ក្រុមហ៊ុនអភិវឌ្ឈន៍Brivia Groupដ៏ធំរបស់កាណាដាស្វែងយល់និងសិក្សាឱកាសវិនិយោគអចលនទ្រព្យនៅកម្ពុជា

0

ដោយៈ ចំណាន

    ភ្នំពេញៈ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំ របស់កាណាដាឈ្មោះBrivia Groupបានបង្ហាញចំណាប់អារម្មណ៍ ធ្វើការវិនិយោគនៅក្នុងវិស័យនេះនៅកម្ពុជា។

ព័ត៌មាននេះត្រូវបានលើកឡើង នៅពេលអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូធុរកិច្ចកាណាដា ដែលដឹកនាំដោយ លោក ម៉ូ ខេវិន ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា។

ក្នុងឱកាសនៃជំនួបសម្តែងការគួរសមនេះ លោកប្រធានការិយា​ល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងម៉ុងរ៉េអាល់ បានថ្លែង ថា ការិយាល័យតំណាងតែងតែដើរតួនាទីយ៉ាងសកម្ម ក្នុងការសម្របសម្រួល និងជំរុញក្រុមហ៊ុនកាណាដា មកស្វែងរកកាលានុវត្តភាពធុរកិច្ច និងដៃគូសហការនៅកម្ពុជា។

សម្រាប់ដំណើរបេសកកម្មនាពេលនេះ គឺផ្តោតសំខាន់លើវិស័យអចលនទ្រព្យ ធនាគារ និងការវិនិយោគ។

ក្នុងនោះ លោកក៏បានជម្រាបអំពីក្រុមហ៊ុន Brivia Group ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំ និងជោគជ័យមួយនៅកាណាដា ដែលមានបំណងឈ្វេងយល់ពីទីផ្សារកម្ពុជា និងស្វែងរកកិច្ចសហការលើការវិនិយោគអចលនទ្រព្យរវាងកម្ពុជា កាណាដា និងសហរដ្ឋអាមេរិក។

ទន្ទឹមនឹងនេះ ការិយាល័យតំណាងនឹងសហការ ជាមួយស្ថាប័នហិរញ្ញវត្ថុកាណាដា ដើម្បីជំរុញតំណភ្ជាប់ហិរញ្ញវត្ថុធនាគារ ប្រកបដោ​យសុវត្ថិភាព និងតម្លាភាព។

ជាកិច្ចឆ្លើយតប អ្នកឧកញ៉ាគិត ម៉េងបានមានប្រសាសន៍ថា បរិយាកាសសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន គឺជាកាលានុវត្តភាពដ៏សមស្របសម្រាប់កិច្ចសហប្រតិបត្តិការធុរកិច្ច។ ក្នុងន័យនេះ ការជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ពិសេសការជំរុញ ‘ការតភ្ជាប់ផ្នែកធនាគារ (Banking Connectivity) គឺជាកិច្ចការអាទិភាពដ៏សំខាន់ ដើម្បីបង្កើនទំនុកចិត្តដល់វិនិយោគិន និងពង្រឹងភាពជាដៃគូយូរអង្វែងដែលផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

អ្នកឧកញ៉ាប្រធាន បានលើកទឹកចិត្តឱ្យធុរជននៃប្រទេសទាំងពីរ បន្តពិភាក្សាផ្លាស់ប្តូរយោបល់ឱ្យបានស៊ីជម្រៅ ដើម្បីទាញយកប្រយោ​ជន៍ជាអតិបរមា ពីក្របខណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដែលមានស្រាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here