មហាយក្សចិន ត្រៀមរួចជាស្រេចដើម្បីផ្ដល់ជំនួយមនុស្សធម៌ជាបន្ទាន់ សម្រាប់តម្រូវការជីវភាពជនភៀសសឹក នៅតំបន់ព្រំដែនដែលរងផលប៉ះពាល់

0

(ភ្នំពេញ)៖ តាមរយៈសេចក្តីប្រកាសលទ្ធផលនៃកិច្ចប្រជុំចិន-កម្ពុជា-ថៃ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ មហាយកស្សចិន បានត្រៀមរួចជាស្រេចដើម្បីផ្ដល់ជំនួយមនុស្សធម៌ជាបន្ទាន់ សម្រាប់តម្រូវការជីវភាពនៃជនភៀសសឹក នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់។

នៅក្នុងចំណុចទី១ នៃលទ្ធផលកិច្ចប្រជុំ បានលើកឡើងពីអាទិភាពបន្ទាន់បំផុត គឺពង្រឹងបទឈប់បាញ់ ហើយធានាការអនុវត្តពេញលេញ និងប្រកបដោយប្រសិទ្ធភាព នៃសេចក្តីថ្លែងការណ៍រួម។ ចិនគាំទ្រការប្តេជ្ញារបស់កម្ពុជានិងថៃក្នុងគោលដៅនេះ តាមរយៈកិច្ចប្រឹងប្រែងរួម ជាមួយទស្សនៈដើម្បីធានាថា វាមានលក្ខណៈគ្រប់ជ្រុងជ្រោយនិងយូរអង្វែង ហើយផ្តល់នូវមូលដ្ឋានការកសាងសន្តិភាពឡើងវិញ។

ពាក់ព័ន្ធនឹងបញ្ហានេះ ភាគីទាំង៣គាំទ្រគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) អនុលោមតាមសេចក្ដីថ្លែងការណ៍រួមនៃកិច្ចប្រជុំពិសេស GBC លើកទី៣ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ចិនត្រៀមរួចជាស្រេច ដើម្បីផ្ដល់រាល់ការគាំទ្រចាំបាច់នានាដល់កម្ពុជា និងថៃ នៅក្នុងការជំរុញការបោសសម្អាតមីនមនុស្សធម៌ តាមរយៈក្រុមការងារសម្របសម្រួលចម្រុះ និងកិច្ចព្រមព្រៀងទ្វេភាគី ព្រមទាំងផ្ដល់ជំនួយសំខាន់ៗសម្រាប់ក្រុម អ្នកសង្កេតការណ៍អាស៊ាន AOT ដើម្បីធានានូវការដំណើរការប្រកបដោយប្រសិទ្ធភាព។ យោធាចិននឹងរក្សាការទំនាក់ទំនងជាមួយយោធាកម្ពុជា និងថៃដើម្បីផ្ដល់ការគាំទ្រសម្រាប់ការពង្រឹងបទឈប់បាញ់ នៅពេលចាំបាច់ និងនៅពេលមានសំណើពីភាគីទាំង២កម្ពុជា និងថៃ។

សេចក្តីប្រកាសរួមនៃកិច្ចប្រជុំត្រីភាគី បានឱ្យដឹងទៀតថា «ជំហានគន្លឹះបន្ទាប់ នោះគឺដើម្បីធ្វើការឆ្ពោះទៅរកការផ្ដើមការផ្តោះប្ដូរគ្នាជាប្រក្រតី។ ចិនស្វាគមន៍កិច្ចប្រឹងប្រែងរបស់កម្ពុជា និងថៃ ក្នុងការព្យាយាមចាប់ផ្ដើមឡើងវិញនូវការផ្ដោះប្ដូរគ្នា និងការទំនាក់ទំនងគ្នាលើគ្រប់វិស័យ និងគ្រប់កម្រិត ជាមួយទស្សនៈដើម្បីស្ដារការផ្ដោះប្ដូរ និងកិច្ចសហប្រតិបត្តិការ ក៏ដូចជាស្ដារជីវភាពរស់នៅរបស់ជនភៀសសឹកនៅតាមបណ្ដោយព្រំដែនស្របទៅតាមសេចក្ដីថ្លែងការណ៍រួមនៃកិច្ចប្រជុំ GBC លើកទី៣ កាលពីថ្ងៃទី២៧​​ ខែធ្នូ ឆ្នាំ២០២៥។ ចិនត្រៀមរួចជាស្រេចដើម្បីផ្ដល់ជំនួយមនុស្សធម៌ជាបន្ទាន់សម្រាប់តម្រូវការជីវិតភាពនៃជនភៀសសឹកនៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់»

