ដោយ: សហសេវិក
អន្តរជាតិ: បណ្តាក្រុមហ៊ុនរដ្ឋចិនកំពុងទិញគម្រោងលំនៅឋាន ដែលត្រូវបានរឹបអូស ខណៈរដ្ឋាភិបាលបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយការផ្គត់ផ្គង់លើសតម្រូវការនៅក្នុងវិស័យអចលនទ្រព្យ។
ក្រុមអ្នកវិភាគលើកឡើងថា ការចូលរួមរបស់រដ្ឋាភិបាលអាចជួយបន្ថយការធ្លាក់ចុះបន្ថែមទៀតនៃតម្លៃផ្ទះ និងកាត់បន្ថយផលប៉ះពាល់ពីការដាំក្បាលចុះនៃទីផ្សារអចលនទ្រព្យមកលើសេដ្ឋកិច្ចរបស់ប្រទេសចិន។
ទោះជាយ៉ាងណា ក្រុមអ្នកវិភាគក៏បានព្រមានផងដែរថា ការលក់គម្រោងលំនៅឋានក្រោមការបញ្ចុះតម្លៃយ៉ាងច្រើន ជំនួសឱ្យការលុបចោលគម្រោងទាំងនោះ អាចពន្យារពេលការងើបឡើងវិញពេញលេញរបស់ទីផ្សារលំនៅឋាន។
ការដាក់ចេញវិធានការគាំទ្រសន្សឹមៗរបស់រដ្ឋាភិបាលចិនកំពុងត្រូវបានគេយកមកធ្វើការប្រៀបធៀបទៅនឹងវិធីសាស្រ្ត ដែលរដ្ឋាភិបាលជប៉ុនបានដាក់ចេញដើម្បីដោះស្រាយវិបត្តិអចលនទ្រព្យក្នុងប្រទេសរបស់ខ្លួននៅក្នុងទសវត្សរ៍ឆ្នាំ១៩៩០។
នៅពេលនោះ ជប៉ុនបានព្យាយាមបន្ធូរបន្ថយការដាំក្បាលចុះនៃទីផ្សារអចលនទ្រព្យ ដោយឱ្យធនាគារទិញដី និងរៀបចំរចនាសម្ព័ន្ធប្រាក់កម្ចីឡើងវិញ ជំនួសឱ្យការលុបចោលបំណុលអាក្រក់(bad debt)។ ជប៉ុនបានចំណាយពេលជិត២០ឆ្នាំ ដើម្បីធ្វើឱ្យតម្លៃអចលនទ្រព្យធ្លាក់ចុះដល់បាត។
ដោយឡែក កាលពីចុងទសវត្សរ៍ឆ្នាំ២០០០ សហរដ្ឋអាមេរិកបានចំណាយប្រាក់ចំនួន៥ភាគរយនៃផលទុនជាតិសរុប (GDP) ដើម្បីស្រូបយកបំណុលអាក្រក់ពីស្ថាប័នហិរញ្ញវត្ថុ តាមរយៈកម្មវិធី Toxic Asset Relief របស់ខ្លួន៕ប្រភព: Business Times៕






