ដំណឹងល្អ!ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ផ្ញើលិខិតជូនសម្តេចបវរធិបតីហ៊ុន ម៉ាណែត អញ្ជើញកម្ពុជាចូលរួមជារដ្ឋសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព និងជាភាគីនៃធម្មនុញ្ញរបស់ក្រុមប្រឹក្សាសន្តិភាព

0

ដោយៈ គង់ សូរិយា

អាមេរិកៈ លោក ដូណាល់ ជេ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦នេះ បានផ្ញើលិខិតជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអញ្ជើញកម្ពុជាចូលរួមជារដ្ឋសមាជិកស្ថាបនិក នៃក្រុមប្រឹក្សាសន្តិភាព និងជាភាគីនៃធម្មនុញ្ញរបស់ក្រុមប្រឹក្សាសន្តិភាព។

ខាងក្រោមជាខ្លឹមសារបកប្រែក្រៅផ្លូវការនៃលិខិតរបស់ប្រធានាធិបតី ដូណាល់ ត្រាំ៖

សេតវិមាន
ទីក្រុងវ៉ាស៊ីនតោន
ថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២៦

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
ទីក្រុងភ្នំពេញ។

សម្តេច នាយករដ្ឋមន្ត្រីជាទីគោរព

ខ្ញុំមានកិត្តិយសយ៉ាងខ្លាំងបំផុត ក្នុងការអញ្ជើញឯកឧត្តម ក្នុងនាមជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមជាមួយខ្ញុំ ក្នុងកិច្ចខិតខំប្រឹងប្រែងដ៏មានអត្ថន័យយ៉ាងសំខាន់ និងមានសារៈប្រវត្តិសាស្ត្រ ដើម្បីពង្រឹងសន្តិភាពនៅតំបន់មជ្ឈិមបូព៌ា ហើយក្នុងពេលតែមួយ ក៏ដើម្បីចាប់ផ្តើមវិធីសាស្ត្រថ្មីដ៏ក្លាហានមួយ ក្នុងការដោះស្រាយជម្លោះសកលផងដែរ។

នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០២៥ ខ្ញុំបានប្រកាសដាក់ឲ្យអនុវត្ត “ផែនការគ្រប់ជ្រុងជ្រោយ ដើម្បីបញ្ចប់ជម្លោះហ្គាហ្សា” ដែលជាគម្រោងផ្លូវដើរ២០ចំណុច ដ៏អស្ចារ្យមួយ ដែលត្រូវបានទទួលយកយ៉ាងឆាប់រហ័ស ដោយមេដឹកនាំពិភពលោកទាំងអស់ រួមទាំងប្រមុខរដ្ឋ និងរដ្ឋាភិបាលសំខាន់ៗនៅក្នុងពិភពអារ៉ាប់ ប្រទេសអ៊ីស្រាអែល និងទ្វីបអឺរ៉ុប។ ដើម្បីបន្តអនុវត្តផែនការនេះ នៅថ្ងៃទី១៧ ខែវិច្ឆិកា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តយ៉ាងទូលំទូលាយ នូវសេចក្តីសម្រេចលេខ ២៨០៣ ដែលស្វាគមន៍ និងគាំទ្រចក្ខុវិស័យនេះ។

ឥឡូវនេះ គឺជាពេលវេលាដែលត្រូវបម្លែងសុបិនទាំងនេះ ឲ្យក្លាយជាការពិត។ នៅចំណុចកណ្ដាលនៃផែនការ គឺ “ក្រុមប្រឹក្សាសន្តិភាព” ដែលជាក្រុមប្រឹក្សាដ៏អស្ចារ្យ និងមានឥទ្ធិពលខ្លាំងបំផុត ដែលមិនធ្លាប់មានពីមុនមក ហើយនឹងត្រូវបង្កើតឡើងជាអង្គការអន្តរជាតិថ្មីមួយ និងជារដ្ឋបាលអន្តរកាលសម្រាប់ការគ្រប់គ្រង។

កិច្ចខិតខំប្រឹងប្រែងរបស់យើង នឹងនាំឲ្យប្រទេសជាតិជាច្រើនដែលមានកិត្តិយស ចូលរួមទទួលខុសត្រូវដ៏ថ្លៃថ្នូរ ក្នុងការកសាងសន្តិភាពយូរអង្វែង ដែលជាកិត្តិយសមួយ សម្រាប់អ្នកដែលត្រៀមខ្លួនដឹកនាំដោយគំរូល្អ និងវិនិយោគយ៉ាងឆ្លាតវៃ ក្នុងអនាគតដែលមានសុវត្ថិភាព និងសេចក្តីរុងរឿង សម្រាប់ជំនាន់ក្រោយៗ។ យើងនឹងរៀបចំកិច្ចប្រជុំជាមួយដៃគូដ៏ល្អ និងមានការប្តេជ្ញាចិត្តរបស់យើង ដែលភាគច្រើនជាមេដឹកនាំពិភពលោក ដែលមានកិត្តិយសខ្ពស់ នៅពេលឆាប់ៗខាងមុខនេះ។

ក្នុងនាមជាប្រធានក្រុមប្រឹក្សា ខ្ញុំសូមអញ្ជើញជាផ្លូវការ ដល់ព្រះរាជាណាចក្រកម្ពុជា ឲ្យចូលរួមជាសមាជិកស្ថាបនិកដើម (Founding Member State) និងក្លាយជាភាគីមួយនៃលក្ខន្តិកៈរបស់ “ក្រុមប្រឹក្សាសន្តិភាព” តាមរយៈការតំណាងរបស់សម្តេច។ ក្រុមប្រឹក្សានេះ គឺជាស្ថាប័នតែមួយគត់មិនធ្លាប់មានដូចមុនឡើយ។

រដ្ឋសមាជិកនីមួយៗ អាចតែងតាំងតំណាងដែលមានសិទ្ធិអំណាច ដើម្បីចូលរួម និងចូលរួមសកម្មភាពប្រជុំតាមនាមរដ្ឋរបស់ខ្លួន។ ភ្ជាប់មកជាមួយនេះគឺមាន “ផែនការគ្រប់ជ្រុងជ្រោយ” និង “លក្ខន្តិកៈរបស់ក្រុមប្រឹក្សា” ដែលឥឡូវនេះ បើកចំហសម្រាប់ឲ្យសម្តេចចុះហត្ថលេខា និងអនុម័ត។

ខ្ញុំទន្ទឹងរង់ចាំការសហការជាមួយសម្តេច ក្នុងរយៈពេលវែងនៅពេលខាងមុខ ដើម្បីឈានទៅរកគោលដៅនៃការបង្កើត សន្តិភាពពិភពលោកយូរអង្វែងភាពរុងរឿង និងភាពអស្ចារ្យ សម្រាប់មនុស្សជាតិទាំងអស់។

ដូណាល់ ជេ. ត្រាំ ប្រធានាធិបតី នៃសហរដ្ឋអាមេរិក

LEAVE A REPLY

Please enter your comment!
Please enter your name here