ដោយៈ ចំណាន
សៀមរាបៈ អ្នកជំនាញ និងអ្នកវិភាគទីផ្សារបាននិយាយថា អចលនទ្រព្យនៅសៀមរាប ទំនងជានឹងកើនឡើង ប៉ុន្តែយឺតៗ និងស្ថិតនៅក្នុងលក្ខខ័ណ្ឌពិសេសមួយ។
១. តើអ្នកជំនាញនិយាយអ្វីខ្លះ
ក្រុមហ៊ុនCBRE Cambodia បាននិយាយថា អចលនទ្រព្យនៅទីក្រុងនេះ សកម្មភាពសម្រាប់រយៈពេលខ្លីនៅតែយឺត ប៉ុន្តែបើគិតរយៈពេលវែងមានឱកាស ដោយសារទេសចរណ៍ មិនទាន់ងើបឡើងវិញពេញលេញនៅឡើយទេ។
“ទស្សនវិស័យរយៈពេលខ្លីនៅតែស្ងប់ស្ងាត់ ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធ និងមូលដ្ឋានគ្រឹះគាំទ្រដល់កំណើនរយៈពេលវែង”។
ក្រុមហ៊ុនKnight Frank អ្នកវិភាគទីផ្សារបានបង្ហាញរបាយការណ៍របស់ខ្លួនផងដែរថា ទីផ្សារអចលនទ្រព្យកម្ពុជា កំពុងចូលទៅក្នុង “ដំណាក់កាលស្ថិរភាព” ក្នុងឆ្នាំ២០២៦ ជាមួយកំណើនមានកម្រិតមធ្យម មិនផ្ទុះខ្លាំង។
ការស្រាវជ្រាវទីផ្សារក្នុងស្រុកពីក្រុមហ៊ុនERA, APS, IPS, BambooRoutes បានព្យាករណ៍សម្រាប់តម្លៃនៅសៀមរាប នឹងអាចមានកំណើនត្រឹមចន្លោះពី២% ដល់៥% ក្នុងឆ្នាំ ២០២៦នេះ។

កំណើនដ៏យឺតនេះ ដោយសារការងើបយឺតនៃទីផ្សារទេសចរណ៍ ការផ្គត់ផ្គង់ខុនដូមានកំណត់ និងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ។
អ្នកជំនាញអចលនទ្រព្យកម្ពុជាបានលើកឡើងថា ទីផ្សារកំពុង “ងើបឡើងវិញជាបណ្តើរៗ” ជាមួយនឹងតម្រូវការស្ថិរភាព។
ជាមួយគ្នានេះ ការដាក់ដំណើរការអាកាសយានដ្ឋានថ្មី កាលពីឆ្នាំ២០២៣ បានផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាង ដែលហេដ្ឋារចនាសម្ព័ន្ធនេះ បានធ្វើអោយប្រសើរឡើងនូវការចូលប្រើប្រាស់ ជាមួយការមកដល់នៃជើងហោះហើរកាន់តែច្រើន ភ្ញៀវទេសចរកាន់តែច្រើន ការវិនិយោគកាន់តែច្រើន៕







