ដោយ: សហសេវិក
អន្តរជាតិ: យោងតាមក្រុមហ៊ុន Colliers Philippines បានឱ្យដឹងថា ការផ្គត់ផ្គង់លំនៅឋានលើសតម្រូវការនៅទីក្រុងម៉ានីលរបស់ហ្វីលីពីនកំពុងថយចុះ ខណៈអ្នកអភិវឌ្ឍន៍ដាក់ចេញយុទ្ធសាស្ត្រផ្សព្វផ្សាយយ៉ាងសកម្មដើម្បីលក់ផ្ទះទាំងនោះ ជាពិសេសផ្ទះមានតម្លៃសមរម្យ និងផ្ទះសម្រាប់អ្នកមានចំណូលមធ្យម។
ការផ្សព្វផ្សាយបានជួយជំរុញតម្រូវការ ដោយកាត់បន្ថយពេលវេលាដើម្បីលក់បង្ហើយផ្ទះ (unsold home) មកនៅត្រឹម៧,៩ឆ្នាំគិតត្រឹមចុងឆ្នាំ២០២៥។ តួលេខនេះបង្ហាញពីការធ្លាក់ចុះយ៉ាងគំហុកបើធៀបនឹងចំនួន១៣.៤ឆ្នាំ គិតត្រឹមដើមឆ្នាំ២០២៥។
បណ្តាអ្នកអភិវឌ្ឍន៍បានប្រើប្រាស់យុទ្ធសាស្ត្រនៃការបញ្ចុះតម្លៃយ៉ាងច្រើន ផែនការទូទាត់ប្រាក់រយៈពេលវែងជាងមុន ការបំពាក់គ្រឿងសង្ហារិមឥតគិតថ្លៃ ចំណតរថយន្តឥតគិតថ្លៃ និងគម្រោង Rent-to-own ដើម្បីទាក់ទាញអ្នកទិញ។
-->
Rent to own ជាជម្រើសសម្រាប់អ្នកដែលចង់ក្លាយជា ម្ចាស់ផ្ទះ ប៉ុន្តែមិនទាន់មានលទ្ធភាពគ្រប់គ្រាន់នៅឡើយ។ ពួកគេអាចជួលសិន មុនសម្រេចចិត្តទិញ ដោយទទួលបានអត្ថប្រយោជន៍សំខាន់ៗ ដូចជា ការសន្សំប្រាក់កក់ ព្រោះថ្លៃឈ្នួលប្រចាំខែ នឹងត្រូវកាត់ទុកមួយចំណែកសម្រាប់ជាប្រាក់កក់ទិញផ្ទះនៅពេលក្រោយ។
បន្ទាប់ពីជួលក្នុងរយៈពេលកំណត់ណាមួយ អ្នកជួលមានជម្រើសក្នុងការទិញផ្ទះនោះ ក្នុងតម្លៃដែលបានព្រមព្រៀងគ្នាពីមុន ទោះជាតម្លៃទីផ្សារកើនឡើងយ៉ាងណាក្តី។

ជាមួយគ្នានេះ អតិថិជនអាចសាកល្បងបរិយាកាសនៃការរស់នៅ និងស្វែងយល់ពីបរិយាកាសនៅសហគមន៍នោះបានយូរ មុននឹងសម្រេចចិត្តទិញផ្ទះ។
ទោះបីជាចំនួនផ្ទះដែលមិនទាន់លក់ដាច់(unsold home) បានកើនឡើងដល់៧៩.០០០យូនីតនៅចុងឆ្នាំ២០២៥យ៉ាងណាក្តី ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នានោះ ការលក់ផ្ទះប្រចាំឆ្នាំបានកើនឡើងដល់១៧.២៥២យូនីត។
ការថយចុះនៃការដាក់ឱ្យដំណើរការគម្រោងលំនៅឋានថ្មី ក៏បានជួយកាត់បន្ថយការផ្គត់ផ្គង់លើសតម្រូវការផងដែរ។ ស្តុកលំនៅឋាន Pre-sale បានធ្លាក់ចុះមកត្រឹម៥០.០០០យូនីតនៅចុងឆ្នាំមុន បើធៀបនឹងចំនួន៥៥.០០០យូនីតកាលពីដើមឆ្នាំមុន។
ទីផ្សារលំនៅឋាននៅទីក្រុងម៉ានីលកំពុងមានភាពប្រសើរឡើង។ ប៉ុន្តែ បណ្តាអ្នកអភិវឌ្ឍន៍ត្រូវបន្តផ្តល់ជូននូវកិច្ចព្រមព្រៀងដ៏ទាក់ទាញ ហើយអ្នកទិញលំនៅឋានក្នុងគោលបំណងរស់នៅពិតប្រាកដ(End-user) កំពុងជំរុញឱ្យទីផ្សារងើបឡើងវិញ៕ប្រភព: Bilyonaryo៕
