងរាជធានីភ្នំពេញជារៀងរាល់ថ្ងៃ ដោយ២០ភាគរយនៃកាកសំណល់គឺជាប្លាស្ទិច ដែលក្នុងនោះមានតែ១០ភាគរយប៉ុណ្ណោះ ដែលត្រូវបានកែច្នៃឡើងវិញ៕
