ប្រទេសចិនគ្រោងបើកដំណើរការព្រែកជីក Pinglu តម្លៃជាង១០ពាន់លានដុល្លារ មុនដំណាច់ឆ្នាំ២០២៦នេះ

0

ដោយ: សហសេវិក
អន្តរជាតិ: ប្រទេសចិនត្រូវបានគេរំពឹងថា នឹងបញ្ចប់ការសាងសង់ព្រែកជីក Pinglu មុនដំណាច់ឆ្នាំ២០២៦នេះ ដោយចំណាយពេលត្រឹមតែ៤ឆ្នាំប៉ុណ្ណោះដើម្បីបញ្ចប់គម្រោងយក្សតម្លៃ៧២,៧ពាន់លានយ័ន (ប្រមាណ១០,៤ពាន់លានដុល្លារ) ដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្មជាមួយបណ្តាប្រទេសអាស៊ាន។

ផ្លូវទឹក​ប្រវែង១៣៤គីឡូម៉ែត្រ ដែល​ភ្ជាប់​ទីក្រុង​ណាននីង នៃតំបន់ Guangxi ជាមួយ​ឈូងសមុទ្រ​តុងកឹង ឬឈូងសមុទ្រ​ប៉ីប៊ូ តាមរយៈ​ទន្លេ​ឈីន ជា​ព្រែក​ជីកធំ​ដំបូង​គេ​ដែល​ប្រទេស​ចិន​បាន​សាងសង់​ បន្ទាប់ពីខកខានអស់​រយៈពេល​ជាច្រើន​សតវត្ស​មក​ហើយ។

ការសាងសង់​គម្រោង​ខាងលើនេះ​បានឈានចូល​ដល់​ដំណាក់កាល​ចុងក្រោយ​ហើយ ហើយ​ព្រែកជីកនេះគ្រោងបើក​ឱ្យ​ធ្វើ​នាវាចរណ៍​នៅ​ចុង​ឆ្នាំ២០២៦។ នេះ​បើ​យោងតាម​ការ​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋចិន China National Radio។

ព្រែក Pinglu ជាផ្លូវទឹកដែលមានទំហំធំល្មមអាចផ្ទុកនាវាទម្ងន់៥.០០០តោន ព្រមទាំងមានច្រកទ្វារទឹកចំនួន៣ ដែលច្រកនីមួយៗអាចទទួលកប៉ាល់ចំនួន២គ្រឿង និងមានស្ពានចំនួន២៧ ដែលទើបសាងសង់ ឬជួសជុលថ្មី ដែលក្នុងនោះស្ពានចំនួន១៣ ត្រូវបានដាក់ឱ្យដំណើរការរួចហើយ។

យោងតាមអ្នកគ្រប់គ្រងជាន់ខ្ពស់ម្នាក់លើគម្រោងនេះ បានទម្លាយឲ្យដឹងថា ដោយសារការងារកំពុងដំណើរការទៅដោយរលូន ការបើកដំណើរការព្រែកជីកសម្រាប់ចរាចរណ៍ដឹកជញ្ជូនតាមសមុទ្រអាចនឹងចាប់ផ្តើមចាប់ពីខែឧសភា ឆ្នាំនេះ។

ព្រែកជីកនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់បណ្តាញផ្លូវទឹកក្នុងស្រុករបស់ប្រទេសចិនជាមួយសមុទ្រ ដែលអាចឱ្យមានការដឹកជញ្ជូនដោយផ្ទាល់ពីខេត្តក្វាងស៊ី ក៏ដូចជាខេត្តគួយចូវ និងយូណាន ទៅកាន់កំពង់ផែឆ្នេរសមុទ្រ និងបន្តឆ្ពោះទៅកាន់ទីផ្សារសកល។

គម្រោងនេះត្រូវបានគេរំពឹងថានឹងធ្វើឱ្យចំណងមិត្តភាពរបស់ប្រទេសចិនជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) កាន់តែស៊ីជម្រៅថែមទៀត ដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ប្រទេសចិន និងជាតំបន់មួយដែលបានក្លាយជាប្រធានបទនៃការប្រកួតប្រជែងជាយុទ្ធសាស្ត្រកាន់តែខ្លាំងឡើងរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន៕ប្រភព: SCMP៕

LEAVE A REPLY

Please enter your comment!
Please enter your name here