ទីផ្សារអចលនទ្រព្យនៅតំបន់អាស៊ីប៉ាស៊ីហ្វិកឈានចូលដល់ឆ្នាំ២០២៦ ក្នុងទិសដៅច្បាស់លាស់ជាងមុន

0

ដោយ: សហសេវិក
អន្តរជាតិ: បន្ទាប់ពីជួបប្រទះកំណើនអតិផរណា ការដំឡើងអត្រាការប្រាក់ខ្ពស់ និងផលប៉ះពាល់ភូមិសាស្ត្រនយោបាយអស់ជាច្រើនឆ្នាំ ទីផ្សារអចលនទ្រព្យនៅតំបន់អាស៊ីប៉ាស៊ីហ្វិកកំពុងឈានចូលដល់ឆ្នាំ២០២៦ ដោយមានទិសដៅច្បាស់លាស់ជាងមុន។

តំបន់អាសុីប៉ាសុីហ្វិក (APAC) នឹងបន្តគ្របដណ្តប់ចំណែកជាង៥០ភាគរយនៃកំណើនសេដ្ឋកិច្ចរបស់ពិភពលោក ដែលជំរុញដោយការវិនិយោគលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ពាណិជ្ជកម្មក្នុងតំបន់ និងតម្រូវការក្នុងស្រុកដ៏រឹងមាំ។

ទោះបីជាមានការកើនឡើងនៃការផ្គត់ផ្គង់ថ្មីយ៉ាងណាក្តី ទីផ្សារការិយាល័យនៅតំបន់អាស៊ីប៉ាស៊ីហ្វិកមានភាពធន់ជាងការរំពឹងទុក។ នៅឆ្នាំ២០២៥ ទំហំការិយាល័យថ្មីជាង១០លានម៉ែត្រការ៉េត្រូវបានផ្គត់ផ្គង់បន្ថែម ប៉ុន្តែ អត្រាការិយាល័យទំនេរបន្តស្ថិតក្នុងរង្វង់ជិត១៥ភាគរយប៉ុណ្ណោះ។

បណ្តាក្រុមហ៊ុនហិរញ្ញវត្ថុ និងបច្ចេកវិទ្យាបានជំរុញតម្រូវការជួលការិយាល័យ ដោយប្រទេសឥណ្ឌា និងទីក្រុងហុងកុងបាននាំមុខគេ។ ទោះជាយ៉ាងណា អ្នកជួលការិយាល័យកំពុងកាត់បន្ថយទំហំការិយាល័យរបស់ខ្លួន។

បណ្តាថ្នាក់ដឹកនាំក្រុមហ៊ុនអចលនទ្រព្យនៅតែផ្តោតលើការគ្រប់គ្រងថ្លៃដើម។ ការកើនឡើងនៃថ្លៃដើម ភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យា AI បានជំរុញឱ្យក្រុមហ៊ុននានាងាកទៅផ្តល់អាទិភាពលើការជួលការិយាល័យ ដែលអាចជំរុញផលិតភាព និងទាក់ទាញបុគ្គលិកមានទេពកោសល្យ។

ជាលទ្ធផល តម្រូវការកំពុងផ្តោតលើការិយាល័យដែលមានគុណភាពខ្ពស់ និងអនុលោមតាមស្តង់ដារ ESG នៅក្នុងទីតាំងសំខាន់ៗ។

ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank លើកឡើងថា តម្លៃជួលការិយាល័យកម្រិត A ក្នុងទីក្រុងធំៗនៅតំបន់អាស៊ីប៉ាស៊ីហ្វិក មានកម្រិតខ្ពស់ជាងតម្លៃជួលការិយាល័យកម្រិត B ចន្លោះ១៥ភាគរយទៅ២០ភាគរយ ខណៈអគារចាស់ៗ ដែលមិនមានប្រសិទ្ធភាព ប្រឈមមុខនឹងការដាំក្បាលចុះនៃតម្រូវការ៕ប្រភព: Edgeprop៕

LEAVE A REPLY

Please enter your comment!
Please enter your name here