សូមបញ្ជាក់ថា នាថ្ងៃទី២៨ និងទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ រដ្ឋមន្រ្តីការបរទេស និងមន្រ្តីយោធាជាន់ខ្ពស់ចិន កម្ពុជា និងថៃ បានបើកកិច្ចប្រជុំមួយ នៅខេត្តយូណាន ប្រទេសចិន។ កិច្ចប្រជុំនេះ ធ្វើឡើងខណៈដែលកម្ពុជា-ថៃ បានឯកភាពគ្នាលើបទឈប់បាញ់ជាបន្ទាន់ ដោយអនុវត្តចាប់ពីម៉ោង ១២៖០០ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥តទៅ។ ជាមួយនឹងបទឈប់បាញ់នេះ ភាគីទាំងពីរនឹងរក្សាការឈរជើងនៅទីតាំងដែលខ្លួនឈរជើងនាបច្ចុប្បន្ន និងអត់ធ្មត់រយៈពេល ៧២ម៉ោង ខណៈដែលភាគីថៃ សន្យាថានឹងដោះលែងយោធិនទាំង១៨នាក់ ដែលថៃចាប់ខ្លួនផងដែរ។

នៅក្នុងកិច្ចប្រជុំត្រីភាគី ចិនស្វាគមន៍សេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំពិសេសលើកទី៣ គណៈកម្មការព្រំដែនទូទៅ (GBC) ដែលត្រូវបានចុះហត្ថលេខារវាងកម្ពុជានិងថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

ភាគីទាំងបី​ បានសង្កត់ធ្ងន់ថា សេចក្តីថ្លែងការណ៍រួមនោះ បម្រើដល់ផលប្រយោជន៍មូលដ្ឋាននិងរយៈពេលវែង នៃប្រជាជនរបស់ប្រទេសទាំងពីរ ហើយបញ្ជូនសញ្ញាវិជ្ជមាន និងផ្តល់លក្ខណៈអំណោយផល សម្រាប់សន្តិភាពនិងស្ថិរភាពក្នុងតំបន់។ វាបង្ហាញយ៉ាងពេញលេញថា កិច្ចសន្ទនានិងការប្រឹក្សាយោបល់ គឺជាមធ្យោបាយជាក់ស្តែង និងមានប្រសិទ្ធភាព ដើម្បីដោះស្រាយ​បញ្ហាជម្លោះដែលស្មុគស្មាញ។

ភាគីទាំងបី បានធ្វើការផ្លាស់ប្តូរយោបល់គ្នាស៉ីជម្រៅ អំពីការពង្រឹងបទឈប់បាញ់ និងការធ្វើការពីមួយជំហានទៅមួយជំហាន តាមរយៈកិច្ចប្រឹងប្រែងរួម ដើម្បីបន្តការធ្វើទំនាក់ទំនងប្រក្រតីឡើងវិញ, កសាងការជឿទុកចិត្តទៅវិញទៅមកផ្នែកនយោបាយ, ធ្វើឱ្យទំនាក់ទំនងទ្វេភាគីកម្ពុជា-ថៃប្រសើរឡើង និងរក្សាការពារស្ថិរភាពក្នុងតំបន់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here