ដោយ: សហសេវិក
អន្តរជាតិ: ប្រទេសចិនត្រូវបានគេរំពឹងថា នឹងបញ្ចប់ការសាងសង់ព្រែកជីក Pinglu មុនដំណាច់ឆ្នាំ២០២៦នេះ ដោយចំណាយពេលត្រឹមតែ៤ឆ្នាំប៉ុណ្ណោះដើម្បីបញ្ចប់គម្រោងយក្សតម្លៃ៧២,៧ពាន់លានយ័ន (ប្រមាណ១០,៤ពាន់លានដុល្លារ) ដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្មជាមួយបណ្តាប្រទេសអាស៊ាន។
ផ្លូវទឹកប្រវែង១៣៤គីឡូម៉ែត្រ ដែលភ្ជាប់ទីក្រុងណាននីង នៃតំបន់ Guangxi ជាមួយឈូងសមុទ្រតុងកឹង ឬឈូងសមុទ្រប៉ីប៊ូ តាមរយៈទន្លេឈីន ជាព្រែកជីកធំដំបូងគេដែលប្រទេសចិនបានសាងសង់ បន្ទាប់ពីខកខានអស់រយៈពេលជាច្រើនសតវត្សមកហើយ។
ការសាងសង់គម្រោងខាងលើនេះបានឈានចូលដល់ដំណាក់កាលចុងក្រោយហើយ ហើយព្រែកជីកនេះគ្រោងបើកឱ្យធ្វើនាវាចរណ៍នៅចុងឆ្នាំ២០២៦។ នេះបើយោងតាមការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន China National Radio។
-->

ព្រែក Pinglu ជាផ្លូវទឹកដែលមានទំហំធំល្មមអាចផ្ទុកនាវាទម្ងន់៥.០០០តោន ព្រមទាំងមានច្រកទ្វារទឹកចំនួន៣ ដែលច្រកនីមួយៗអាចទទួលកប៉ាល់ចំនួន២គ្រឿង និងមានស្ពានចំនួន២៧ ដែលទើបសាងសង់ ឬជួសជុលថ្មី ដែលក្នុងនោះស្ពានចំនួន១៣ ត្រូវបានដាក់ឱ្យដំណើរការរួចហើយ។
យោងតាមអ្នកគ្រប់គ្រងជាន់ខ្ពស់ម្នាក់លើគម្រោងនេះ បានទម្លាយឲ្យដឹងថា ដោយសារការងារកំពុងដំណើរការទៅដោយរលូន ការបើកដំណើរការព្រែកជីកសម្រាប់ចរាចរណ៍ដឹកជញ្ជូនតាមសមុទ្រអាចនឹងចាប់ផ្តើមចាប់ពីខែឧសភា ឆ្នាំនេះ។
ព្រែកជីកនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់បណ្តាញផ្លូវទឹកក្នុងស្រុករបស់ប្រទេសចិនជាមួយសមុទ្រ ដែលអាចឱ្យមានការដឹកជញ្ជូនដោយផ្ទាល់ពីខេត្តក្វាងស៊ី ក៏ដូចជាខេត្តគួយចូវ និងយូណាន ទៅកាន់កំពង់ផែឆ្នេរសមុទ្រ និងបន្តឆ្ពោះទៅកាន់ទីផ្សារសកល។
គម្រោងនេះត្រូវបានគេរំពឹងថានឹងធ្វើឱ្យចំណងមិត្តភាពរបស់ប្រទេសចិនជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) កាន់តែស៊ីជម្រៅថែមទៀត ដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ប្រទេសចិន និងជាតំបន់មួយដែលបានក្លាយជាប្រធានបទនៃការប្រកួតប្រជែងជាយុទ្ធសាស្ត្រកាន់តែខ្លាំងឡើងរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន៕ប្រភព: SCMP៕
