ដោយៈ ចំណាន
ភ្នំពេញៈ ជាមួយនឹងកាផ្លាស់ប្តូរជីវិតឡើងចុះ តាំងពីយុវវ័យ រហូតដល់បច្ចុប្បន្ន លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានអភិវឌ្ឍន៍ខ្លួនពីភ្នាក់ងារអចលនទ្រព្យធម្មតា រហូតដល់ក្លាយជាអ្នកអភិវឌ្ឍន៍លេចធ្លោមួយរូបនាពេលបច្ចុប្បន្ន។
ជាមួយនឹងបទពិសោធន៍ជាង២០ឆ្នាំ ក្នុងវិស័យអចលនទ្រព្យ លោកឧកញ៉ា បច្ចុប្បន្នជាស្ថាបនិកបុរីវិមានសំណាង និងបុរីKS Resident បានក្លាយជាអ្នកជោគជ័យមួយរូប ក្នុងវិស័យអចលនទ្រព្យបានលើកឡើងថា លោកបានស្គាល់ខ្លួនឯងតាំងពី៣០ឆ្នាំមុន ដោយលោកលើកឡើងថា នៅពេលលោកចេញពីស្រុក លោកមានបំណងមួយគឺ នាំភាពជោគជ័យទៅស្រុកវិញ គឺជោគជ័យធំ ហើយលោកបានគិតថា នៅស្រុកខ្មែរនិយាយពី “ប្រេងសាំង” ពីមុនមកគេស្គាល់អ្នកឧកញ៉ាសុខ គង់ និយាយពី “កសិកម្ម”គេស្គាល់អ្នកឧកញ៉ាម៉ុង រិទ្ធី និយាយពីអចលនទ្រព្យគេស្គាល់ គីម ហ៊ាងជាអ្នកណា?។
នៅពេលលើកឡើងតើយុវជន គួររៀបចំផ្លូវដើរដូចម្តេច? លោកឧកញ៉ាបានពន្យល់ថា “សូមកុំសួរមនុស្សដែលគេមិនដឹងថា យើងចង់ទៅណា? អញ្ចឹងតាំងពីក្មេងមកខ្ញុំមិនដើរជាមួយមនុស្ស ដែលក្មេងជាងខ្ញុំទេ គឺខ្ញុំរាប់អានមនុស្សវ័យបងជាង២០ឆ្នាំ ជាជនបរទេសដែលមកពីប្រទេសជឿនលឿន”។
ហេតុនេះ តាំងពីក្មេងមក គឺរាប់អានមនុស្សច្រើន និងតែងតែសួរជនបរទេស ដែលមានអាយុច្រើនជាង មានចំណេះដឹងជាង ហើយពួកគាត់អាចចែករំលែកបាន។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបន្តថា “ខ្ញុំមិនសួរអ្នកមិនស្គាល់ផ្លូវទេ ខ្ញុំសួរអ្នកស្គាល់ផ្លូវ គឺអ្នកមានបទពិសោធន៍ និងធ្វើដំណើរឲ្យបានច្រើន និងរៀនឲ្យបានច្រើន”។លោកបន្ថែមថា“ការគិតខុសមិនអីទេ តែកុំឲ្យធ្វើខុស គិតលែងខុស តែមិនត្រូវធ្វើខុសសូម្បីតែម្តង”។

លោកឧកញ៉ាបណ្ឌិតបានបន្តទៀតថា រយៈពេល៣០ឆ្នាំនេះ ផែនការរបស់លោកមិនដែលប្រែប្រួលទេ គឺរៀបផែនការសម្រាប់៣០ឆ្នាំសម្រាប់២០២៦ ២០៥៦ គឺសាងសង់ផ្ទះ និងខុនដូឲ្យបាន១០ម៉ឺនផ្ទះឬយូនីត និងមាន៤៥ទីតាំង មានពេទ្យ សាលារៀន កន្លែងហាត់កីឡា។
លោកឧកញ៉ាបានបន្តថា “អ្វីសំខាន់គឺយើងស្គាល់ពីភូមិសាស្រ្ត និងប្រជាសាស្រ្ត(ចំនួនប្រជាជន) ដោយផែនការនេះនឹងមិនបោះបង់ ធ្វើដល់តែបានសម្រេច ដោយមិនព្រមបោះបង់នូវអ្វីដែលអ្វីដែលខ្ញុំចង់ធ្វើ”។ លោកបន្តថា “បើពិបាកពេកទ្រាំមិនបាន ត្រូវគិតថា លើលោកនេះ គ្មានអ្វីធំជាងជីវិតយើងទេ”៕








