ការវិនិយោគអចលនទ្រព្យពាណិជ្ជកម្មនៅប្រទេសជប៉ុន និង​អូស្ត្រាលី​រំពឹងបន្តមានភាព​រឹងមាំនៅឆ្នាំនេះ ខណៈទីផ្សារហុងកុងកំពុងងើបឡើងវិញ

0

ដោយ: សហសេវិក
អន្តរជាតិ: ក្រុមអ្នកវិភាគលើកឡើងថា ទីផ្សារអចលនទ្រព្យពាណិជ្ជកម្មនៅក្នុងតំបន់អាសុីប៉ាសុីហ្វិកនឹងទាក់ទាញការវិនិយោគឆ្លងដែនកាន់តែច្រើននៅឆ្នាំ២០២៦នេះ ខណៈចំនួនកិច្ចព្រមព្រៀងធំៗស្ទុះងើបឡើងវិញ។

តំបន់អាស៊ីប៉ាស៊ីហ្វិកបានក្លាយជាគោលដៅសំខាន់សម្រាប់វិនិយោគិនសកល។ យោងតាមទិន្នន័យពីក្រុមហ៊ុន Colliers បង្ហាញថា ចំនួនដើមទុន ដែលបានកៀរគរសម្រាប់វិនិយោគទៅលើទីផ្សារអចលនទ្រព្យនៅតំបន់នេះបានហក់ឡើង១៣០ភាគរយ ចាប់តាំងពីឆ្នាំ២០២៤។

តួលេខខាងលើគ្របដណ្តប់ចំណែកចំនួន១១ភាគរយនៃការកៀរគរទុនវិនិយោគអចលនទ្រព្យសកលក្នុងរយៈពេល៣ត្រីមាសដំបូងនៃឆ្នាំមុន កើនឡើងពី៦ភាគរយនៅចុងឆ្នាំ២០២៤ ដែលបង្ហាញថា ទុនវិនិយោគកាន់តែច្រើននឹងហូរចូលទៅក្នុងតំបន់អាសុីប៉ាសុីហ្វិក។

យោងតាមក្រុមហ៊ុន MSCI បានឱ្យដឹងថា ការវិនិយោគ​អចលនទ្រព្យ​ពាណិជ្ជកម្ម​សរុប​នៅតំបន់​អាស៊ី​ប៉ាស៊ីហ្វិក​បាន​កើនឡើងដល់ទំហំទឹកប្រាក់ចំនួន១៨២,៩ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ២០២៥ ដែល​ស្រដៀង​នឹង​កម្រិត​ឆ្នាំ២០២៤។ ក្រុមអ្នកវិភាគ​អះអាងថា ការរក្សា​ស្ថិរភាព​បាន​ធ្វើ​ឲ្យ​ទំនុកចិត្ត​របស់​វិនិយោគិនមានភាព​ប្រសើរឡើង។

ការវិនិយោគអចលនទ្រព្យពាណិជ្ជកម្មនៅប្រទេសជប៉ុន និង​អូស្ត្រាលី​ត្រូវបានគេ​រំពឹងថា​នឹង​នៅតែមានភាព​រឹងមាំ ខណៈ​ការវិនិយោគនៅទីក្រុង​ហុងកុង​អាច​នឹង​ងើបឡើងវិញលឿនជាងតំបន់ចិនដីគោក ស្របពេលក្រុមអ្នកវិនិយោគមាន​សុទិដ្ឋិនិយម​ឡើងវិញចំពោះផ្សារហ៊ុន​ក្រុងហុងកុង។

យោងតាមទិន្នន័យពីក្រុមហ៊ុន JLL បង្ហាញថា ការវិនិយោគអចលនទ្រព្យពាណិជ្ជកម្មរបស់ទីក្រុងហុងកុងបានហក់ឡើង៦២ភាគរយធៀបនឹងឆ្នាំមុន ដល់២,៤ពាន់លានដុល្លារអាមេរិក នៅក្នុងត្រីមាសទី៤ ឆ្នាំមុន។

សម្រាប់ឆ្នាំ២០២៥ ជារួម ការវិនិយោគអចលនទ្រព្យពាណិជ្ជកម្មសរុបរបស់ទីក្រុងហុងកុងសម្រេចបានទំហំទឹកប្រាក់ចំនួន៦ពាន់លានដុល្លារអាមេរិក ហក់ឡើង៣២ភាគរយ ដែលឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់វិនិយោគិន៕ប្រភព: SCMP៕

LEAVE A REPLY

Please enter your comment!
Please enter your name here