ដោយ: សហសេវិក
អន្តរជាតិ: ទីផ្សារអចលនទ្រព្យរបស់ប្រទេសហ្វីលីពីនត្រូវបានគេរំពឹងថា នឹងជួបផលវិបាក បណ្តាលមកពីសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ដែលបានជំរុញឱ្យទំនុកចិត្តរបស់អ្នកទិញផ្ទះធ្លាក់ចុះ។
ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Leechiu Property Consultants បានលើកឡើងថា វិបត្តិតម្លៃប្រេងហក់ឡើងថ្លៃ ដោយសារជម្លោះនៅមជ្ឈិមបូព៌ាគំរាមកំហែងដល់ចំណូលគ្រួសាររបស់ប្រជាជនហ្វីលីពីន។
បណ្តាអ្នកអភិវឌ្ឍន៍ ដែលប្រឈមមុខនឹងអស្ថិរភាពទីផ្សារ និងអត្រាការប្រាក់ខ្ពស់ អាចនឹងព្យាយាមប៉ះប៉ូវដល់ការធ្លាក់ចុះនៃតម្លៃភាគហ៊ុន និងកែលម្អហិរញ្ញវត្ថុរបស់ពួកគេ ជំនួសឱ្យការខ្ចីប្រាក់បន្ថែមដើម្បីចាប់ផ្តើមគម្រោងថ្មីៗ។

ក្រុមហ៊ុន Leechiu បានបន្តថា «អ្នកអភិវឌ្ឍន៍កំពុងខិតខំកាត់បន្ថយបំណុល ដោយសារអត្រាការប្រាក់មានកម្រិតខ្ពស់។ ហើយឥឡូវនេះ ខណៈសង្គ្រាមកំពុងបន្តអូសបន្លាយ ពួកគេនឹងលុបចោលបំណុលកាន់តែច្រើន»។
ដោយឡែក លោក Joey Bondoc នាយកផ្នែកស្រាវជ្រាវនៅក្រុមហ៊ុន Colliers Philippines បានអះអាងថា ហានិភ័យចំពោះទីផ្សារលំនៅឋានអាចនៅតែបន្តកើតមាន ក្នុងអំឡុងពេលសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។
លោក Bondoc បានបន្ថែមថា ដោយសារភាពមិនប្រាកដប្រជានាពេលបច្ចុប្បន្ន គ្រួសារមួយចំនួនអាចផ្តោតតែលើការចំណាយចាំបាច់ប៉ុណ្ណោះ។ គ្រួសារដែលទទួលបានប្រាក់ផ្ញើ (remittances) ជាពិសេសពីមជ្ឈិមបូព៌ា អាចពន្យារពេលការទិញវត្ថុថ្លៃៗ ដូចជារថយន្ត ឬអចលនទ្រព្យ៕ប្រភព: Inquirer.Net៕







