ដោយៈ គង់ សូរិយា
ភ្នំពេញៈ ជាមួយនឹងសុទិដ្ឋិនិយម និងផលប្រយោជន៍រយៈពេលវែង នៅពេលរដ្ឋាភិបាលបោសសំអាត ក្រុមScam Online លោកស្រីតាំង ហួរបានលើកឡើងពីភាពវិជ្ជមានលើចំណាត់ការនេះ។
លោកស្រីនាយិកាក្រុមហ៊ុនAmatak Property Service Co, Ltd រូបនេះបានលើកឡើងកាលពីថ្ងៃទី២៣ មករាថា មានការសួរសំណួរជាច្រើនថា តើបន្ទាប់ពីរដ្ឋាភិបាល បោសសំអាតពួកScam Online នឹងប៉ះពាល់ដល់វិស័យអចលនទ្រព្យឬយ៉ាងណា? ចម្លើយពិតហើយ វានឹងប៉ះពាល់រយៈពេលខ្លី។
លោកស្រីបញ្ជាក់ថា “ផលប៉ះពាល់រយៈពេលខ្លីពិតជាមាន ប៉ុន្តែសម្រាប់រយៈពេលវែងខ្ញុំមានសុទិដ្ឋិនិយមថា វានឹងល្អសម្រាប់មុខមាត់ប្រទេសរបស់យើង”។លោកស្រីបន្តថា “នៅពេលប្រទេសយើងមានកេរ្ត៍ឈ្មោះល្អ អ្នកវិនិយោគធំៗ និងល្អៗមកពីប្រទេសជាច្រើននឹងចូលមកវិនិយោគនៅកម្ពុជា”។

លោកស្រីតាំង ហួរបានបន្តថា តាមពិតទីផ្សារអចលនទ្រព្យ នៅតែដំណើរការ និងនៅតែមានអ្នកទិញ នៅពេលពួកគេអាចរកបានអចលនទ្រព្យតម្លៃល្អៗ ព្រោះអ្នកទិញមួយចំនួន នៅតែមានសុទិដ្ឋិនិយមថា ទីផ្សារអចលនទ្រព្យនឹងងើបឡើងវិញនាពេលអនាគត។
លោកស្រីបន្តថា វិស័យទេសចរណ៍កម្ពុជា បានងើបឡើងវិញ វាក៏ជួយដល់វិស័យនេះផងដែរ ពិសេសពេលសង្រ្គាមជាមួយថៃចប់យើង ឃើញអ្នកផលិតក្នុងស្រុកបានពង្រឹងខ្លួន ដោយបច្ចុប្បន្នមានមុខទំនិញផលិតក្នុងស្រុកជាច្រើន បានដាក់ចូលទីផ្សារ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែរ។
លោកស្រីបន្តថា “អ្វីៗនឹងបន្តដំណើរការឆ្ពោះទៅមុខ នៅទីផ្សារខ្ញុំឃើញមានផលិតផលខ្មែរច្រើន ហើយខ្ញុំនិងប្រជាពលរដ្ឋដទៃបាននិងកំពុងគាំទ្រផលិតផលរបស់យើង គាំទ្រអ្វីដែលជារបស់ខ្មែរយើង”៕







