ដោយ: សហសេវិក
អន្តរជាតិ: បណ្តាអ្នកអភិវឌ្ឍបានព្រមានថា គម្រោងអចលនទ្រព្យមួយចំនួននៅប្រទេសម៉ាឡេស៊ីអាចនឹងត្រូវបានពន្យារពេល ដោយសារការកើនឡើងនៃថ្លៃដើមសំណង់ បណ្តាលមកពីភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ា។
ការអូសបន្លាយនៃជម្លោះនឹងជំរុញឱ្យតម្លៃថាមពល តម្លៃសម្ភារៈសំណង់ និងការចំណាយលើការដឹកជញ្ជូនបន្តកើនឡើង ដែលនឹងជះផលប៉ះពាល់ដល់ពេលវេលានៃការអភិវឌ្ឍគម្រោងអចលនទ្រព្យ និងប្រាក់ចំណេញរបស់អ្នកអភិវឌ្ឍ។
លោក Ho Hon Sang ប្រធានសមាគមអ្នកអភិវឌ្ឍអចលនទ្រព្យ និងលំនៅឋាន (Rehda) បានអះអាងថា ទោះបីជាម៉ាឡេស៊ីស្ថិតនៅឆ្ងាយពីតំបន់មជ្ឈិមបូព៌ាយ៉ាងណាក្តី ផលប៉ះពាល់នៅតែអាចកើតមាន តាមរយៈការកើនឡើងនៃតម្លៃថាមពល និងការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់។

ការកត់សម្គាល់នេះបានកើតឡើង ស្របពេលតម្លៃប្រេងឆៅបានហក់ឡើងលើស១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈសង្គ្រាមសហរដ្ឋអាមេរិក-អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់បានឈានចូលដល់សប្តាហ៍ទី៣។
អ៊ីរ៉ង់បានគំរាមបិទច្រកសមុទ្រហ័រមូស (Hormuz) ដោយរំខានដល់ការដឹកជញ្ជូនអ្វីៗគ្រប់យ៉ាង រាប់ចាប់តាំងពីប្រេងរហូតដល់ជី ដែលមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចពិភពលោក។
បណ្តាអ្នកអភិវឌ្ឍបានបង្ហាញការព្រួយបារម្ភជាពិសេសចំពោះតម្លៃសម្ភារៈសំណង់ ប្រេងឥន្ធនៈ និងថ្លៃដឹកជញ្ជូន ដែលអាចបន្តកើនឡើង ប្រសិនបើខ្សែសង្វាក់ផ្គត់ផ្គង់សកលបន្តទទួលរងផលប៉ះពាល់ពីសង្គ្រាមនៅមជ្ឈិមបូព៌ា៕ប្រភព: The Edge Malaysia៕







