ដោយ: សហសេវិក
អន្តរជាតិ: ក្រុមអ្នកវិភាគលើកឡើងថា ទីផ្សារអចលនទ្រព្យពាណិជ្ជកម្មនៅក្នុងតំបន់អាសុីប៉ាសុីហ្វិកនឹងទាក់ទាញការវិនិយោគឆ្លងដែនកាន់តែច្រើននៅឆ្នាំ២០២៦នេះ ខណៈចំនួនកិច្ចព្រមព្រៀងធំៗស្ទុះងើបឡើងវិញ។
តំបន់អាស៊ីប៉ាស៊ីហ្វិកបានក្លាយជាគោលដៅសំខាន់សម្រាប់វិនិយោគិនសកល។ យោងតាមទិន្នន័យពីក្រុមហ៊ុន Colliers បង្ហាញថា ចំនួនដើមទុន ដែលបានកៀរគរសម្រាប់វិនិយោគទៅលើទីផ្សារអចលនទ្រព្យនៅតំបន់នេះបានហក់ឡើង១៣០ភាគរយ ចាប់តាំងពីឆ្នាំ២០២៤។
តួលេខខាងលើគ្របដណ្តប់ចំណែកចំនួន១១ភាគរយនៃការកៀរគរទុនវិនិយោគអចលនទ្រព្យសកលក្នុងរយៈពេល៣ត្រីមាសដំបូងនៃឆ្នាំមុន កើនឡើងពី៦ភាគរយនៅចុងឆ្នាំ២០២៤ ដែលបង្ហាញថា ទុនវិនិយោគកាន់តែច្រើននឹងហូរចូលទៅក្នុងតំបន់អាសុីប៉ាសុីហ្វិក។
-->
យោងតាមក្រុមហ៊ុន MSCI បានឱ្យដឹងថា ការវិនិយោគអចលនទ្រព្យពាណិជ្ជកម្មសរុបនៅតំបន់អាស៊ីប៉ាស៊ីហ្វិកបានកើនឡើងដល់ទំហំទឹកប្រាក់ចំនួន១៨២,៩ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៥ ដែលស្រដៀងនឹងកម្រិតឆ្នាំ២០២៤។ ក្រុមអ្នកវិភាគអះអាងថា ការរក្សាស្ថិរភាពបានធ្វើឲ្យទំនុកចិត្តរបស់វិនិយោគិនមានភាពប្រសើរឡើង។

ការវិនិយោគអចលនទ្រព្យពាណិជ្ជកម្មនៅប្រទេសជប៉ុន និងអូស្ត្រាលីត្រូវបានគេរំពឹងថានឹងនៅតែមានភាពរឹងមាំ ខណៈការវិនិយោគនៅទីក្រុងហុងកុងអាចនឹងងើបឡើងវិញលឿនជាងតំបន់ចិនដីគោក ស្របពេលក្រុមអ្នកវិនិយោគមានសុទិដ្ឋិនិយមឡើងវិញចំពោះផ្សារហ៊ុនក្រុងហុងកុង។
យោងតាមទិន្នន័យពីក្រុមហ៊ុន JLL បង្ហាញថា ការវិនិយោគអចលនទ្រព្យពាណិជ្ជកម្មរបស់ទីក្រុងហុងកុងបានហក់ឡើង៦២ភាគរយធៀបនឹងឆ្នាំមុន ដល់២,៤ពាន់លានដុល្លារអាមេរិក នៅក្នុងត្រីមាសទី៤ ឆ្នាំមុន។
សម្រាប់ឆ្នាំ២០២៥ ជារួម ការវិនិយោគអចលនទ្រព្យពាណិជ្ជកម្មសរុបរបស់ទីក្រុងហុងកុងសម្រេចបានទំហំទឹកប្រាក់ចំនួន៦ពាន់លានដុល្លារអាមេរិក ហក់ឡើង៣២ភាគរយ ដែលឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់វិនិយោគិន៕ប្រភព: SCMP៕
