ទីផ្សារអចលនទ្រព្យពិភពលោកប្រឈមភាពមិនប្រាកដប្រជា ខណៈតម្លៃផ្ទះរំពឹងកើនឡើងតិចតួចក្នុងឆ្នាំនេះ

0

ដោយ: សហសេវិក
អន្តរជាតិ: ទោះជាសកម្មភាពសេដ្ឋកិច្ចមានស្ថិរភាពយ៉ាងណាក្តី កម្រិតអត្រាការប្រាក់ខ្ពស់ និងភាពមិនប្រាកដប្រជាខាងភូមិសាស្ត្រនយោបាយនៅតែបន្តជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យពិភពលោក។នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Savills។

នៅទូទាំងទីក្រុងធំៗចំនួន៣០ តម្លៃលំនៅឋានលំដាប់ខ្ពស់ជាមធ្យមត្រូវបានព្យាករណ៍ថានឹងកើនឡើងតិចតួចក្នុងរង្វង់១,៣ភាគរយក្នុងឆ្នាំ២០២៦នេះ។

លំនៅឋាននឹងនៅតែជាកត្តាសំខាន់ក្នុងការកំណត់គោលនយោបាយនៅតំបន់អាមេរិកខាងជើង និងអឺរ៉ុប ខណៈដែលរដ្ឋាភិបាលរបស់ប្រទេសនានាប្រឈមមុខនឹងសម្ពាធក្នុងការកែលម្អលទ្ធភាពទិញ បង្កើនការផ្គត់ផ្គង់ និងរក្សាតុល្យភាពទំនុកចិត្តរបស់វិនិយោគិនជាមួយនឹងស្ថិរភាពសង្គម។

តម្លៃលំនៅឋានលំដាប់ខ្ពស់នៅសហរដ្ឋអាមេរិកត្រូវបានគេរំពឹងថា នឹងសម្រេចបានកំណើនមធ្យមចន្លោះពី០ភាគរយទៅ១,៩ភាគរយ។ ការកែលម្អលទ្ធភាពទិញ និងការបន្ធូរបន្ថយអត្រាការប្រាក់លើកម្ចីទិញផ្ទះអាចជំរុញតម្រូវការឱ្យស្ទុះងើបឡើងវិញ។

ទីក្រុងម៉ៃអាមី (Miami) មានភាពលេចធ្លោ ជាមួយនឹងការព្យាករណ៍កំណើនចន្លោះពី២ភាគរយទៅ៣,៩ភាគរយ ដែលគាំទ្រដោយលំហូរចូលនៃបណ្តាក្រុមហ៊ុនអាជីវកម្មនានា និងអ្នកទិញដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ។

ជាមួយគ្នានេះ កង្វះខាតដីធ្លីធ្ងន់ធ្ងរ និងកំណើននៃតម្រូវការកំពុងជំរុញកំណើនតម្លៃលំនៅឋាននៅទីក្រុងសេអ៊ូលរបស់កូរ៉េខាងត្បូងជាបន្តបន្ទាប់ ដោយត្រូវបានព្យាករណ៍ថា នឹងកើនឡើងចន្លោះពី៦ភាគរយទៅ៧,៩ភាគរយក្នុងឆ្នាំ២០២៦ ទោះបីជាមានបទប្បញ្ញត្តិតឹងរ៉ឹងយ៉ាងណាក្តី។

ការផ្គត់ផ្គង់នៅមានកំណត់ និងលំហូរទុនវិនិយោគអន្តរជាតិនឹងជំរុញឱ្យតម្លៃលំនៅឋានលំដាប់ខ្ពស់នៅទីក្រុងតូក្យូរបស់ប្រទេសជប៉ុន សម្រេចបានកំណើនចន្លោះពី៤ភាគរយទៅ៥,៩ភាគរយ៕ប្រភព: Savills៕

LEAVE A REPLY

Please enter your comment!
Please enter your name here