កម្ពុជានឹងរៀបចំកិច្ចប្រជុំកំពូលពាណិជ្ជកម្មធំមួយនៅដើម ខែមិនាខាងមុខ

0

ដោយៈ ម៉ាណា

    ភ្នំពេញៈ សភាពាណិជ្ជកម្មកម្ពុជា(CCC) និងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា នឹង​រៀបចំ “កិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៦” នៅខែមីនាខាង​មុខ។

កិច្ចប្រជុំកំពូលនេះ ធ្វើឡើងក្នុង​គោល​បំណង​ ដើម្បី​ធ្វើ​ការ​ផ្សព្វ​ផ្សាយ និង​បង្កើត​បរិយា​កាស​​កាន់​តែ​ល្អ​ប្រសើរ សម្រាប់​​វិនិយោគិនជាតិ និង​អន្តរជាតិ​​។

យោងតាមសេចក្តី​ប្រកាស​ព័ត៌មាន​របស់CCC ​ បានលើកឡើង​ថា សភា​​ពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា សហការជាមួយសភាពាណិជ្ជកម្មអន្តរជាតិ សមាគមពាណិជ្ជកម្មនៅកម្ពុជា និងអាស៊ាន នឹង​រៀបចំ “កិច្ច​ប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៦” ដែលប្រព្រឹត្តទៅពី​ថ្ងៃទី៣-៤ ខែមីនា ឆ្នាំ២០២៦ ក្រោមមូលបទ “ការផ្លាស់ប្តូរអាស៊ាន៖ នវានុវត្តន៍ ការធ្វើសមាហរណកម្ម និងការវិវត្តនៃឧស្សាហកម្ម”។

CCC បាន​បញ្ជាក់​ថា “​ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងស្របពេលដែលអាស៊ាន កំពុងពង្រឹងជំហររបស់ខ្លួន ជាមជ្ឈមណ្ឌលកំណើនសកល”។​

ពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចនេះ នឹង​មាន​ការ​ចូល​រួម​ពី​​​សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រម​ជាមួយ​នឹង​ឥស្សរជនជាន់ខ្ពស់ ឯកអគ្គរដ្ឋទូត តំណាងស្ថាប័នពាក់ព័ន្ធ ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ក្រុមហ៊ុនអន្តរជាតិធំៗនៅកម្ពុជា និងអាស៊ាន និង​​អ្នកជំនាញពីគ្រប់វិស័យ​។

កិច្ចពិភាក្សានៃកិច្ចប្រជុំកំពូលធុរកិច្ច នឹងផ្តោតលើសក្តានុពលអាស៊ាន និង “យុទ្ធសាស្ត្រកម្ពុជា” ដោយមាន​ប្រធានបទសំខាន់ៗមកជជែកពិភាក្សា​​ដូចជាៈ ១. ឧស្សាហកម្មបៃតង និងការធ្វើពិពិធកម្ម៖ “ការបង្កើនសក្តានុពលសម្រាប់របត់ថ្មី៖ ថាមពលស្អាត ការគ្រប់គ្រងដីធ្លី និងការផលិតដែលមានតម្លៃខ្ពស់”។ ២. នវានុវត្តន៍ និងប្រព័ន្ធអេកូឡូស៊ីរួមបញ្ចូលគ្នា “ការធ្វើសុខដុមនីយកម្មគយ ពន្ធដារ ឡូជីស្ទីក និងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុ ដើម្បីកំណើនអាជីវកម្ម”។ ៣.សមាហរណកម្មតំបន់ “កំណើនហួសពីព្រំដែន៖ ការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងទេសចរណ៍” និង៤. ការវិវត្តនៃកម្លាំងពលកម្ម “ជំនាញសម្រាប់ថ្ងៃស្អែក៖ ការវិវត្តនៃវិស័យបណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ក្នុងពិភពលោកទំនើប”។

អគ្គនាយករងសភាពាណិជ្ជកម្មកម្ពុជា លោក ម៉េង និមល បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈថា នេះ​​ជា​លើ​ក​​ទី​៣ ឆ្នាំ​ជាប់ៗ​គ្នា​ដែល​កម្ពុជា​រៀបចំ​ “កិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន” ដោយ​លើក​ទី១ ក្នុង​ឆ្នាំ​២០២៤។ ប៉ុន្តែកន្លង​មក​​កិច្ច​ប្រជុំ​នេះ​កម្ពុជា​ក៏​ធ្លាប់​បាន​រៀបចំ​ដែរ គឺ​​ក្នុង​ឆ្នាំ​២០១២ និង​ឆ្នាំ​២០២២ ពេល​កម្ពុជា​ធ្វើ​ជា​ប្រធាន​ប្តូរ​វេន​​សមាគមអាស៊ាន។

លោក​បាន​ថ្លែង​ថា “​កម្ម​វិធី​នេះ​នឹង​ផ្តល់ផល​វិជ្ជមាន​ច្រើន ​សម្រា​ប់​កម្ពុជា តាម​រយៈ​ការ​ផ្តល់​វេទិកាឱ្យមាន​ជំនួប​​ពិភាក្សា ​​រវាង​ធុរជន​ក្នុ្ង​ងស្រុក និង​អន្តរជាតិ”​។ លោកបន្ថែមថា “​យើង​បាន​​អញ្ជើញ​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​អស់​​ចូល​រួម។ ក្រៅ​ពី​នេះយើងក៏​​អញ្ជើញ​​បណ្តាប្រទេស​ ដែល​សភាពាណិជ្ជកម្ម​កម្ពុជា ​មាន​​ការិយល័យ​តំណាង ព្រម​ទាំង​សហគមន៍​អ៊ឺរ៉ុប​​ផងដែរ​”។​

CCC បានឲ្យដឹងថា បច្ចុប្បន្នបណ្តាញរបស់សភាពាណិជ្ជកម្មកម្ពុជា មានការិយាល័យតំណាងចំនួន៨ នៅទូទាំងពិភពលោក រួមមាននៅប្រទេ​សកាណាដា ជប៉ុន អូស្ត្រាលី សហរដ្ឋអាមេរិក និងនូវែលសេឡង់៕

LEAVE A REPLY

Please enter your comment!
Please enter your name here