(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ របស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ.) និងលើកទិសដៅការងារបន្តឆ្នាំ២០២៦។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី សមាជិក ក.ផ.ផ. ដែលមានលោក លោកស្រី មកពីក្រសួង ស្ថាប័នរដ្ឋ និង លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែលមកពីផ្នែកឯកជន ព្រមទាំងអង្គភាពប្រតិបត្តិរបស់ ក.ផ.ផ. សរុបប្រមាណ ៣០រូប។ សូមបញ្ជាក់ថា នេះជាកិច្ចប្រជុំលើកទី៨ របស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដែលរៀបចំឡើងក្នុងគោលបំណង ១៖ ពិនិត្យលើវឌ្ឍនភាពការងារសម្រេចបានក្នុងឆ្នាំ២០២៥,២៖ ការវាយតម្លៃអំពី ចំណុចខ្លាំង, ចំណុចខ្វះខាត, បញ្ហាប្រឈម និងសំណូមពរ, និង៣៖ កំណត់ទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦។
អង្គប្រជុំបានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលសម្រេចបាននាពេលកន្លង គឺពិតណាស់កើតចេញពីការតម្រង់ទិសជាប់ជាប្រចាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមអភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ, សសរស្តម្ភយុទ្ធសាស្ត្រទាំង៦របស់វិស័យទេសចរណ៍ បានខិតខំប្រឹងប្រែងបំពេញការងារទៅតាមជំនាញសមត្ថកិច្ចរៀងៗខ្លួន ក្នុងស្មារតីបុរេសកម្ម, សកម្ម និងអន្តរសកម្ម ដើម្បីរក្សាភាពធន់នៃវិស័យទេសចរណ៍កម្ពុជាទប់ទល់នឹងវិបត្តិដែលបាននិងកំពុងប្រឈម។








