លោកហ៊ុន ម៉ានីលើកឡើងនូវកត្តាចំនួន៣នៃភាពរឹងមាំជាមូលដ្ឋានក្នុងទំនាក់ទំនងកម្ពុជា វៀតណាម

0

ដោយៈ ចំណាន

    វៀតណាមៈ ឧបនាយករដ្ឋមន្រ្តី លោកហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានលើកឡើងនូវមូលដ្ឋានចំនួន៣ នៃភាពរឹងមាំក្នុងទំនាក់ទំនងកម្ពុជា វៀតណាម។

លោកបានសរសេរលើបណ្តាញទំនាក់ទំនងសង្គមកាលពីរាត្រីថ្ងៃទី២៣ មិនា ក្នុងឱកាសអមដំណើរគណៈប្រតិភូ រណសិរ្សសាមគ្គីអភិ​វឌ្ឍន៍មាតុភូមិកម្ពុជា ដឹកនាំដោយសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សារណសិរ្ស បានជួបសម្តែងការគួរសមជាមួយ លោកតូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីសវៀតណា នៅទីស្នាក់ការមជ្ឈិមបក្ស។

ការឆ្លៀតពេលវេលាដ៏មមាញឹករបស់ លោកអគ្គលេខាធិការ ដើម្បីទទួលស្វាគមន៍ គណៈប្រតិភូជាន់ខ្ពស់នៃរណសិរ្សកម្ពុជា នាខណៈនេះ បានឆ្លុះបញ្ចាំងច្បាស់ នូវការយកចិត្តទុកដាក់ខ្ពស់ និងផ្តល់សារៈសំខាន់ពិសេស ចំពោះភាពជាអ្នកជិតខាងល្អមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែងរវាងប្រទេសយើងទាំងពីរ។

លោកហ៊ុន ម៉ានីបានបន្តថា ទោះក្នុងបរិការណ៍តំបន់ និងអន្តរជាតិ ដែលកំពុងវិវត្តយ៉ាងស្មុគស្មាញ និងមិនប្រាកដប្រជា ភាពជាអ្នកជិតខាងល្អ និងចំណងមិត្តភាពកម្ពុជា-វៀតណាម មិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ និងនៅតែបន្តរឹងមាំ ផ្អែកលើសច្ចភាពនៃការជួយគាំទ្រគ្នាវិញទៅមក ដើម្បីការអភិវឌ្ឍ សន្តិភាព ស្ថិរភាព និងវិបុលភាពរួម ដែលបានបង្ហាញច្បាស់តាមរយៈទិដ្ឋភាពចម្បងចំនួន៣ដូចជា

ទី១-កត្តាប្រវត្តិសាស្ត្រ

ប្រទេសយើងទាំងពីរ តែងជួយគ្នាទៅវិញទៅមកគ្រប់គ្រាលំបាក។ កម្ពុជា បានជួយជ្រោមជ្រែងវៀតណាម ក្នុងបុព្វហេតុនៃការបង្រួបបង្រួមទឹកដី និងឯករាជ្យភាពនៅទសវត្សរ៍ឆ្នាំ១៩៦០ និង១៩៧០ ហើ​យក៏មិនអាចបំភ្លេចបាន នូវការគាំទ្រទាន់ពេលវេលា និងមិនអាចខ្វះបានពីភាគីវៀតណាម ទាំងផ្នែកនយោបាយ និងសម្ភារៈ ជាពិសេសកងទ័ពស្ម័គ្រចិត្ត និងប្រជាជនវៀតណាម ក្នុងការជួយរំដោះប្រជាជនកម្ពុជាចេញពីរបបខ្មែរក្រហម នៅទសវត្សរ៍ឆ្នាំ១៩៧០ និង១៩៨០។

ទី២-កត្តាសេដ្ឋកិច្ច

ជាប្រទេសភូមិផងរបងជាមួយគ្នា កម្ពុជា និងវៀតណាម តែងគាំទ្រ សាទរសមិទ្ធផលសម្រេចបានក្នុងមាគ៌ា នៃការកសាងអភិវឌ្ឍជាតិទៅវិញទៅមក ហើយបន្តបំពេញបន្ថែមឱ្យគ្នា ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគី និងរួមចំណែកដល់សមាហរណកម្មសេដ្ឋកិច្ចតំបន់ រួមទាំងប្តេជ្ញាពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីដល់ ២០ពាន់លានដុល្លារអាមេរិក នាអនាគត។

ក៏សូមកត់សម្គាល់នូវភាពជោគជ័យរបស់វៀតណាម ក្នុងការកែទម្រង់ និងអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ហើយកំពុងក្លាយជាកម្លាំងសេដ្ឋកិច្ចសំខាន់មួយក្នុងតំបន់។

ទី៣-កត្តាសង្គមវប្បធម៌

ការផ្លាស់ប្តូរវប្បធម៌ ប្រពៃណី និងទំនាក់ទំនងប្រជាជន-ប្រជាជន គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ នៃទំនាក់ទំនងដ៏ជិតស្និទ្ធ មិត្តភាពយូរអង្វែងរវាងយុវជនជំនាន់ក្រោយ ព្រមទាំងការពង្រឹងទំនុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមក ដែលបន្តជំរុញកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដើម្បីបន្តនាំមក និងថែរក្សានូវផលជាផ្លែផ្កាជាក់ស្តែង សម្រាប់ប្រទេស និងប្រជាជនយើងទាំងពីរ។

លោកបានបង្ហាញជំហររបស់ខ្លួនថា “យើងខ្ញុំជាកម្មាភិបាលជំនា​ន់ក្រោយ បានមើលឃើញពីមនោសញ្ចេតនា និងភាពកក់ក្តៅ ចេញពីការលះបង់របស់ថ្នាក់ដឹកនាំជំនាន់មុន និងបន្តពូនជ្រុំចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណីនេះឱ្យកាន់តែរឹងមាំ និងកិច្ចសហប្រតិបត្តិការកាន់តែរីកចម្រើនលើគ្រប់វិស័យ សម្រាប់ប្រយោជន៍រួមរបស់ប្រជាជននៃប្រទេសទាំងពីរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here