ដោយៈ គង់ សូរិយា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់គ្រោងនឹងជួបជជែកញាំអាហារពេលព្រឹក ជាមួយអ្នកវិនិយោគកូរ៉េ១ខែម្តង និងរៀបចំបេសកកម្មទាក់ទាញអ្នកធុរកិច្ចកូរ៉េនៅត្រីមាសទី២ឆ្នាំ២០២៦នេះ។
ព័ត៌មាននេះ ត្រូវបានលើកឡើងនៅពេលលោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូ នៃសមាគមធុរកិច្ចនៃសាធារណរដ្ឋកូរ៉េនៅកម្ពុជា (KOCHAM) ដឹកនាំដោយលោក Sungsoo Kim អគ្គនាយកប្រតិបត្តិ នៃគ្រឹស្ថានមីក្រូហិរញ្ញវត្ថុព្រែម (Prime MFI) ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងជំរុញបរិយាកាសវិនិយោគ ឱ្យកាន់តែប្រសើរឡើង។
-->
ជំនួបនេះបានឆ្លុះបញ្ចាំង ពីទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំ រវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ព្រមទាំងដាក់ចេញនូវយន្តការថ្មីៗ ដើម្បីដោះស្រាយបញ្ហាប្រឈម និងក្តាប់យកឱកាសវិនិយោគ។
លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃយន្តការ “កិច្ចសន្ទនារវាងវិស័យសាធារណៈ និងវិស័យឯកជន កម្ពុជា-កូរ៉េ” ដែលជាវេទិកាដ៏មានប្រសិទ្ធភាពក្នុងការស្តាប់ និងដោះស្រាយបញ្ហាប្រឈមរបស់វិនិយោគិន។

ឯកឧត្តមបានលើកទឹកចិត្តឱ្យ KOCHAM ក៏ដូចជាក្រុមហ៊ុនកូរ៉េទាំងអស់ រាយការណ៍រាល់បញ្ហា ឬឧបសគ្គនានាដែលបានជួបប្រទះតាមរយៈយន្តការនេះ ដើម្បីឱ្យរាជរដ្ឋាភិបាល អាចជួយសម្របសម្រួលបានទាន់ពេលវេលា។
ក្នុងនាមជាសេនាធិការច្រកចេញចូលតែមួយ របស់រាជរដ្ឋាភិបាល លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ ក.អ.កក្នុងនាមជាស្ថាប័នផ្តល់ការសម្របសម្រួល រាល់ការវិនិយោគពីបរទេស ផ្តល់ភាពងាយស្រួលក្នុងការចុះបញ្ជី និងការអនុវត្តគម្រោង។ កម្ពុជាមានបំណងចង់ឃើញវត្តមាន វិនិយោគិនកូរ៉េកាន់តែច្រើន បន្ថែមទៀតនៅកម្ពុជា និងបានជំរុញឱ្យKOCHAM ជួយស្វែងរកគម្រោងវិនិយោគដែលមានសក្ដានុពល និងគុណភាពខ្ពស់ដែលស័ក្តិសម សម្រាប់ក្រុមហ៊ុនធំៗពីប្រទេសកូរ៉េ។
ភាគីទាំងពីរ ក៏បានពិភាក្សាបន្ថែមលើសកម្មភាព សំខាន់ៗមួយចំនួន ដើម្បីបង្កើនទំនុកចិត្ត និងពង្រីកបណ្តាញធុរកិច្ច រួមមាន ការត្រៀមរៀបចំបេសកកម្មទាក់ទាញ និងជំរុញវិនិយោគនៅកូរ៉េ (Investment Roadshow in Korea) ដែលគ្រោងនឹងប្រព្រឹត្តទៅនាក្នុងត្រីមាសទី២ នៃឆ្នាំ២០២៦។
វេទិកានេះរំពឹងថា នឹងមានការចូលរួមយ៉ាងសកម្ម ពីសំណាក់ KOCHAM ផងដែរ សំដៅទាក់ទាញអ្នកវិនិយោគថ្មីៗ បន្ថែមពីកូរ៉េមកកាន់កម្ពុជា។
បន្ថែមពីនោះ ភាគីទាំងពីរបានលើកឡើង ពីគំនិតផ្តួចផ្តើមឱ្យមានការរៀបចំកម្មវិធី “អាហារពេលព្រឹកការងារ” (Working Breakfast) រៀងរាល់មួយខែម្តង ជាមួយបណ្តាសភាពាណិជ្ជកម្មទាំងអស់នៅកម្ពុជា ដើម្បីពង្រឹងបណ្តាញទំនាក់ទំនង និងផ្លាស់ប្តូរព័ត៌មានសេដ្ឋកិច្ចនានា។
លោកSungsoo Kim ក្នុងនាមជាប្រធានប្រតិភូ បានជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រីថា វិនិយោគិនកូរ៉េកំពុងមានការចាប់អារម្មណ៍ខ្លាំងលើទីផ្សារកម្ពុជា ដោយសារកំណើននៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា នាពេលប៉ុន្មានឆ្នាំចុងក្រោយ។
លោកបានបញ្ជាក់បន្ថែមថា KOCHAM នឹងដើរតួនាទីជាស្ពានចម្លងដ៏សំខាន់ក្នុងការនាំយកកង្វល់ និងសំណូមពររបស់ធុរជនកូរ៉េ មកកាន់យន្តការពិភាក្សាផ្លូវការ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន។
ជំនួបនេះមិនត្រឹមតែជាការរឹតចំណងមិត្តភាពប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបោះជំហានថ្មីមួយ ក្នុងការធ្វើឱ្យកម្ពុជា ក្លាយជាគោលដៅវិនិយោគលំដាប់ជួរមុខសម្រាប់ក្រុមហ៊ុនកូរ៉េ ក្រោមការសម្របសម្រួលយ៉ាងជិតស្និទ្ធពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕
