បណ្តាអង្គទូត និងភ្នាក់ងារបរទេសចុះពិនិត្យមើលតំបន់ដែលថៃឈ្លានពានយកទឹកដីកម្ពុជា

0

ដោយៈ សហសេវិក

    បន្ទាយមានជ័យៈ បណ្តាអង្គទូត និងទីភ្នាក់ងារបរទេស ប្រចាំនៅ កម្ពុជា បានអញ្ជើញចុះពិនិត្យមើលការរំលោភបំពាន របស់កងកម្លាំងថៃ តាមរយៈការរាយបន្លាលួស និងដាក់ទូកុងតឺន័រ នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ស្ថិតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ដំណើរទស្សនកិច្ចនេះ ក្រោមការដឹកនាំរបស់ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងអមដំណើរដោយថ្នាក់ដឹកនាំរដ្ឋបាល ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦។

ការអញ្ជើញទៅដល់ទីតាំងជាក់ស្តែងរបស់ បណ្តាអង្គទូត និងទីភ្នាក់ងារបរទេស ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅពេលនេះ ក៏ដើម្បីបង្ហាញឱ្យឃើញកាន់តែច្បាស់ ពីសកម្មភាពរំលោភបំពាន និងខុសច្បាប់អន្តរជាតិរបស់កងកម្លាំងថៃ លើដែនអធិបតេយ្យភាពកម្ពុជា។

បើទោះជាមានបទឈប់បាញ់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ផ្ទុយទៅវិញកងកម្លាំងឈ្លានពានថៃ បាននិងកំពុងបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង (fait accompli) ដែលកម្ពុជាមិនអាចទទួលយកបានជាដាច់ខាត តាមរយៈការរាយបន្លាលួស ដាក់ទូកុងតឺន័រ និងបំផ្លាញផ្ទះប្រជាពលរដ្ឋ ហើយរាជរដ្ឋាភិបាលកម្ពុជា បានតវ៉ាជាផ្លូវការ តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាបន្តបន្ទាប់ដោយប្រឆាំងដាច់ខាត នឹងសកម្មភាពទាំងនេះ ហើយកម្ពុជា “មិនទទួលស្គាល់ដាច់ខាត ការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដី ដោយខុសច្បាប់អន្តរជាតិ តាមរយៈការប្រើប្រាស់កម្លាំងឡើយ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here